ដោយៈយោធិន/ភ្នំពេញៈកាលពីរសៀលថ្ងៃទី៣១ ខែមករាម្សិលមិញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមច្រកពិសេស កងអនុសេនាធំវិស្វកម្មពហុជំនាញកម្ពុជាលេខ៩២៨ចំនួន១៨៤នាក់(នារីចំនួន៣០នាក់)បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតំបន់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ដើម្បីប្ដូរវេនកម្លាំងចាស់ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យរយៈពេលមួយឆ្នាំនៅទីនោះ។ចាប់តាំងពីឆ្នាំ២០០៦រហូតមកដល់ឆ្នាំ២០២០កម្ពុជាបានបញ្ជូនកងយោធាមួកខៀវចំនួន៧.១២៣នាក់ (នារីចំនួន៤១៩នាក់)ទៅចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម អង្គការសហប្រជាជាតិ(អ.ស.ប.)។
កងយោធាមួកខៀវកម្ពុជាចំនួន១៨៤នាក់ចេញដំណើរទៅលីបង់(រូបថត យោធិន)
មុនការចេញដំណើរនាយឧត្តមសេនីយ៍ សែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាព បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ ក្នុងឱកាសចេញដំណើររបស់កងកម្លាំងវិស្វកម្មពហុជំនាញកម្ពុជាទៅកាន់សាធារណរដ្ឋលីបង់។
នាយឧត្តមសេនីយ៍សែមសុវណ្ណនីអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់សង្គ្រាមបានរំឮកដល់កងយោធាមួកខៀវកម្ពុជាគ្រប់ៗរូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ការណែនាំរបស់ក្រសួងសុខាភិបាលសំដៅបញ្ចៀសឲ្យបានដាច់ខាតមេរោគកូវីដ-១៩ ក្នុងអំឡុងពេលស្នាក់នៅតំបន់បេសកកម្មរបស់អ.ស.ប.។
កងយោធាមួកខៀវកម្ពុជាចំនួន១៨៤នាក់ចេញដំណើរទៅលីបង់(រូបថត យោធិន)
សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២០ កម្ពុជាបានបញ្ជូនកងយោធាមួកខៀវចំនួន៧.១២៣នាក់ (នារីចំនួន៤១៩នាក់)ទៅចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម អ.ស.ប.។
សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះកម្ពុជាទទួលបានការលើកកម្ពស់ពីអ.ស.ប.ដោយបានបញ្ជូនកម្លាំងនារីជាង១៦ភាគរយចូលរួមបេសកកម្មរក្សាសន្តិភាពខណៈដែលអ.ស.ប.តម្រូវឲ្យបណ្តាប្រទេសបរិច្ចាគកម្លាំងឲ្យបញ្ជូនកម្លាំងនារីប្រមាណ១៥ភាគរយសម្រាប់ចូលរួមបេសកកម្ម អ.ស.ប.។ នេះបើតាមការបញ្ជាក់របស់កញ្ញាឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មុនពេលការចេញដំណើររបស់កងយោធាមួកខៀវកម្ពុជា ៕សរន
កងយោធាមួកខៀវកម្ពុជាចំនួន១៨៤នាក់ចេញដំណើរទៅលីបង់(រូបថត យោធិន)
កងយោធាមួកខៀវកម្ពុជាចំនួន១៨៤នាក់ចេញដំណើរទៅលីបង់(រូបថត យោធិន)