ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១អង្គការអន្តរជាតិធំៗចំនួនបួនបានប្រកាសរួមគ្នាអំពីផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កដោយជំងឺកូវីដ១៩មកលើតំបន់ដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោកកំពុងគំរាមកំហែងដល់លទ្ធភាពទទួលបានអាហារូបត្ថម្ភសម្រាប់ទ្រទ្រង់សុខភាពរបស់មនុស្សជិតពីរប៊ីលាននាក់នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។នេះបើតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយយូនីសេហ្វ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការសុខភាពពិភពលោក (WHO) ។ របាយការណ៍នេះបានរកឃើញថា មនុស្ស ១,៩ ប៊ីលាននាក់ពុំមានលទ្ធភាពទទួលបានរបបអាហារសម្រាប់ទ្រទ្រង់សុខភាពដូចមុនពេលផ្ទុះជំងឺកូវីដ១៩ឡើយហើយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅៗដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩មកលើសេដ្ឋកិច្ចឲនិងជីវភាពរស់នៅរបស់មនុស្សម្នាក់ៗ។
រូបថតៈៈយូនីសេហ្វ
ក្នុងសារអេឡិចត្រូនិកដែលផ្ដល់ឲ្យបណ្តាញសារព័ត៌មាននៅថ្ងៃនេះបានបញ្ជាក់ថាទិន្នន័យបំពេញបន្ថែមបានពី“ការវាយតម្លៃរហ័ស របស់អង្គការសហប្រជាជាតិលើផលប៉ះពាល់សង្គមសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ១៩ នៅកម្ពុជា”បានរកឃើញថាទោះ ជាលទ្ធភាពទទួលបានអាហារមិនរងផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ប្រជាជនត្រូវបង្ខំចិត្តប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់មួយចំនួន ដូចជាខ្ចីស្បៀងគេកាត់បន្ថយបរិមាណអាហារសម្រាប់ហូបចុកនិងពឹងផ្អែកកាន់តែខ្លាំងជាងមុនលើជម្រើសអាហារដែលមានតម្លៃថោក។ ការសិក្សាបានរកឃើញជាលើកដំបូងនៅថ្ងៃនេះថានៅ ក្នុងប្រទេសកម្ពុជា មានគ្រួសារជាងពាក់កណ្តាលនៅពេលណាមួយ ត្រូវកាត់បន្ថយបរិមាណ និងគុណភាពអាហាររបស់ពួកគេ។
តម្លៃស្បៀងមានការកើនឡើងក្នុងឆ្នាំ២០២០ ជាពិសេសតម្លៃសាច់ ស៊ុត និងផលិតផលសាច់ត្រី នៅទីក្រុងភ្នំពេញ និងតម្លៃបន្លែស្រស់ នៅផ្សារតាមបណ្តាខេត្តនានា។ទោះជាក្រោយមកតម្លៃទំនិញទាំងនេះមានស្ថិតនៅនឹងវិញក៏ដោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានកាត់ បន្ថយបរិមាណអាហារ និងភាពចម្រុះនៃអាហាររបស់ពួកគេ ជាពិសេសប្រភេទអាហារសំខាន់ៗដូចជា អាហារសម្បូរដោយប្រូតេអ៊ីនឬវីតាមីនអា និងជាតិដែកជាដើម។ ផលប៉ះពាល់ទាំងនេះបង្កឱ្យមានការព្រួយបារម្ភជាងគេ ចំពោះសមាជិកគ្រួសារងាយរងគ្រោះ ជាពិសេសស្ត្រីមានផ្ទៃពោះ និងកុមារ។ បញ្ហាទាំងនេះមានការកើនឡើងនៅក្នុងរយៈពេលដែលត្រូវបានអង្កេត ៖ កាលពីខែសីហា ៣0ភាគរយ នៃរបបអាហាររបស់ស្ត្រី ពុំបានឈានទៅដល់កម្រិតចម្រុះអប្បបរមា ប៉ុន្តែភាគរយនេះកើនឡើងដល់ ៥0ភាគរយ នៅខែវិច្ឆិកា។
រូបថតៈៈយូនីសេហ្វ កម្ពុជា
គ្រួសារក៏ត្រូវប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់ ដែលរឹតតែបង្កផលប៉ះពាល់ ក្នុងរយៈពេលវែង ដូចជាកាត់បន្ថយការចំណាយលើសេវាចាំបាច់សំខាន់ៗ ដូចជាសេវាអប់រំនិងសុខភាព ការលក់ទ្រព្យសម្បត្តិដែលមានប្រយោជន៍សម្រាប់ផលិតភាព និងបញ្ជូនសមាជិកគ្រួសារទៅរកការងារធ្វើនៅខេត្តផ្សេងទៀតជាដើម។
ប្រភពដដែលបន្តថាជាកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការលំបាក និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦០ម៉ឺននាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ១៩។ ទោះជានេះក្តី រាជរដ្ឋាភិបាលចាំបាច់ត្រូវមានការវិនិយោគបន្ថែមទៀត ដើម្បីពង្រីកកម្មវិធីជំនួយសង្គម និងធានាឱ្យមានការកែលម្អប្រព័ន្ធស្បៀង សំដៅបង្កើនផលិតភាព សុវត្ថិភាពអាហារ និងការពារប្រជាពលរដ្ឋមិនឱ្យបាត់បង់ការងារ ហើយក្នុងពេលជាមួយគ្នា ជម្រុញតម្រូវការស្បៀង ដែលផលិត និងកែច្នៃក្នុងស្រុក។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ បញ្ហាខ្វះអាហារូបត្ថម្ភ គឺជាបញ្ហាប្រឈមជាយូរមកហើយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ក្នុងទស្សវត្សរ៍ចុងក្រោយនេះមានការសម្រេចបានវឌ្ឍនភាពជាច្រើនប៉ុន្តែជំងឺកូវីដ១៩កំពុងធ្វើឱ្យវឌ្ឍនភាពទាំងនោះបាត់បង់ទៅបន្តិចម្តងៗ។ការពង្រីកវិសាលភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់បានជួយកាត់បន្ថយការលំបាកប៉ុន្តែដើម្បីការពារវឌ្ឍនភាពដែលទទួលបានកន្លងមក និងដើម្បីឆ្លើយតបនឹងហានិភ័យបង្កដោយការកើនទ្បើងនៃបញ្ហាក្រិសក្រិន និងស្គមស្គាំងរបស់កុមារ ការវិនិយោគលើអំទ្បុងពេល ១០០០ថ្ងៃដំបូងនៃជីវិតទារក គឺមានសារសំខាន់ណាស់។ ការវិនិយោគបែបនេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការទទួលបានការអប់រំ និងផលិតភាពសម្រាប់ជីវិតកុមារម្នាក់ៗពេញមួយជីវិត។
នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វ្រិក មានមនុស្សប្រមាណជាង ៣៥0លាននាក់ មានបញ្ហាខ្វះអាហារូបត្ថម្ភ ក្នុងឆ្នាំ២០១៩ គឺស្មើនឹងពាក់កណ្តាលនៃចំនួនមនុស្សសរុបនៅក្នុងសកលលោកដែលជួបប្រទះបញ្ហានេះ។ ក្នុងតំបន់នេះ មានកុមារអាយុក្រោម ៥ឆ្នាំ ប្រមាណ ៧៤,៥លាននាក់ មានបញ្ហាក្រិសក្រិន (កម្ពស់ទាបពេក ធៀបនឹងអាយុរបស់ពួកគេ) និង ៣១,៥ លាននាក់ មានបញ្ហាស្គមស្គាំង (ស្គមពេក ធៀបនឹងកម្ពស់របស់ពួកគេ)។ កុមារភាគច្រើន ក្នុងចំណោមកុមារទាំងនេះរស់នៅតំបន់អាស៊ីភាគខាងត្បូង ដែលនៅទីនោះមានកុមារដែលក្រិសក្រិនជិត ៥៦លាននាក់ និងស្គមស្គាំងជាង ២៥លាននាក់។
រូបថតៈៈយូនីសេហ្វ
ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលមានអត្រាខ្វះអាហារូបត្ថម្ភខ្ពស់ជាងគេដែលក្នុងនោះកុមារអាយុ ក្រោម ៥ឆ្នាំ ៣២ភាគរយ ត្រូវបានរកឃើញថាមានបញ្ហាក្រិសក្រិន និង ១0ភាគរយមានបញ្ហាស្គមស្គាំង។ស្ថាប័នសហប្រជាជាតិទាំងបួន ប្តេជ្ញាសហការជាមួយគ្រប់ដៃគូទាំងអស់ ដើម្បីឈានទៅសម្រេចគោលដៅ ដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សំដៅឱ្យកុមារគ្រប់រូប បានទទួលអាហារូបត្ថម្ភកាន់តែប្រសើរ និងអាចចាប់ផ្តើមជីវិតរបស់ពួកគេបានកាន់តែល្អ៕