ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថាសម្តេចគ្មានគម្រោងលុបចោលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិដូចឆ្នាំមុននោះទេ ព្រោះឆ្នាំនេះយើងគ្រប់គ្រងបានសភាពការណ៍,ពលករមកពីប្រទេសថៃត្រូវធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនិងសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមនដែល ធ្វើឡើងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១ ។
សម្ដេចតេជោហ៊ុនសែន បានគូសបញ្ជាក់ថា៖«ឆ្នាំនេះច្បាស់ណាស់សម្ដេចគ្មានគម្រោងនឹងលុបចោលពិធីចូលឆ្នាំខ្មែរដូចកាលពីឆ្នាំមុននោះទេ» ។សម្ដេចបានពន្យល់ថាកាល ពីឆ្នាំទៅមូលហេតុដែលផ្អាកការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ ពីព្រោះឆ្នាំមុននេះមានពលករមកពីប្រទេសថៃចំនួន១២ម៉ឺននាក់ដែលសម្រុកចូលមកកម្ពុជាភ្លាមៗដោយចំណុច ទាំងនេះបានធ្វើឱ្យមិនដឹងថាអ្នកណាមានជំងឺកូវីដ១៩ ឬអត់ បូករួមទាំងអ្នកចេញពីរាជធានីភ្នំពេញថែមទៀត។ សម្ដេចតេជោបានលើកឡើងថាកាលពីឆ្នាំមុនពិធីបុណ្យចូល ឆ្នាំនៅតែបុណ្យចូលឆ្នាំ ប៉ុន្តែផ្អាកការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំដោយត្រូវសងវិញចំនួន៥ថ្ងៃក្រោយ ។ ប៉ុន្ដែសម្រាប់ឆ្នាំនេះគឺគ្មានគម្រោងផ្អាកនោះទេដោយសារឆ្នាំ នេះយើងគ្រប់គ្រងបានសភាពការណ៍ បងប្អូនពលករមកពីប្រទេសថៃត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កត្រឹមត្រូវនៅខេត្តជាប់ព្រំដែន ៕