អូស្ត្រាលី​អះអាង​ជា​ផ្លូវការ​នូវ​ការ​ផ្តល់ជំនួយ​វាក់​សាំង​ប្រឆាំង​កូ​វីដ​មក​កម្ពុជា

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​បានប្រកាសថា នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត សំណង​ក្នុង​ទំហំ​ទឹកប្រាក់ ចំនួន ៣៥,៧ លាន ដុល្លារ​ស្ត្រា​លី (​ស្មើនឹង​ប្រមាណ ២៨ លាន ដុល្លារ​អាមេរិក​) សម្រាប់​ចូលរួមចំណែក​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វី​-១៩ ដែល ទទួលស្គាល់​ដោយ​អង្គការ​សុខភាព ពិភពលោក នៅ​កម្ពុជា​។​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ស្ថានទូត​អូស្ត្រាលី​បានប្រកាស​រួមគ្នា​នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​មួយ​ថា ហិរញ្ញប្បទាន​ឥត​សំណង​របស់​អូស្ត្រាលី​នេះ​អាច​នឹង​រួមចំណែក ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ​-១៩ ជូន​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ១,៥ លាន នាក់​។ ការរួមចំណែក​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​កាន់តែ​ឆាប់រហ័ស នូវ​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ឲ្យ​ដល់​ប្រជាជន​សរុប​៨០% ភាគរយ ។

​លោក ផា​ម្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុងនាម ជា​អ្នក​ជិត ខាង និង​ជា​មិត្ត​ដ៏​យូរអង្វែង​របស់​កម្ពុជា អូស្ត្រាលី​មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​គាំទ្រ​កម្ពុជា​ក្នុង​គ្រា លំបាក​នេះ​។ អូស្ត្រាលី​ទទួលស្គាល់ ថា គ្មាន​នរណាម្នាក់​មាន សុវត្ថិភាព​ទេ ប្រសិនបើ​ត្រប់​គ្នា​មិនទាន់មាន សុវត្ថិភាព ហើយ​ការគាំទ្រ​របស់​អូស្ត្រាលី នឹង​ការជួយ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន​កម្ពុជា​បាន​ចៀស ផុត​នូវ​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វីដ​-១៩​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ហិរញ្ញប្បទាន ឥត​សំណង​របស់​អូស្ត្រាលី ដែល​ឆ្លើយតប​នឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាជន និង​សេដ្ឋកិច្ចកម្ពុជា​។

​លោក​បាន​បន្តទៀតថា យើង ខ្ញុំ សូម​សារ​ទរ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ចំពោះ ស្មារតី​សាមគ្គីភាព និង​ការប្តេជ្ញាចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ​រួមគ្នា ដែលនាំឱ្យ​យើង​អាច​ស្តារ​សេដ្ឋកិច្ច និង​វិបុលភាព​របស់​យើងទាំងអស់គ្នា​ឡើងវិញ ។

​ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ គឺជា ជំនួយ​ដែល​បន្ថែម លើ​ជំនួយ​អភិវឌ្ឍន៍​ចំនួន ៦៦ លាន​ដុល្លារ​អូស្ត្រាលី (​ស្មើនឹង ប្រមាណ ៥០ លាន​ដុល្លារ​អាមេរិក​) ដែល​រដ្ឋាភិបាល អូស្ត្រាលី នឹង​ផ្តល់ជូន​កម្ពុជា​ក្នុង ឆ្នាំ ២០២១ ស្ថិតក្រោម ផែនការអភិវឌ្ឍន៍​ស​ម្រា​ប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​អូស្ត្រាលី​បានប្រកាស ដាក់ឱ្យអនុវត្ត​ការ​ជា​ផ្លូវការ កាលពី​ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular