ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតព្រូដិនសលកម្ពុជា និង ធនាគារភីភីស៊ីប៊ែងនៅថ្ងៃទី១ខែកុម្ភៈបានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ភាព ជាដៃគូដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនេះនឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។ ក្រោមភាពជាដៃគូនេះ ប្រជាពលរដ្ធកម្ពុជានឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលសក្ដិសមសម្រាប់ពួកគេបំផុត របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានតាមរយៈបណ្ដាញ និងសាខាយ៉ាងទូលំទូលាយរបស់ ធនាគារ ភីភីស៊ីប៊ែង។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសម្ពោធន៍ជាផ្លូវការនៃកិច្ចសហការអាជីវកម្មរវាងក្រុមហ៊ុនទាំងពីរ។
ថ្លែងក្នុងពិធីនោះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ៖ «ការចែកចាយផលិតផលធានារ៉ាប់រងតាមរយៈធនាគារគឺមិនអាចខ្វះបាននិងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការរីកចម្រើន។ ភាពជាដៃគូរវាងធនាគារនិងក្រុមហ៊ុនធានារ៉ាប់រងពិតជាមានសារៈសំខាន់និងផ្ដល់អត្ថប្រយោជន៍ទាំងសងខាង ដោយក្រុមហ៊ុនធានារ៉ាប់រងទទួលបានកំណើននៃការលក់ និង ចំពោះធនាគារអាចជួយឲ្យអតិថិជនរបស់ខ្លួនទទួលបាននូវការការពារកម្ចីរបស់ធនាគារតាមរយៈផលិតផលធានារ៉ាប់រងផងដែរ។»
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖«ការរៀបចំពិធីនាថ្ងៃនេះគឺជាសក្ខីភាពដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន ឥតឈប់ឈរនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជានិងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រតិបត្តិការវិស័យធនាគារ និងវិស័យមិនមែនធនាគារ។ ពោលគឺរវាង ធនាគារ ភីភីស៊ីប៊ែង និង ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលកិច្ចសហការនេះជាកត្តាដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។»
លោក Sanjay Chakrabarty នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រូដិនសល កម្ពុជា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ព្រូដិនសលកម្ពុជា គោលបំណងរបស់យើង គឺជួយប្រជាពលរដ្ឋគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរ។ ចាប់តាំងពីការចាប់ផ្ដើមអាជីវកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានអនុម័តផ្ដល់ប្រាក់សំណងសរុបចំនួន ១១,១ លានដុល្លារ និងបានផ្ដល់ការការពារហិរញ្ញវត្ថុជូនម្ចាស់បណ្ណសន្យារ៉ាប់រងចំនួនជាង ២៥ម៉ឺននាក់ (គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)។ ការផ្ដល់ប្រាក់សំណងទាំងអស់នេះបានជួយដល់ក្រុមគ្រួសារកម្ពុជា ក្នុងការស្តារស្ថានភាពគ្រួសាររបស់ពួកគេ បន្ទាប់ពីមានហេតុការណ៍អកុសលបានកើតឡើង។ ជំងឺរាតត្បាតជាសកលកូវីដ-19 កំពុងបន្តកើតឡើង ខណៈដែលអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះគោលបំណងរបស់យើងគឺកាន់តែចាំបាច់ និងបន្ទាន់ជាងពេលណាៗ ទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើងនៅក្នុងប្រទេសកម្ពុជា។»
លោក Sanjay Chakrabarty បានបន្ថែមទៀតថា៖ «ក្នុងនាមជាអ្នកការពារផ្នែកសុខុមាលភាពហិរញ្ញវត្ថុរបស់អតិថិជនធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំដល់អតិថិជនអំពីការការពារនិងតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។យើងមានសេចក្ដីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយធនាគារ ភីភីស៊ីប៊ែង ហើយយើងទន្ទឹងរង់ចាំជួយការពារសុខភាព និងទ្រព្យសម្បត្តិរបស់អតិថិជនពួកគេផងដែរ។»
នាយកប្រតិបត្តិ ធនាគារ ភីភីស៊ីប៊ែង លោក Shin Chang Moo បានមានប្រសាសន៍ថា៖ «ធនាគារ ភីភីស៊ីប៊ែង តែងតែមានទំនុកចិត្តលើកិច្ចសហប្រតិបត្កិការ។ យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលត្រឹមត្រូវអាចជួយឲ្យយើងនាំយកផលិតផលពិសេសៗនិងផ្ដល់ជូននូវសេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ចាប់ពីថ្ងៃនេះតទៅតាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន ព្រូដិនសល កម្ពុជា យើងនឹងអាចជួយគាំទ្រអតិថិជនរបស់យើង ដោយបំពេញទាំងតម្រូវការការពារ និងតម្រូវការសន្សំដើម្បីជួយឲ្យពួកគេសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលយូរអង្វែង។»
ភាពជាដៃគូរវាង ក្រុមហ៊ុន ព្រូដិនសល កម្ពុជា និងធនាគារ ភីភីស៊ីប៊ែង បានគូសបញ្ជាក់ពីភាពរស់រវើក និងរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងចក្ខុវិស័យឈានមុខ ដែលជាភាពទាក់ទាញសម្រាប់ទិសដៅលើការវិនិយោគរយៈពេលវែង៕Ph