​នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ត្នោត​-​ភ្នំ​ពក មាន​សត្វ​ជើង​ជំ​ពាម ២៦ ប្រភេទ និង​សត្វ​ស្លាប​ជាង ១៦០ ប្រភេទ​

​ដោយៈ ដេប៉ូ / ភ្នំពេញៈ តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​ត្នោត​-​ភ្នំ​ពក ស្ថិតនៅ​ស្រុក​សង្គម​ថ្មី នៅក្នុង​ខេត្ត ព្រះវិហារ ដែល​ក្រសួងបរិស្ថាន បានផ្តល់​កិច្ចសហការ អភិរក្ស​ដល់​គម្រោង​ប៊ី​ទ្រី (Be Treed) របស់លោក បេន ដេ​វី​ស ជនជាតិ​អាមេរិក បច្ចុប្បន្ន មាន​សត្វ​ប្រភេទ ជើង​ជំ​ពាម ប្រមាណ ២៦ ប្រភេទ និង​សត្វ​ស្លាប​ជាង ១៦០ ប្រភេទ​។​

​លោក នេត្រ ភក្ត្រា ជា​មន្ត្រី​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដែល​បាន​ដឹកនាំ ក្រុម​អ្នកសារព័ត៌មាន ចុះ​ទស្សនកិច្ច​តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ​ត្នោត​-​ភ្នំ​ពក កាលពី​ថ្មីៗ​មកនេះ បានឱ្យដឹងថាៈ នៅទីនេះ មាន​ព្រៃឈើ​ថែរក្សា​បាន​យ៉ាង​ល្អ ហើយ​ក្រៅពីនេះ ក៏មាន​សត្វ​កម្រ​មួយចំនួន ក៏មាន​រស់នៅ តំបន់​នេះដែរ ដូចជា សត្វ​ទន្សោង សត្វ​ឈ្លូស ជ្រូកព្រៃ ក្ងោក មាន់ព្រៃ សត្វ​ស្វា សត្វ​ទោច និង​សត្វ​ជាច្រើន​ប្រភេទ​ទៀត កំពុង​រស់នៅ​ទីនោះ យ៉ាង​សុខសាន្ត ក្រោម​ការមើល​ខុសត្រូវ ដោយផ្ទាល់ ពី​សំណាក់​លោក បេន ដេ​វី​ស ជនជាតិ​អាមេរិក និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ សត្វ​ទាំងនេះ យើង​ចាំបាច់​ត្រូវការពារ និង អភិរក្ស ជា​ចាំបាច់ ពីព្រោះ​ជាស​ត្វ​កម្រ និង​មានតម្លៃ​បំផុត មិនអាច​កាត់ថ្លៃ​បានឡើយ​។ ក្រៅពីនេះ សត្វ​ទាំងអស់នេះ វា​ក៏មាន​តម្លៃ​យ៉ាង​លើសលប់ ដល់​វិស័យ​ទេសចរណ៍ធម្មជាតិ ហើយ​បច្ចុប្បន្ន ភ្ញៀវទេសចរ បាន​ទៅកាន់​ទីនោះ ជា​បណ្តើរៗ​ហើយ​។​

​លោក​រដ្ឋលេខាធិការ បានបញ្ជាក់​ថាៈ ” បើ​យើង​មកដល់​ទីនេះ មាន​សត្វ​នៅក្បែរៗ​យើង​ច្រើន ក្នុងនេះ សត្វ​ដែល​យើង​អាច​ទស្សនា ដោយផ្ទាល់​ភ្នែក​បាន មានដូចជា សត្វ​ទោច​ម្កុត សត្វ​ស្វា សត្វ​ក្ងោក និង​សត្វ​មួយចំនួនទៀត​។ ក្រៅពីនេះ គេ​ក៏​អាច​ជិះ​ខ្សែ​រ៉​ត លើ​ភ្នំ​ត្នោត ដែល​គយគន់​ទេសភាព​ដ៏​ល្អ​ឯក ពី​កំពូលភ្នំ យ៉ាង​សប្បាយរីករាយ ” ។​

​លោក​បាន​បន្ថែមថាៈ ក្នុង​កិច្ចការពារ​អភិរក្ស​នេះដែរ ក្រសួងបរិស្ថាន កំពុង​សហការ​ជាមួយ​ដៃគូ ក្នុងនេះ​ដូចជា គម្រោង USAID ព្រៃ​ឡង់​បៃតង អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​ដៃគូ ក្នុង​វិស័យ​ឯកជន​ដទៃទៀត​។​

