ដោយៈ បាយ័ន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានឱ្យដឹង នៅថ្ងៃទី១ ខែកុម្ភៈ នេះថាៈ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ទុកជាមុន កុំឲ្យប៉ះពាល់ដល់ អាយុជីវិតរបស់ភ្ញៀវ ទេសចរ និងយានយន្តគ្រប់ប្រភេទ ក្រុមជំនាញ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយ ផ្នែកពាក់ព័ន្ធ កំពុងអនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើទាំងនោះ ដោយកាត់ក្រីមែក ចំនួន ១២ មែក រួមមាន ដើមអង្កាញ់ ២ដើម ដើមឈើទាល ២ដើម ដើមត្រសេក ១ដើម ដើមពពេលខែ ១ដើម និងដើមទ្រៀក ១ដើម។ ចំណែកឯដើមឈើងាប់ ដែលដកហូតចំនួន ៦ដើម រួមមាន ដើមឈើទាល ២ដើម ដើមត្រសេក ២ដើម និងដើមអង្កាញ់២ដើម។
ប្រភពដដែល បានបញ្ជាក់ថាៈ ការចុះកាត់ក្រី និងដកហូតដើមឈើ ដែលមានហានិភ័យ ខ្ពស់ នៅខាងកើតប្រាសាទតាព្រហ្មនេះ គឺបានធ្វើឡើង ក្រោយពីក្រុមអង្កេតដើមឈើ ហានិភ័យ បានពិនិត្យឃើញមាន ដើមឈើ ចំនួន ១៣ ដើម មានហានិភ័យខ្ពស់ដែលក្នុង នោះ មាន៦ដើម ងាប់ទាំងស្រុង ស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតជាប់ផ្លូវចូល ប្រាសាទ ដុះជាប់ផ្លូវចូលបន្ទប់ទឹក និងក្បែរតូបលក់ដូរ ក្នុងចំណតខាងកើតប្រាសាទ តាព្រហ្ម៕/V-PC