ដោយ: សរិទ្ធ / សៀមរាប: លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួន តាមបណ្តឹងរបស់ប្រពន្ធដើម នៅខេត្តសៀមរាប ពាក់ព័ន្ធបទល្មើស «ផិតក្បត់»។
យោងតាមប្រភពព័ត៌មានដែល ទើបទទួលបាន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអោយដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ , កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះដល់បន្ទប់ ខុនដូ មួយកន្លែងង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ខណៈពេលនោះ កម្លាំងជំនាញបានឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង លោក ហៀក ចាន់លាង អាយុ៤២ឆ្នាំ ជាអភិបាលរងខណ្ឌ៧មករា កំពុងនៅក្នុងបន្ទប់ជាមួយគ្នា ។
ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប , កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរសនិងស្ត្រីទាំង២នាក់ នេះ មកការិយាល័យជំនាញ ដើម្បីសាកសួរ ពាក់ព័ន្ធអំពើផិតក្បត់ ។ ក្រោយមក ដោយមានការឯកភាពលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួន លោក ហៀក ចាន់លាង ដើម្បីកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ។ ចំណែកឈ្មោះ ហេង បូឡែន ត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះ វិញ ។
សមត្ថកិច្ច អះអាងថា ការឈានដល់ការបង្ក្រាបនេះ ដោយសារតែមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ មានទីលំនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាប្រពន្ធស្របច្បាប់របស់លោក ហៀក ចាន់លាង ៕