ដោយៈ មេសា / ភ្នំពេញៈ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកដឹកនាំ អនុវត្តដោយផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទាំង ២ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានអះអាងថាៈ ” បើទោះបីជាមានភាពស្មុគស្មាញពីដំបូង ដោយសារតែកម្មវិធីនេះ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាក្តី ក៏កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២ បានប្រព្រឹត្តទៅ ដោយជោគជ័យ ហើយជោគជ័យនោះ ដោយសារប្រតិបត្តិករ គឺទាំងមន្ត្រីថ្នាក់ជាតិ និង មន្ត្រីថ្នាក់មូលដ្ឋាន យល់ដឹងច្បាស់លាស់ នូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជា និងគោល ការណ៍ផ្សេងៗ នៃកម្មវិធី ហើយក៏អនុវត្តតួនាទីរបស់ខ្លួន យ៉ាងសកម្មប្រកបដោយទំនួល ខុសត្រូវ ខណៈប្រជាជនអ្នកទទួលផល ក៏ទទួលបានព័ត៌មាន និងយល់ដឹងពីរបៀបអនុវត្ត បានទូលំទូលាយ ” ។
លោក ឈួរ សុបញ្ញា ថ្លែងប្រកបដោយមោទកភាពបែបនេះ នៅក្នុងពិធីបូកសរុបលទ្ធផល ការងារ រយៈពេល ១ ឆ្នាំ នៃ កម្មវិធីទាំង ២ ខាងលើនេះ នៅឯសណ្ឋាគារភ្នំពេញ នាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១ ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដែលជាសាមីក្រសួង នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទាំង ២ ខាងលើនេះ បានផ្តល់អនុសាសន៍ ដល់អ្នកពាក់ព័ន្ធទាំងឡាយ បន្តសហការគ្នា ឱ្យបានល្អតទៅទៀត ពិនិត្យតាមដាននូវ រាល់ដំណើរការ និងដោះស្រាយនូវរាល់បញ្ហា ឱ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។
គប្បីរំឭថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ បានចាប់ផ្តើមអនុវត្ត កាលពីខែ មិថុនា ឆ្នាំ ២០១៩ ពោលគឺគិតមក ដល់ពេលនេះ កម្មវិធីបានដំណើរការ អស់រយៈពេលមួយឆ្នាំកន្លះ ហើយ ដោយមានស្ត្រី និង កុមារទទួលផលប្រមាណជា ជាង ១៧ ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា អស់ប្រមាណជា ១៦ លាន ដុល្លារអាមេរិក ។
ចំណែកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ អំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ ១៩ ត្រូវបានចាប់ផ្តើមអនុវត្ត កាលពីខែ មិថុនា ឆ្នាំ ២០២០ ដែលបច្ចុប្បន្នកម្មវិធី កំពុងស្ថិតនៅក្នុងខែទី ៨ របស់ខ្លួន ដោយគិតជាមធ្យម ក្នុង ១ ខែ មានប្រជាជនអ្នកទទួល ផលប្រមាណជា ៧០ ម៉ឺនគ្រួសារ ហើយរហូតមកដល់ពេលនេះ កម្មវិធីចំណាយថវិកា របស់រាជរដ្ឋាភិបាល អស់ប្រមាណជា ជាង ២០០ លានដុល្លារអាមេរិក ៕/V-PC