ដោយៈ ជា សីហៈ / ភ្នំពេញៈ ក្រុមសកម្មជនបរិស្ថានមួយ ដែលមានឈ្មោះថា Wonder of the Mekong បានសំដែងនូវការព្រួយបារម្ភ អំពីការបោះចោលសម្រាម ទៅក្នុងប្រភពទឹក ជាពិសេស គឺទន្លេមេគង្គ ។
ក្រុមសកម្មជនមួយនេះ បានអះអាងថាៈ ” សំរាមដែលបានបោះចោល ក្នុងទន្លេមេគង្គ គឺជាគ្រោះថ្នាក់ សម្រាប់ត្រី និងសត្វដទៃទៀត ដែលរស់នៅទីនោះ ” ។
ប្រភពដដែល បានបន្តថាៈ ” ប្រសិនបើត្រី ស៊ីកាកសំណល់ប្លាស្ទិក ចុងក្រោយ យើងអាចនឹងបរិភោគប្លាស្ទិកដែរ នៅពេលយើង ចាប់ត្រីទាំងនោះ ធ្វើជាអាហារ”។
ប្រភពដដែល បានបន្តទៀតថាៈ ” សូមចូលរួមដោយធ្វើជាផ្នែកមួយ នៃដំណោះស្រាយ តាមរយៈការមិន ចោលសំរាមរបស់អ្នក ទៅក្នុងទន្លេ។ ដោយការចូលរួម ទាំងអស់គ្នា យើងអាចកសាងអនាគតមួយ សម្រាប់ទន្លេមេគង្គ ដែលមានសុខមាលភាព ” ។
កាលពីពេលថ្មីៗ កន្លងទៅ ក្រុមសកម្មជននេះ បានចេញរបាយការណ៍អង្កេតមួយ នៅតាមដាយត្រី មួយកន្លែង នៅជាយរាជធានីភ្នំពេញ កាលពីរដូវប្រមូល ផលត្រីធម្មជាតិ ។ នៅកាលនោះ គេបានរកឃើញ បរិមាណកាក សំណល់ និងត្រី គឺនៅពេលលើកមួយលើកៗ គឺមានសឹងតែពាក់កណ្តាល នៃផលត្រី ដែលប្រមូលបាន ៕/V