ភ្នំពេញៈ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលី លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ចាស្ទីន ហេហ៊ើស (Justin Hayhurst) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
រូបថតៈកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលី លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ចាស្ទីន ហេហ៊ើស (Justin Hayhurst) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ដ្រាលី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ក៏ដូចជាកង្វល់រួមរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។
ភាគីអូស្ដ្រាលីបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏វាងវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះវិធានការ ទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជាប្រកបដោយជោគជ័យ។អូស្ដ្រាលីក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះកាយវិការមនុស្សធម៌ក្នុងការទទួលនាវាទេសចរណ៍Westerdamឱ្យចូលចតនៅកម្ពុជាក៏ដូចជាការជួយសម្រួលផ្នែកកុងស៊ុល ដល់ពលរដ្ឋអូស្ដ្រាលីដែលបានជាប់គាំងនៅកម្ពុជាដោយសារវិបត្តិកូវីដ១៩ឱ្យបានវិលត្រឡប់ទៅប្រទេសអូស្ដ្រាលីវិញ ដោយសុវត្ថិភាព។
ជាការឆ្លើយតប ភាគីកម្ពុជាបានសម្ដែងការកោតសរសើរចំពោះរដ្ឋាភិបាលអូស្ដ្រាលី ក្រោមការដឹកនាំរបស់ឯកឧត្តម ស្កុត ម៉ូរីសសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ដ្រាលី ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ និងមានប្រសិទ្ធភាព។ កម្ពុជាថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ២៨លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់ ការអនុវត្តការចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅក្នុងប្រទេសកម្ពុជា និងជំនួយហិរញ្ញវត្ថុ ផ្សេងទៀត ដើម្បីជួយដល់កម្ពុជាក្នុងការគ្រប់គ្រងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចសង្គម ដោយវិបត្តិកូវីដ-១៩។
រូបថតៈកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលី លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ចាស្ទីន ហេហ៊ើស (Justin Hayhurst) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងការពារជាតិភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងព្រំដែន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន ការលាងលុយកខ្វក់ការប្រយុទ្ធប្រឆាំង អំពើភេរវកម្មនិងសន្ដិសុខលម្ហសមុទ្រតាមរយៈកម្មវិធីបណ្ដុះបណ្ដាលសម្រាប់នាយទាហាននិងមន្ត្រីអនុវត្តច្បាប់។ភាគីអូស្ដ្រាលីស្វាគមន៍ ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ និងមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។
ចំពោះទំនាក់ទំនងសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី និងវិនិយោគឱ្យកើនឡើងថែមទៀត។ ទន្ទឹមនេះ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាគីអូស្ដ្រាលីបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់អូស្ដ្រាលីបន្ដជួយដល់កម្ពុជាជាពិសេសក្នុង វិស័យអាទិភាពដូចជា អប់រំ ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល និងបោសសម្អាតមីន។ កម្ពុជាអរគុណអូស្ដ្រាលីដែលបានផ្ដល់ជំនួយដ៏មានតម្លៃនិងគាំទ្រវិស័យនានាដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
រូបថតៈកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលី លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ចាស្ទីន ហេហ៊ើស (Justin Hayhurst) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ភាគីទាំងពីរបានឯកភាពគ្នាលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន តាមរយៈកម្មវិធីកូឡុំបូថ្មីនិងអ្នកស្ម័គ្រ ចិត្តអូស្ដ្រាលី។ភាគីកម្ពុជាបានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានបញ្ជាក់ថានឹងបង្កើនចំនួនអាហារូបករណ៍ដល់កម្ពុជា នៅឆ្នាំ២០២២។
កិច្ចប្រជុំបានធ្វើការផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានឯកភាពបន្ដសហការគ្នាយ៉ាងជិតស្និទ្ធក្នុងស្មារតីស្ថាបនា។
ភាគីទាំងពីរក៏បានបង្ហាញនូវបំណងប្រាថ្នារួមដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្ដរជាតិ រួមទាំង អាស៊ាន កិច្ចប្រជុំអាស៊ី-អឺរ៉ុប អង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដើម្បីចូលរួមចំណែករក្សាសន្ដិភាព សន្ដិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះទៀត ភាគីអូស្ដ្រាលីបានបញ្ជាក់ឡើងវិញអំពីការគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាការយកចិត្តទុកដាក់ និងជាកង្វល់រួម ដូចជា ការប្រកួតប្រជែងយុទ្ធសាស្ដ្ររវាងប្រទេសមហាអំណាច ទំនាក់ទំនងរវាងក្រុមសន្ទនាសន្តិសុខចតុភាគី (QUAD) បញ្ហាសមុទ្រចិនខាងត្បូង និងឧបទ្វីបកូរ៉េ។
រូបថតៈកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ដ្រាលី លើកទី២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ចាស្ទីន ហេហ៊ើស (Justin Hayhurst) អនុរដ្ឋលេខាធិការ (Deputy Secretary) ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
ចំពោះកម្មវិធីមេគង្គ-អូស្ដ្រាលី ភាគីកម្ពុជាស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលអូស្ដ្រាលីស្ដីពីកម្មវិធីមេគង្គ-អូស្ដ្រាលី ដែលឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ដ្រាលីដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់មេគង្គ។
ចំពោះភាពជាដៃគូកិច្ចសន្ទនាអាស៊ាន-អូស្ដ្រាលី ភាគីអូស្ត្រាលី បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានគាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-អូស្ដ្រាលីជារៀងរាល់ឆ្នាំ។ ភាគីកម្ពុជាបានថ្លែងអំណរគុណ ការគាំទ្រឥតងាករេរបស់អូស្ដ្រាលីចំពោះមជ្ឈភាពអាស៊ាន និងសមាហរណកម្មតំបន់អាស៊ាន ជាពិសេសការគាំទ្ររបស់អូស្ដ្រាលីក្នុងការជួយកម្ពុជាត្រៀមខ្លួនធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។
កម្ពុជា និងអូស្ដ្រាលី បានឯកភាពនឹងរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី៣ នៅប្រទេសអូស្ដ្រាលី នៅឆ្នាំ២០២២។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាទៅវិញទៅមកដែលឆ្លុះបញ្ចាំងពីស្មារតីរួម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ដ្រាលី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕srn