ដោយៈសុផល/ភ្នំពេញ៖នៅក្នុងឆ្នាំដែលពិភពលោកមានការរីករាលដាលនៃជំងឺឆ្លង ពេល វេលាហាក់ដូចជានៅឈរទ្រឹងមួយកន្លែង ក៏ប៉ុន្តែសេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរយ៉ាងលឿនក្នុងទម្រង់មួយដែលមានចលនករពន្លឿននូវសន្ទុះនៃការផ្លាស់ប្តូរឥរិយាបទរបស់អ្នក ប្រើប្រាស់ ការផ្លាស់ប្តូររូបភាពនៃការបោកបន្លំ និងពង្រឹងបន្ថែមដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។
នេះក៏ជាតថភាពជាក់ស្តែងមួយសម្រាប់ប្រទេសកម្ពុជាសព្វថ្ងៃផងដែរដែលតម្រូវចំពោះការ បង្កើនសុវត្ថិភាពនិងការយល់ដឹងជាប្រចាំអំពីគោលការណ៍ណែនាំសុខភាពនាពេលបច្ចុប្បន្នបានជំរុញឱ្យនិន្នាការការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធមានការកើនឡើង។នេះបើយោងតាមការសិក្សាចុងក្រោយគេរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន ។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនVisaប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖«នៅក្នុងការស្ទង់មតិស្តីពីឥរិយាបថ ក្នុងការទូទាត់ប្រាក់របស់អតិថិជនចម្លើយដែលយើងទទួលបានពីអ្នកប្រើប្រាស់ភាគច្រើនគឺការបន្ថែមប្រព័ន្ធសុវត្ថិភាពកំឡុងពេលប្រតិបត្តិការ ជាកត្តាលិករដ៏សំខាន់មួយសម្រាប់ជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបទនៃការទូទាត់របស់អ្នក ប្រើប្រាស់ ឲ្យងាកមកចាប់យកការទូទាត់តាមប្រព័ន្ធឌីជីថល និងក្នុងរូបភាពផ្សេងៗទៀត ដោយមិនប្រើសាច់ប្រាក់ជាដើម។
ខណៈពេលដែលការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តមានឥទ្ធិពលខ្លាំង ទស្សនវិស័យសម្រាប់ឆ្នាំ២០២១របស់Visaគឺបន្តផ្តល់ការយល់ដឹងដល់អតិថិជនអំពីវិធីសាស្ត្រការការពារខ្លួន និងការពារហិរញ្ញវត្ថុរបស់ពួកគេឲ្យបានល្អបំផុត »។
នៅឆ្នាំ២០២០ Visaបានផ្តោតការយកចិត្តទុកដាក់ទៅលើធនធាននិងជំនាញរបស់ខ្លួន ដើម្បី បន្តជួយដល់ស្ថាប័នហិរញ្ញវត្ថុ ដៃគូពាណិជ្ជកម្មរាជរដ្ឋាភិបាលនិងអតិថិជនរបស់ខ្លួនក្នុងការបត់បែនទៅតាមការផ្លាស់ប្តូរដ៏ធំនេះ។បើយើងសំលឹងមើលទៅមុខសម្រាប់ឆ្នាំ២០២១ ការ ទូទាត់តាមរយៈឌីជីថលនឹងមានការផ្លាស់ប្តូរជាបន្តបន្ទាប់។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺបទពិសោធន៍នៅឆ្នាំ២០២០នឹងពន្លឿនភាពច្នៃប្រឌិតព្រមទាំងជំរុញឱ្យក្រុមហ៊ុនទាំង ឡាយងាកមកសិក្សាពីចំណុចខ្វះខាតរបស់ខ្លួន ដើម្បីធានាថាពួកគេមិនដើរតាមគន្លងដដែលសម្រាប់ឆ្នាំ២០២១នេះ។
ការព្យាករណ៍មួយចំនួនសម្រាប់ឆ្នាំ ២០២១ រួមមាន៖
១. ឥរិយាបទអតិថិជនដែលកើតចេញក្នុងកំឡុងពេលនៃការរីករាតត្បាតនៃមេរោគ នឹងក្លាយ ជាប្រក្រតីភាពតាមគន្លងថ្មី ដែលនឹងទាមទារឲ្យមាននូវយុទ្ធសាស្ត្រទប់ស្កាត់ការក្លែង បន្លំពីសំណាក់ពាណិជ្ជករបើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការឆ្ពោះទៅរកអាជីវកម្ម របស់ក្រុមហ៊ុន Visa (Visa’s Back to Business)បានឱ្យឃើញថា៧៨ភាគរយនៃអតិថិជននៅទូទាំងសកលលោកបានកែសំរួលមធ្យោបាយទូទាត់ថ្លៃទំនិញរបស់ពួកគេ ដោយ សារតែមានការព្រួយបារម្ភពីសុវត្ថិភាពហើយប្រមាណជិតពាក់កណ្តាល(៤៨ភាគរយ)ជ្រើសរើសមិនទិញទំនិញនៅហាងដែលប្រើប្រាស់វិធីសាស្ត្រទូទាត់ប្រាក់ដែលតម្រូវឲ្យមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកគិតប្រាក់ឬម៉ាស៊ីនដែលត្រូវប្រើរួមគ្នាដូចជាម៉ាស៊ីនឆូតកាតជាដើម។ខ្ញុំជឿថាឥរិយាបទរបស់អតិថិជនដែលកំពុងធ្វើបែបនេះ វាមិនមែនជាការផ្លាស់ប្តូរបណ្តោះអាសន្ននោះទេគឺវានឹងបន្តរបៀបនេះជាអចិន្ត្រៃ។ឥរិយាបថអតិថិជនទាំងនោះនឹងជំរុញពាណិជ្ជករឲ្យមានភាពច្នៃប្រឌិតដើម្បីធានាបាននូវវឌ្ឍនភាពលើអាជីវកម្មរបស់ខ្លួនបន្ថែមព្រមទាំងបំពេញតម្រូវការរបស់អតិថិជនផងដែរ។ ពាណិជ្ជករដែលជ្រើសយកការវិនិយោគលើវិធីសាស្ត្រថ្មីៗដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន រួមមានវិធីសាស្ត្រនៃការទូទាត់ប្រាក់ ដូចជាការបញ្ជាទិញទំនិញតាមប្រព័ន្ធអ៊ិនធើណេត តាមកម្មវិធីទូរស័ព្ទ (in-app) បច្ចេកវិទ្យាcontactlessនិងIoT(ដែលអាចពាក់បាន,បំពាក់នៅក្នុងរថយន្ត,និងឧបករណ៍វៃឆ្លាតផ្សេងៗ)ពួកគាត់នឹងអាចរក្សា បាននូវអតិថិជនចាស់ទទួលបានអតិថិជនថ្មីៗបន្ថែមទៀតរួមទាំងកំណើននៃការលក់ក៏ប្រសើរជាងមុនផងដែរ។ប៉ុន្តែទន្ទឹំមទៅនឹងពេលដែលពាណិជ្ជករយើងងាកមកធ្វើជំនួញនៅលើប្រព័ន្ធអ៊ិនធើណេតមានក្រុមអ្នកបោកប្រាស់ជាច្រើនហើយជនមួយចំនួននោះមានធនធានជំនាញ និងគាំទ្រពីក្រោយ។សម្រាប់សុវត្ថិភាពនៃការធ្វើប្រតិបត្តិការទូទាត់គឺពិតជាមានភាពស្មុគស្មាញណាស់ហើយមិនមែនគ្រប់គ្នានៅក្នុងវិស័យទូទាត់អាចមានជំនាញដើម្បីដោះស្រាយវាបានល្អនោះទេ។ពាណិជ្ជករទាមទារឲ្យមានយុទ្ធសាស្ត្រក្នុងការធ្វើបច្ចុប្បន្នភាព ដើម្បីទប់ស្កាត់ការក្លែងបន្លំ ដើម្បីគាំទ្រដល់ពាណិជ្ជកម្មតាមអនឡាញ (omnichannel commerce)ហើយប្រសិនបើពួកគាត់មិនមានជំនាញនេះទេពួកគេគួរតែងាកទៅរកដៃគូសហការដែលមានជំនាញនិងកេរ្តិ៍ឈ្មោះល្អ ដើម្បីបង្កើតឲ្យបាននូវសមិទ្ធផលស្របតាមគោលដៅ និងផលប្រយោជន៍នៃអាជីវកម្មរបស់ខ្លួន។
២. ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូទាត់ ដែលនឹងបង្ហាញពីភាពងាយរងគ្រោះថ្មីៗ ចំនួនធនាគារកណ្តាល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកើនឡើងជាលំដាប់ កំពុងប្រឈមជាមួយនឹងការស្វែងរកមធ្យោបាយថ្មីនិងលឿន ដែលអាចផ្ញើ ឬទូទាត់ប្រាក់ និងចែករំលែកព័ត៌មានបានរហ័សជាងមធ្យោបាយបែបប្រពៃណី។ការទូទាត់ភ្លាមៗ(real time payments)ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលព្រមទាំងការចូលរួមពីធនាគារក្នុងការគាំទ្រដល់ការបង្កើតថ្មីដែលសមស្របទៅនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់ឌីជីថលផងដែរនោះនឹងអាចជួយជំរុញពាណិជ្ជកម្មនៅលើបណ្តាញឌីជីថលកាន់តែរីកចម្រើនសម្រាប់រាប់ទសវត្សរ៍ខាងមុខតួទៅទៀត។ប៉ុន្តែការទូទាត់រហ័សជាងមុនក៏បើកឱកាសឲ្យមានការក្លែងបន្លំលឿនជាងមុនផងដែរដូច្នេះការចែករំលែកព័ត៌មានរបស់អតិថិជនត្រូវតែប្រកាន់ខ្ជាប់នូវអភ័យឯកសិទ្ធទិន្នន័យឯកជន។បច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារកណ្តាល ចាំបាច់ត្រូវមានយន្តការនៅក្នុងដៃដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីដែលអាចជាសូចនាករនៃការក្លែងបន្លំ។វាក៏ជាកត្តាសំខាន់ផងដែរដែលគោលការណ៍នៃធនាគារបើកចំហនិងការចែករំលែកទិន្នន័យត្រូវបានប្រើប្រាស់ប្រកបដោយទំនូលខុសត្រូវខ្ពស់នឹងប្រកបដោយក្រមសីលធម៌ទាំងផលិតផលសេវាកម្មនិងបច្ចេកវិទ្យា។នៅក្នុងឆ្នាំ២០២១យើងឃើញថាបរិមាណនៃការទូទាត់ភ្លាមៗ (real time payments ) នៅតែបន្តកើនឡើង រូបិយប័ណ្ណឌីជីថលនៅតែបន្តមានសន្ទុះខ្លាំង ទិន្នន័យរបស់អតិថិជននិងភាពឯកជនរបស់ទិន្នន័យនឹងក្លាយជាប្រធានបទនាំមុខគេក្នុងការពិភាក្សាជាច្រើនហើយតួអង្គសំខាន់ៗដែលជាប្រតិបត្តិករនៅក្នុងឧស្សាហកម្មនេះនឹងធ្វើការជាមួយគ្នាដើម្បីដោះស្រាយភាពងាយរងគ្រោះថ្មីៗដែលនឹងកើតឡើង។
៣.ការទូទាត់បែបបច្ចេកវិទ្យា Contactless នឹងក្លាយជារឿងធម្មតាសម្រាប់អ្នកប្រើប្រាស់ភាគច្រើនខណៈពេលដែលបច្ចេកវិទ្យា ដាក់ទូរស័ព្ទប៉ះដើម្បីទូទាត់បង់ប្រាក់ “Tap to Phone”នឹងក្លាយជាបច្ចេកវិទ្យានាំមុខគេខណៈដែលការទូទាត់បែបបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់ជាទូទៅនៅជុំវិញពិភពលោក បច្ចេកវិទ្យាដាក់ទូរស័ព្ទប៉ះដើម្បីទូទាត់ប្រាក់(Tap to Phone)នឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតមីក្រូនិងខ្នាតតូចអាចបោះជំហានចូលទៅក្នុងសេដ្ឋកិច្ចឌីជីថលដោយងាយ ស្រួលតាមរយៈកម្មវិធីទូរស័ព្ទ។ បច្ចេកវិទ្យា Tap to Phone អាចឱ្យអ្នកលក់ទទួលយកការទូទាត់បែបបច្ចេកវិទ្យា contactless ដោយមិនចាំបាច់ប្រើម៉ាស៊ីនឆូតកាត។ យើងកំពុងមើលឃើញដំណាក់កាលដំបូងនៃកំណើនផលិតផលនេះ ហើយរំពឹងថាឆ្នាំ ២០២១/២០២២នេះ គឺជាឆ្នាំដ៏ល្អបំផុត ខណៈចំនួនអ្នកប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យា contactless នៅតែបន្តកើនឡើង។
៤.ពាណិជ្ជកម្មចម្រុះឬ“ពាណិជ្ជកម្មអេឡិចត្រូនិច eCommerce នៅក្នុងជីវិតពិត”ត្រូវបានកំណត់ឲ្យក្លាយទៅជាគោលដៅចម្បងសម្រាប់បទពិសោធន៍របស់អតិថិជនវាជាឆ្នាំមួយដែលយើងមិនធ្លាប់ជួបពីមុនមកសម្រាប់eCommerceដែលជាវិស័យមួយត្រូវបានជំរុញយ៉ាងខ្លាំងតាមតំរូវការទូទៅរបស់ក្រុមហ៊ុនជាច្រើនដើម្បីបន្តផ្តល់នូវជម្រើសសម្រាប់ការទិញទំនិញតាមអ៊ិនធើណេត និងការដឹកជញ្ជូនតាមទំរង់ថ្មី។ឆ្នាំ២០២១នឹងបន្តជម្រុញនូវការធ្វើសមាហរណកម្មពាណិជ្ជកម្មបន្ថែមទៀតដោយវាមិនត្រឹមតែជាការនិយមមួយឆាវប៉ុណ្ណោះទេតែវានឹងក្លាយទៅជារឿងធម្មតាសម្រាប់របទជីវិតរស់នៅប្រចាំថ្ងៃ។វាមានផលនៃការប៉ះទង្គិចដ៏តិចតួចតែមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីសម្រាប់អតិថិជនដែលផ្តោតលើការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងយុទ្ធសាស្ត្រពាណិជ្ជកម្មជាច្រើនទៀតនឹងជួយឱ្យអាជីវកម្មរីកចម្រើនកាន់តែឆាប់រហ័សឆ្លើយតបទៅនឹងតម្រូវការររបស់អតិថិជនដែលកំពុងវិវត្តឥតឈប់ឈរ។ម្យ៉ាងវិញទៀត មិនមែនមានត្រឹមតែក្រុមហ៊ុនដែលប្រកបអាជីវកម្មបែបប្រពៃណី ឬក្រុមហ៊ុនធំៗទេដែលចូលរួមនៅក្នុងរបទនៃការផ្លាស់ប្តូរនេះប៉ុន្តែនៅជុំវិញពិភពលោករាជរដ្ឋាភិបាលនានាក៏កំពុងជំរុញនិងបង្កើនដែនកំណត់ដោយការធ្វើបច្ចុប្បន្នភាពដាក់ឲ្យមានការប្រើប្រាស់ការទូទាត់បែបបច្ចេកវិទ្យាcontactlessនៅតាមបណ្តាញសេវាកម្មដឹកជញ្ជូនសាធារណៈរបស់ខ្លួនហើយអាជីវកម្មខ្នាតតូចនានាក៏កំពុងទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាមួយនេះផងដែរ៕Ph