ប្រែសម្រួល : កញ្ញាដាលីស ៖ ប្រធានាធិបតីចូ បៃដិនកាលពីថ្ងៃចន្ទទី០១កុម្ភៈបានគំរាមដាក់ទណ្ឌកម្មថ្មីលើមីយ៉ាន់ម៉ាបន្ទាប់ពីយោធារបស់ខ្លួនធ្វើរដ្ឋប្រហារនិងចាប់ខ្លួនមេដឹកនាំស៊ីវិលរបស់រដ្ឋាភិបាលរួមទាំងជ័យលាភីពានរង្វាន់ណូបែលសន្តិភាពលោកស្រីអ៊ុង សាន ស៊ូជី។
លោកបៃដិនរិះគន់ខ្លាំងៗទៅលើកងទ័ពរបស់ប្រទេសនេះសម្រាប់ការធ្វើរដ្ឋប្រហារ ដោយហៅវាថាជាការវាយលុកដោយផ្ទាល់ទៅលើការផ្លាស់ប្តូររបស់ប្រទេសឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ រដ្ឋប្រហារនៅមីយ៉ាន់ម៉ាក៏ត្រូវបានថ្កោលទោសជាអន្តរជាតិផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបៃដិននិយាយថា “សហរដ្ឋអាម៉េរិកបានដកទណ្ឌកម្មពីភូមាកាលពីមួយទសវត្សរ៍មុន ដោយផ្អែកលើវឌ្ឍនភាពឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ការត្រឡប់ថយក្រោយនៃវឌ្ឍនភាពនេះនឹងត្រូវការការពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់ទណ្ឌកម្មនិងសិទ្ធិអំណាចផ្សេងៗរបស់យើង ហើយបន្ទាប់មកនឹងមានវិធានការសមស្រប។សហរដ្ឋអាម៉េរិកនឹងក្រោកឈរឡើងការពារលទ្ធិប្រជាធិបតេយ្យនៅគ្រប់ទីកន្លែង ដែលវាកំពុងរងការវាយប្រហារ”។
ប្រទេសមីយ៉ាន់ម៉ាគឺជាគម្រោងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចអស់រយៈពេលជាច្រើនទសវត្សរ៍និងក្លាយជានិមិត្តរូបនៃភាពជោគជ័យមួយចំនួន។ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗអំពីការវិលត្រឡប់ទៅរករបបផ្តាច់ការ។ ការខកចិត្តចំពោះលោកស្រីស៊ូជី ដែលជាអតីតមេដឹកនាំប្រឆាំង បានកើនឡើងខ្ពស់ជាពិសេសចំពោះការចចេសរឹងរូសរបស់លោកស្រីក្នុងការរារាំងការបង្ក្រាបលើជនមូស្លីមរ៉ូហ៊ីងយ៉ានៅភាគខាងលិចប្រទេស៕
លោកបៃដិនគំរាមដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ាជាថ្មី