ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃចន្ទអង្គការសុខភាពពិភពលោក (WHO) បានសំពងពួកអ្នករិះគន់ការស៊ើបអង្កេតរបស់ខ្លួនទៅលើប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩និងបបួលអ្នកដែលអះអាងថាដឹងរឿងច្រើនជាងចេញមករកភស្តុតាងរឹងមាំដោយខ្លួនឯង។
ក្រុមស៊ើបអង្កេតរបស់ WHO កំពុងស្ថិតនៅក្នុងទីក្រុងអ៊ូហានប្រទេសចិនកន្លែងដែលករណីដំបូងត្រូវបានរកឃើញនៅខែធ្នូឆ្នាំ២០១៩ដោយព្យាយាមផ្គុំភស្តុតាងបញ្ចូលគ្នាដើម្បីរកមើលរបៀបដែលវីរុសលោតចេញពីសត្វទៅមនុស្សមុនពេលបន្តសម្លាប់មនុស្សជាង ២ លាននាក់។
នាយកទទួលបន្ទុកផ្នែកគ្រាអាសន្ននៃទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិលោកមួយនេះ គឺ លោក ម៉ៃឃើល រ៉ាយអែន បានរិះគន់ទៅលើអ្នកដែលកំពុងវាយប្រហារមកលើក្រុមបេសកកម្មនេះហើយនិយាយថា មនុស្សដែលអះអាងថា ពួកគេមានព័ត៌មានអំពីរបៀបដែលជំងឺរាតត្បាតផ្ទុះឡើង គួរតែបង្ហាញមុខមក កុំលាក់ខ្លួនអី។
លោករ៉ាយអែននិយាយថា ពួកអ្នករិះគន់ជាច្រើននិយាយថា “ពួកគេនឹងមិនទទួលយករបាយការណ៍នោះទេនៅពេលដែលវាចេញមក ឬ ថាមានព័ត៌មានចារកម្មផ្សេង ដែលអាចបង្ហាញលទ្ធផលផ្សេង” អំពីរបៀបដែលវីរុសផ្ទុះឡើង។
លោករ៉ាយអែនបានប្រាប់សន្និសីទសារព័ត៌មានពីទីស្នាក់ការកណ្តាលរបស់ WHO នៅទីក្រុងហ្សឺណែវថា “ប្រសិនបើអ្នកមានចម្លើយ…សូមប្រាប់យើងឱ្យដឹងផង”។
គាត់បានសួរថាតើទំនួលខុសត្រូវនៅត្រង់ណា “ដែលនិយាយថាអ្នកនឹងមិនទទួលយករបាយការណ៍មុនពេលវាត្រូវបានសរសេរ? ការដែលហ៊ាននិយាយដូច្នេះ អ្នកច្បាស់ជាមានព័ត៌មានចារកម្មដែលគេមិនទាន់ផ្តល់ឱ្យមែនទេ?”៕
កម្មករសម្លឹងចេញពីផ្លូវចូលមន្ទីរពេទ្យមួយឆ្ពោះទៅកាន់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអ៊ូហាន បន្ទាប់ពីក្រុងWHOមកទស្សនា