ដោយៈ ម៉េងឆៃ / ភ្នំពេញៈ ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនិងសម្ពោធដាក់ឲ្យដំណើរការរោងចក្រ ផលិតទឹកស្អាត ចំការមន រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ប្រេងមិនទាន់អាចជួយដល់សេដ្ឋកិច្ចកម្ពុជាបានទេ។ នោះគឺចំណូលបានពីប្រេង មិនស្មើនឹងចំណូលបានពីការយកពន្ធពីទិដ្ឋាការទេសចរ ក្នុងមួយឆ្នាំផង។
សម្តេចតេជោហ៊ុនសែនកាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០។ជាពេលដែលសម្តេចប្រកាសពីតំណកក់ប្រេងដំបូង(រូបថតឯកសារ)
សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមមជាតិពីដំណើរការបូមយកប្រេង ក្នុងដែនសមុទ្រកម្ពុជា។នោះគឺកម្ពុជាចាប់ផ្ដើមទទួល បានតំណក់ប្រេងដំបូង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គាប់ជួននឹងខួបលើកទី២២ នៃថ្ងៃបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះឈ្នះ ។
សម្តេចតេជោបន្ថែមថា អណ្ដូងទី១ បានដំណើរការរយៈពេល ៣៣ ថ្ងៃហើយ គិតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ។ អណ្ដូងទីពីរ ទើបចាប់ផ្ដើមដំណើរការ។ អណ្តូងទី១ គឺផលិតបាន ១ ២៣៦ បារ៉ែល ក្នុងមួយថ្ងៃ។ ក្នុងរយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០ ៧៨៨ បារ៉ែល។ អណ្តូងទី៤ បានចាប់ផ្ដើម នៅថ្ងៃទី៣០ ខែមករា។សម្តេច បានបន្តថា អណ្តូងទី១ បានដំណើរការ ៣៣ថ្ងៃ ហើយឥឡូវអណ្តូងទី២ កំពុងចាប់ដំណើរការ ហើយអណ្តូងទី៣ ទី៤ និងទី៥ នឹងបន្តដំណើរការ។ តាមការប៉ាន់ប្រមាណថា យើងនឹងទទួលបានមួយថ្ងៃជាង ៧០០០ បារ៉ែល ទៅ ៧៥០០ បារ៉ែល តែប៉ុណ្ណោះ ក្នុង ១ថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើតម្លៃប្រេងមួយបារ៉ែលជាង ៥០ ដុល្លារ យើងទទួលបានជាង ៣០លានដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំ។ វាមិនស្មើនឹងចំណូលបានមកពីពន្ធលើទិដ្ឋាការទេសចរណ៍បរទេសមួយលាននាក់ផង។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា “ប៉ុន្មានថ្ងៃនេះ មានការវិភាគអំពីផល ដែលបានប្រេង តើអាចជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាដែរ ឬទេ? ខ្ញុំចង់បញ្ជាក់ថា ចំណូលដែលបានមកពីធនធានប្រេង មានទំហំតូចនៅឡើយ មិនអាចជួយដល់សេដ្ឋកិច្ចកម្ពុជា នៅឡើយទេ។ ចំណូលពីប្រេងមិនទាន់ជះវិសាលភាពដល់សេដ្ឋកិច្ចកម្ពុជានោះទេ”។
ចំណែកអ្នកជំនាញ លើកឡើងថា តំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុកA ក្នុងដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាការទទួលបានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗ ដោយផ្ទាល់ ដូចជា ការយកទៅចាក់បញ្ចូលយានជំនិះ ដូចជា ម៉ូតូ ឡាន និងគ្រឿងម៉ាស៊ីនផ្សេងទៀត បាននោះទេ។
អ្នកជំនាញ បន្ថែមថា ដើម្បីទទួលបានប្រេងឥន្ធនៈ ដូចជា ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន LPG ឬហ្គាស គេត្រូវយកប្រេងឆៅ ទៅចម្រាញ់។ ដោយហេតុថា កម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ។ ដូច្នេះកម្ពុជាគ្មានជម្រើស ក្រៅពីលក់ប្រេងឆៅ ដែលបូមបាន ទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។
មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយ ក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល។ដូច្នេះតម្លៃប្រេង ឥន្ធនៈនៅកម្ពុជា នៅតែបន្តប្រែប្រួល ទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ដូចពេលបច្ចុប្បន្នដដែល។
ការលើកឡើងរបស់សម្តេចតេជោហ៊ុនសែននិងការពន្យល់បកស្រាយរបស់អ្នកជំនាញខាងលើនេះតបទៅនឹងការយល់ខុសមួយចំនួនធំរបស់ប្រជាពលរដ្ឋខ្មែរយើង ដែលដោយច្រើន យល់ថា ការទទួលបានតំណក់ប្រេងដំបូងពីបាតសមុទ្រកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាស កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នឹងធ្វើឲ្យតម្លៃប្រេងសាំង នៅកម្ពុជាយើង ចុះថ្លៃជាងសព្វថ្ងៃ។
យ៉ាងណាក៏ដោយចុះ ចាប់តាំងពីដំណើរការរុករកប្រេង បានចាប់ផ្តើម តាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ នៅកម្ពុជា ហើយបន្តរហូតដល់ដើមទសវត្សរ៍ឆ្នាំ២០០០ នៅពេលមានក្រុមហ៊ុនប្រេងអន្តរជាតិកាន់តែច្រើនចូលមករុករកប្រេងនៅដែន សមុទ្រកម្ពុជា ក៏មានការលើកឡើងជាច្រើនទៀត នូវការព្រួយបារម្ភលើការបែងចែកចំណូលពីប្រេង ដែលគេប្រសិទ្ធភាពថា ជាមាសខ្មៅ របស់កម្ពុជា។
បទពិសោធន៍ជាច្រើន ពិសេសនៅប្រទេសនីហ្សេរីយ៉ា ដែលទទួលបានប្រេង ប៉ុន្តែមិនមែនជាពរជ័យទេ បែរក្លាយជាបណ្តាសាប្រេង។ ពោលគឺដោយសារតែគ្រប់គ្រងចំណូលពីប្រេង មិនបានល្អ នាំឲ្យប្រជាជននីហ្សេរីយ៉ា នៅតែមានជីវភាពលំបាក ហើយប្រទេសជាតិ ក៏មិនមានរីកចម្រើនអ្វីប្រសើរជាងឡើយ។
ដោយសារតែមានមេរៀនដូច្នេះ ទើបក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងប្រជាជនកម្ពុជាមួយចំនួនណានោះ បានបង្ហាញក្តីបារម្ភ និងលើកជាមតិយោបល់ជូនរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងចំណូលពីប្រេងនេះឯង។
ប៉ុន្តែយ៉ាងណាក៏ដោយ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា កម្ពុជា នឹងទទួលបានពរជ័យជូនចំពោះប្រជាជាតិកម្ពុជា ហើយចំណូលពីប្រេងនេះ នឹងត្រូវប្រើប្រាស់ជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាល នៅកម្ពុជាយើង៕សរន