ជម្លោះ​ជុំវិញ​ពលករ​បំរើ​តាម​ផ្ទះ​ហ្វីលីពីន​នៅ​គុយ​វ៉ែត នាំ​ដល់​ការបណ្តេញនិងចាប់​មន្ត្រី​ទូត​

3382
ចែករម្លែក

ជម្លោះ​រវាង​គុយ​វ៉ែត​និង​ហ្វីលីពីន​អំពី​របាយការណ៍​ស្តី​ការរំលោភ​ពលករ​ហ្វីលីពីន បាន​ប្រែជា​អាក្រក់​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា ដោយ​ហ្វីលីពីន​បាន​សម្តែង​​ការមិនសប្បាយចិត្ត​ខ្លាំង​ចំពោះ​ការ​ដែល​គុយ​វ៉ែត​បណ្តេញ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​។​

​ជម្លោះ​នេះ​បាន​កើត​មាន​បី​ខែ​មក​ហើយ បង្កឡើង​ដោយ​របាយការណ៍​ថា ជន​ហ្វីលីពីន​ជាច្រើន​ត្រូវ​បង្ខំ​ធ្វើអត្តឃាត​ដោយសារ​តែ​ការរំលោភ​ពី​និយោជក​(​ថៅកែ​)​គុយ​វ៉េ​ត​។​​ប្រទេស​ទាំង​ពីរ​បាន​និង​កំពុង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ការពារ​ពលករ​កម្មក​រ​ចំណាកស្រុក បន្ទាប់​ពី​ហ្វីលីពីន​ហាម​មិនអោយ​ពលករ​ខ្លួន​បន្ត​ទៅ​ធ្វើការ​នៅ​គុយ​វ៉ែត​។​

​តែ​កាលពី​ថ្ងៃ​ពុធ គុយ​វ៉ែត​បាន​បញ្ជា​អោយ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ចាកចេញ​ក្នុង​រង្វង់​មួយ​សប្តាហ៍​និង​ក៏​បាន​កោះហៅ​តំណាង​កុងស៊ុល​របស់​ខ្លួន​ក្រោយពី​បុគ្គលិក​ស្ថាន​​ទូត​បាន​ព្យាយាម​ជួយសង្គ្រោះ​ពលករ​បំរើការ​តាម​ផ្ទះ​នៅ​គុយ​វ៉ែត​កាលពី​ចុង​សប្តាហ៍​។​

​ជម្លោះ​ទំនង​ជា​ដល់​ចំណុច​កំពូល បន្ទាប់​ពី​សប្តាហ៍​មុន​វីដេអូ​បង្ហាញ​បុគ្គលិក​ទូត​ហ្វីលីពីន​ជួយសង្គ្រោះ​ពលករ​ហ្វីលីពីន​ដែល​ត្រូវបាន​គេ​ចោទ​ថា​ត្រូវ​ថៅកែ​រំលោភ​។​​គុយ​វ៉ែត ថ្កោលទោស​អំពើ​នេះ​ដោយ​ចាត់ទុក​វា​ជា​ការរំលោភ​ច្បាប់​របស់​ខ្លួន​ហើយ​ក៏​ប្រាប់​អោយ​ឯកអគ្គរដ្ឋទូត​ចាកចេញ​។​

​ហ្វីលីពីន​បានធ្វើការ​សុំទោស តែ​បាន​បញ្ជាក់ថា ស្ថានទូត​ចាត់វិធានការ​តាម​ការអំពាវនាវ​សុំ​ជំនួយ​ពី​ជនជាតិ​ហ្វីលីពីន​ដែល​មាន​បញ្ហា​។​

​សូម​រំលឹក​ថា​ ​កាលពី​ថ្ងៃ​សៅរ៍​មុន ក្រសួងការបរទេស​ហ្វីលីពីន​បាន​ចេញ​វីដេអូ​ពីរ​បង្ហាញ​ក្រុម​មក​ពី​ស្ថានទូត​នៅ​គុយ​វ៉ែត​ជួយសង្គ្រោះ​ពលករ​បំរើការ​តាម​ផ្ទះ​ដោយ​វីដេអូ​​មួយ បង្ហាញ​ស្ត្រី​ម្នាក់​រត់​ចេញ​ពី​ប្លុក​អាគារ​និង​ត្រូវ​គេ​ជួយ​ចូល​ក្នុង​រថយន្ត​។​

​ជនជាតិ​ហ្វីលីពីន​៤​នាក់​ដែល​ស្ថានទូត​ជួល​មក​ជួយ​ធ្វើការ​ក៏​ត្រូវ​ប៉ូលិស​គុយ​វ៉ែត​ចាប់ខ្លួន និង​ដីកាចាប់ខ្លួន​ក៏​ត្រូវបាន​ចេញ​សំរាប់​បុគ្គលិក​ទូត​៣​នាក់​។​

​ហ្វីលីពីន​និយាយ​ថា ខ្លួន​ប្រឆាំង​ជំទាស់​អំពី​ការឃុំខ្លួន​ជនជាតិ​ខ្លួន​៤​នាក់ ដែល​បំរើការ​នៅ​ស្ថានទូត​របស់ខ្លួន​នៅ​គុយ​វ៉ែត និង​ការចេញ​ដីកាចាប់ខ្លួន​បុគ្គលិក​ទូត​បីនាក់​
​ទៀត​។​ឯកអគ្គរដ្ឋទូត​បាន​ជួប​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ដោះស្រាយ​ជម្លោះ​និង​បាន​យល់ព្រម​លើ​វិធានការ​រារាំង​កុំអោយ​មាន​ឧបទ្ទវហេតុ​ដូច​
​នេះ​កើតមាន​ជាថ្មីទៀត​។​

​ក្រសួងការបរទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​គុយ​វ៉ែត​មក​ទាមទារ​ផ្តល់​ការពន្យល់​បកស្រាយ​ថា​ហេតុ​អី​បានជា​គុយ​វ៉ែត​ចាត់វិធានការ​​ដូច្នេះ តែ​ត្រូវបាន​គេ​ប្រាប់ថា​តំណាង​គុយ​វ៉ែត​បាន​ចាកចេញ​ពី​ហ្វីលីពីន​តាំងពី​ថ្ងៃ​ពុធ​មកម្ល៉េះ​។​

​ក្រសួងការបរទេស​ហ្វីលីពីន​បាន​បញ្ជូន​កំណត់ហេតុ​ការទូត​មួយ​ទៅ​ស្ថានទូត​គុយ​វ៉ែត​ដោយ​បង្ហាញ​ការភ្ញាក់ផ្អើល​និង​ការមិនសប្បាយចិត្ត​​ជាខ្លាំង​អំពី​ការប្រកាស​ថា​ឯកអគ្គរដ្ឋទូត​Renato Pedro Villa​ជា​បុគ្គល​មិន​ត្រូវបាន​ស្វាគមន៍​”​។​

​ពលករ​បំរើការ​តាម​ផ្ទះ​តំណាង​អោយ​ជាង​៦៥​ភាគរយ​នៃ​ជនជាតិ​ហ្វីលីពីន​ជាង​២៦០.០០០​នាក់​ដែល​ធ្វើការ​នៅ​គុយ​វ៉ែត​។​

​កាលពី​ខែ​កុម្ភៈ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បាន​អំពាវនាវ​អោយ​ពលករ​ហ្វីលីពីន​នៅ​គុយ​វ៉ែត​វិល​មក​ស្រុក​វិញ ក្រោយ​ការរកឃើញ​សាកសព​​របស់​ពលករ​បំរើការ​តាម​ផ្ទះ​ម្នាក់​ស្ថិតនៅ​ក្នុង​ទូ​ក្លាស្សេ​ក្នុងផ្ទះ​ដែល​គេបោះបង់​ចោល​មួយ​។​

​ពលករ​កម្មករ​ហ្វីលីពីន នៅ​ប្រទេស​ឈូង​សមុទ្រ​ជាច្រើន​ត្រូវបាន​ជួល​ក្រោម​ប្រព័ន្ធ​ស្ពនស័​រមួយ​ដែល​អនុ​ញ្ញាត​អោយ​ថៅកែ​រក្សាទុក​លិខិតឆ្លងដែន​របស់​គេ​និង​ត្រួតត្រា​​ពេញលេញ​លើ​ការ​ស្នាក់នៅ​របស់​ពួកគេ​។​

​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​បាន​ត្អូញត្អែរ​ជា​យូរ​មក​ហើយ​ថា បណ្តា​រដ្ឋ​ឈូង​សមុទ្រ​មិន​មាន​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ​ទេ​សំរាប់​កម្មករ​និង​ពលករ​បំរើការ​តាម​ផ្ទះ​កំរៃ​ទាប​៕ដោយ៖វាសនា

​ក្រសួងការបរទេស​ហ្វីលីពីន​បាន​បញ្ជូន​កំណត់ហេតុ​ការទូត​មួយ​ទៅ​ស្ថានទូត​គុយ​វ៉ែត​ដោយ​បង្ហាញ​ការភ្ញាក់ផ្អើល​និង​ការមិនសប្បាយចិត្ត​​ជាខ្លាំង​អំពី​ការប្រកាស​ថា​ឯកអគ្គរដ្ឋទូត​Renato Pedro Villa​ជា​បុគ្គល​មិន​ត្រូវបាន​ស្វាគមន៍​”

​ពលករ​ហ្វីលីពីន​ប្រមាណ​១៩០​នាក់​មក​ពី​គុយ​វ៉ែត​ក្នុង​ពេលមកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ហ្វីលីពីន​

ទីតាំងផ្សាយពាណិជ្ជកម្ម