ដោយៈ សរិទ្ធ / ព្រះសីហនុៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១ រសៀល មានបុរសជាជនជាតិចិនម្នាក់ ដែលចាក់សម្លាប់ជនជាតិចិនដូចគ្នា បានមកសារភាព នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ។
ចំពោះមុខសមត្ថកិច្ច បុរសជនជាតិចិននេះ បានបញ្ជាក់ថាៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៨ និង៣០នាទី យប់នៅអគារស្នាក់នៅ មួយកន្លែង ជាន់ផ្ទាល់ដី បន្ទប់លេខ A108 ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខ្លួនបានយកកាំបិត ចាក់ជនរងគ្រោះ ជាជនជាតិចិនម្នាក់ ភេទប្រុស ជាអ្នកស្នាក់នៅ អគារបុគ្គលិក ដែលកំពុងដេក នៅលើគ្រែ ។
បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញផែន នគរបាលព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ ចុះទៅទីតាំងកើតហេតុ នៅអគារស្នាក់នៅ មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ជាលទ្ធផល សមត្ថកិច្ច បានឃើញសាកសពជនរងគ្រោះ ស្ថិតនៅក្នុងរថយន្ត មួយគ្រឿង ម៉ាក Toyota ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-9208 ។ ចំពោះទីតាំងកើតហេតុ ត្រូវបានប្រគល់ជូន ការិយាល័យនគរបាល បច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីត្រួតពិនិត្យ ធ្វើកោសល្យវិច័យ និងចាប់យកវត្ថុតាង។ ចំណែកជនសង្ស័យ កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ កំពុងអនុវត្តបន្ត តាមនីតិវិធី៕/V.mara