ប្រែសម្រួលៈវាសនា/បាងកក៖ ប៉ូលិសក្នុងរដ្ឋធានីបាងកករបស់ថៃបានប៉ះទង្គិចជាមួយបាតុករមួយក្រុមដែលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ហើយមនុស្សយ៉ាងតិច២នាក់បានរងរបួសនៅក្នុងការប្រឆាំងតវ៉ានៅក្រៅស្ថានទូតមីយ៉ាន់ម៉ាក្នុងក្រុងបាងកកកាលពីរសៀលថ្ងៃចន្ទ។
ប៉ូលិសក៏បានចាប់ខ្លួនអ្នកប្រឆាំងតវ៉ាខ្លះដែរ។
សកម្មជនថៃដ៏ច្រើនបានបង្ហាញខ្លួននៅស្ថានទូតមីយ៉ាន់ម៉ា ដោយចូលរួមជាមួយបាតុករមីយ៉ាន់ម៉ានិងអ្នកប្រឆាំងតវ៉ាមកពីប្រទេសផ្សេងទៀតដើម្បីថ្កោលទោសរដ្ឋប្រហារដែលបញ្ចប់ការគ្រប់គ្រងស៊ីវិល។ពួកគេ ទាមទារអោយរដ្ឋាភិបាលថៃថ្កោលទោសផងដែរ តែមុននេះឧបនាយករដ្ឋមន្ត្រីថៃម្នាក់បាននិយាយថា«វាជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា»។
បាតុកម្មនេះបានកើតឡើងបន្ទាប់ពីគណបក្សនយោបាយរបស់មេដឹកនាំស៊ីវិល អ៊ុង សាន ស៊ូជី ដែលកំពុងត្រូវឃាត់ខ្លួននៅមីយ៉ាន់ម៉ា អំពាវនាវអោយប្រជាជនមីយ៉ាន់ម៉ាប្រឆាំងរដ្ឋប្រហារដែលប្រែក្លាយប្រទេសមកនៅក្រោម«ភាពផ្តាច់ការយោធា»វិញ។
គណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យបានចេញសេចក្តីថ្លែងការណ៍ក្នុងទំព័រហ្វេសប៊ុករបស់ប្រធានបក្សលោកស៊ីស៊ូជីថា អំពើរបស់យោធាមិនត្រឹមត្រូវនិងប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ព្រមទាំងឆន្ទៈរបស់អ្នកបោះឆ្នោត។
តែយោធាមីយ៉ាន់ម៉ា បានប្រកាសថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មីមួយនៅចុងបញ្ចប់នៃការដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ឆ្នាំ ។ទូរទស្សន៍យោធាមីយ៉ាន់ម៉ា បាននិយាយថា ដោយសារស្ថិរភាពជាតិជួបគ្រោះថ្នាក់ មុខងាររដ្ឋទាំងអស់នឹងត្រូវផ្ទេរទៅអោយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុង ហ្លាំង ក្រោមវគ្គច្បាប់មួយនៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨។សេចក្តីប្រកាសបាននិយាយថា នៅពេលមានការរៀបចំបោះឆ្នោត យោធានឹងប្រគល់អំណាចទៅអោយអ្នកឈ្នះ។
ទីភ្នាក់ងាររដ្ឋាភិបាលមីយ៉ាន់ម៉ាទទួលបន្ទុកអាកាសចរណ៍ក្នុងពេលជាមួយគ្នា បាននិយាយថា ខ្លួនបានបញ្ឈប់រាល់ជើងហោះហើរចូលក្នុងប្រទេស៕
អ្នកគាំទ្ររដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា នៅក្រៅស្ថានទូតមីយ៉ាន់ម៉ា ក្នុងក្រុងបាងកកកាលពីថ្ងៃ០១កុម្ភៈ