ដោយៈ បាយ័ន /សៀមរាបៈ កាលពីព្រឹកថ្ងៃទី៣០ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះ លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានដឹកនាំ ក្រុមការងារសង្កាត់ ដោយមានសហការ ផ្តល់សម្ភារពីអង្គការមូលនិធិ ទំពាំងស្នងឫស្សី និងមានការចូលរួមពី ក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកភូមិ ប្រជាការពារ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ១.៦២១ នាក់ ស្រី ៦៧៧ នាក់ ក្នុងដៅរក្សាបរិស្ថានល្អ បានរួមគ្នាប្រមូលសំរាម ចេញពីក្នុងស្ទឹង និងដីចំណីស្ទឹងសៀមរាប ចាប់ពីផ្លូវវាងក្រុង ចុះទៅក្រោម រហូតដល់ភូមិភ្នំក្រោម និងនៅជុំវិញជើងភ្នំក្រោម ដោយប្រមូល និងដឹកជញ្ជូនសំរាមចេញ បានចំនួន ២ ឡាន មានទម្ងន់ជាង ៧ តោនកន្លះ។
លោកចៅសង្កាត់ បានឱ្យដឹងថាៈ ការផ្តួចផ្តើមនៃការសំអាតបរិស្ថាននេះ ត្រូវបានចាប់ផ្តើម តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានផ្អាកការសំអាតបរិស្ថាន ចាប់ពីខែមីនា ឆ្នាំ២០២០ ដោយសារការផ្ទុះជំងឺកូវីដ១៩ ហើយជាសរុប សំរាមប្លាស្ទិក ដែលបានប្រមូលយកចេញ ពីបរិវេណដងស្ទឹងសៀមរាប ចាប់ពីភូមិកក្រាញ់ ភូមិស្ពានជ្រាវ ភូមិពោធិ៍បន្ទាយជ័យ ភូមិអរញ្ញ និងភូមិភ្នំក្រោម មានចំនួនជាង ២៥ តោនហើយ។
បន្ទាប់ពីបានប្រមូលសំរាម ដឹកចេញនោះ ក្រុមការងារសង្កាត់ និងសហការជាមួយដៃគូពាក់ព័ន្ធ ចូលរួមសកម្មភាពអប់រំពលរដ្ឋ នៅតាមខ្នងផ្ទះ តាមសាលារៀន ហើយក៏គ្រោងប្រើប្រាស់ វិធានការច្បាប់ ផាកពិន័យ លើជនទាំងឡាយណា ដែលនៅតែយកសំណល់សំរាម ទៅបោះចោល ក្នុងទីសាធារណៈ និងក្នុងបឹង ប្រឡាយ និងស្ទឹងសៀមរាប តាមការកំណត់នៃច្បាប់ ស្តីអំពីបរិស្ថាន៕/V.mara