​លោក បេន​ដេ​វី​ស ជា​ជនជាតិ​អាមេរិក និង​ភរិយា​គាត់ ជា​ជនជាតិ​អូស្ត្រាលី បាន​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ​សត្វព្រៃ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា រយៈពេល​ជាង ២០ ឆ្នាំ​ហើយ រហូត​បាន​បង្កើត ជា​តំបន់​អភិរក្ស​សត្វ និង​ព្រៃឈើ នៅ​ភ្នំ​ត្នោត​-​ភ្នំ​ពក នៅ​ខេត្តព្រះវិហារ​នេះ បានឱ្យដឹងថាៈ លោក​បាន​ស្ម័គ្រចិត្ត មក​ចូលរួម ការពារ​ព្រៃឈើ និង​សត្វព្រៃ នៅ​តំបន់​ដែនជម្រកសត្វព្រៃ ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ បន្ទាប់ពី​មើលឃើញ​តំបន់​នេះ សំបូរ​ទៅដោយ​សត្វ​ច្រើន ប្រភេទ​រូ​ចមក​។
​ជាមួយនឹង​ការលះបង់ មក​រស់នៅ​ក្នុងព្រៃ ជាមួយ​ប្រពន្ធ​កូន ដើម្បី​បុព្វហេតុ​ការពារ​សត្វព្រៃ និង​ព្រៃឈើ នៅ​កម្ពុជា បុរស​ជនជាតិ​អាមេរិក​រូបនេះ បានបញ្ជាក់​ប្រាប់​ដែរ​ថាៈ ” សត្វព្រៃ និង​ព្រៃឈើ មាន​សារៈសំខាន់​ណាស់ សម្រាប់​យើងទាំងអស់គ្នា សម្រាប់​ពលរដ្ឋ​កម្ពុជា ក៏ដូចជា វិស័យ​ទេសចរណ៍​។ ហេតុនេះ​ខ្ញុំ​ចាំបាច់​ត្រូវតែ​ចូលមក​ការពារ​តំបន់​នេះ ” ។​

​លោក​បានឱ្យដឹងថាៈ នៅ​តំបន់​នេះ បច្ចុប្បន្ន មាន​សត្វព្រៃ​ច្រើន​ប្រភេទ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​នេះ សំបូរ​ទៅដោយ​សត្វ​ច្រើន​ប្រភេទ និង​សត្វ​កម្រ​បំផុត ក្នុង​លោក ក្នុងនេះ​ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ឈ្លូស ជ្រូកព្រៃ សត្វ​ស្វា ក្ងោក មាន់ព្រៃ​និង​សត្វ​ជាច្រើន​ទៀត​កំពុងមាន​វត្តមាន​ច្រើន​នៅទីនេះ​។​

​លោក​បាន​និយាយ​បន្តថាៈ ” សត្វ​ទាំងអស់នេះ វា​កំពុង​រស់នៅ​ទីនេះ ហើយ​ខ្ញុំ​ចង់​ប្រែក្លាយ​ទីនេះ ឱ្យទៅជា​តំបន់​ទេសចរណ៍ បែប​ធម្មជាតិ ដើម្បីឱ្យ​ពួកគាត់ បាន​ស្គាល់​ពី​សត្វព្រៃ និង​ទស្សនា​ទិដ្ឋភាព ដ៏​ស្រស់ស្អាត​ទីនេះ ” ។​

​គួរ​បញ្ជាក់ថា បើតាម​លោក បេន ដេ​វី​ស ជា​ជនជាតិ​អាមេរិក បានឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន តំបន់​ការពារ​ព្រៃឈើ តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ នៅក្នុង​ដែន​ជម្រក សត្វព្រៃ​ភ្នំ ត្នោត​-​ភ្នំ​ពក ខេត្តព្រះវិហា កន្លែង​នេះ មាន​ទំហំ​ដី​ប្រមាណ​ជាង ៤២.០០០ ហិកតា​។ ក្នុងចំណោម​នេះ ចែកចេញជា ៤ តំបន់ គឺ​តំបន់​ទី​១ ជា​តំបន់​ស្នូល ដែលមាន​ចំនួន ១ ម៉ឺន​ហិកតា ក្រុម​លោក អាច​ការពារ​បាន​ប្រមាណ ៩៩ ភាគរយ តំបន់​ទី​២ ដែលមាន​ចំនួន ១ ម៉ឺន​ហិកតា​ទៀត ការពារ​បាន​ប្រមាណ ៧៥ ភាគរយ តំបន់​ទី​៣ ដែលមាន​ចំនួន ១ ម៉ឺន​ហិកតា ការពារ​បាន​ប្រមាណ ៥០ ភាគរយ និង តំបន់​ទី​៤ អាច​ការពារ​បាន​ចំនួន​តិចតួច នៅឡើយ​ទេ​៕/V.mara


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular