ផ្តន្ទាទោស​លោក ហៀក ចាន់​លាង អភិបាលរងខណ្ឌ​៧​មករា ដាក់ពន្ធនាគារ ៦​ខែ តែ​ព្យួរ​ទាំងអស់​

​ដោយៈ ស​រិ​ទ្ធ / សៀមរាបៈ តុលាការ​ខេត្តសៀមរាប នា​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស លោក ហៀក ចាន់​លាង អភិបាលរងខណ្ឌ ៧ មករា រយៈពេល ៦​ខែ តែ​ទោស​នេះ ត្រូវ​ព្យួរ ពោលគឺ ជនជាប់ចោទ ត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ​។ នេះ​បើតាម​ការបញ្ជាក់ មុននេះ​បន្តិច របស់លោក យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង ខេត្តសៀមរាប ។​

​យោងតាម​ប្រភពព័ត៌មាន ដែល​ទើប​ទទួលបាន នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បានឱ្យដឹងថាៈ ដោយមាន​ការអនុញ្ញាត​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប នៅវេលា​ម៉ោង ១១​និង​៣០​នាទី យប់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ខេត្តសៀមរាប បាន​ចុះ​ដល់​បន្ទប់ ខុន​ដូ មួយកន្លែង ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​ខណៈពេល​នោះ កម្លាំង​ជំនាញ បានឃើញ​ឈ្មោះ ហេង បូ​ឡែ​ន ភេទ​ស្រី អាយុ ២៥ ឆ្នាំ រស់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​លោក ហៀក ចាន់​លាង អាយុ ៤២ ឆ្នាំ ជា​អភិបាលរង ខណ្ឌ ៧ មករា កំពុង​នៅក្នុង​បន្ទប់ ជាមួយគ្នា ។​

​ដោយមាន​ការសម្របសម្រួល នីតិវិធី​ពី​លោក ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តសៀមរាប កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​នាំខ្លួន​បុរស និង​ស្ត្រី​ទាំង ២ នាក់​នេះ មក​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​ពី​អំពើ​ផិតក្បត់ ។ ក្រោយមក ដោយមាន​ការឯកភាព ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តសៀមរាប សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន លោក ហៀក ចាន់​លាង កសាង​សំណុំរឿង បញ្ជូនមក​អយ្យការ អម​សាលាដំបូង ខេត្តសៀមរាប ។ ចំណែក​ឈ្មោះ ហេង បូ​ឡែ​ន ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ ។​

​សមត្ថកិច្ច បាន​អះអាងថា ការ​ឈានដល់​ការបង្ក្រាប​នេះ ដោយសារ​តែមាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​ឈ្មោះ ជ ករ​ណ ភេទ​ស្រី អាយុ ៤១ ឆ្នាំ មុខរបរ មន្ត្រីរាជការ មាន​ទីលំនៅ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ប្រពន្ធ​ស្របច្បាប់ របស់លោក ហៀក ចាន់​លាង ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular