ប្រែសម្រួលៈវាសនា/យ៉ាងហ្គោន៖ប្រមុខយោធាដ៏មានឥទ្ធិពលរបស់មីយ៉ាន់ម៉ា លោក ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុង ហ្លាំង បានលេខមុខមាត់បន្ទាប់ពីពួកអ្នកនយោបាយមកពីគណបក្សកាន់អំណាចហៅថា «សម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ» ត្រូវបានចាប់ឃុំខ្លួន ហើយក្រុមយោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីកាន់កាប់អំណាចជំនួសរដ្ឋាភិបាលស៊ីវិលមួយឆ្នាំសិន។
យោធាមីយ៉ាន់ម៉ា ល្បីខាងនៅឯកោមិនសេពគប់នរណានិងសូម្បីតែអ្នកសង្កេតការណ៍ក៏យល់ដឹងតិចតួចអំពីការងារផ្ទៃក្នុងរបស់គេដែរ។
ក្រោយបញ្ចប់របបយោធាអស់១ទសវត្សរ៍ ឥឡូវយោធាមីយ៉ាន់ម៉ាវិលមកកាន់អំណាចដដែល
ខាងក្រោមនេះជាកត្តាសំខាន់ៗខ្លះ អំពីមេដឹកនាំរបស់ក្រុមយោធានិងតួនាទីរបស់វានៅក្នុងប្រព័ន្ធនយោបាយនៃប្រទេសនេះ៖
-តួនាទីរបស់យោធានៅក្នុងនយោបាយ
យោធាបានគ្រប់គ្រងប្រទេសអាស៊ីអាគ្នេយ៍មួយនេះដោយផ្ទាល់អស់ពេលជិត៥០ឆ្នាំ ក្រោយរដ្ឋប្រហារឆ្នាំ១៩៦២ និងចាប់តាំងពីពេលនោះមកបានចាត់ទុកខ្លួនឯងជាឆ្មាំនៃឯកភាពជាតិ។
ជាស្ថាបនិកនៃរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ យោធាដាក់តម្កល់តួនាទីអចិន្ត្រៃយ៍មួយរបស់ខ្លួននៅក្នុងប្រព័ន្ធនយោបាយ។តាមរដ្ឋធម្មនុញ្ញតាក់តែងឡើងដោយខ្លួនឯងនេះ យោធាត្រូវទទួលកូតា២៥ភាគរយនៅក្នុងអាសនៈសភា ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោត និងប្រមុខយោធាតែងតាំងរដ្ឋមន្ត្រីការពារជាតិ មហាផ្ទៃ និងកិច្ចការព្រំដែន ដែលទុកសំរាប់តែមនុស្សទៅពីក្រុមយោធា នៅក្រោមកិច្ចព្រមព្រៀងមួយជាមួយគណបក្សសម្ពន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ(NLD)។
សមាជិកបក្សNLDជាច្រើន រួមទាំងមេដឹកនាំ អ៊ុង សាន ស៊ូជី ផង បានរងការធ្វើបាបអស់ពេលរាប់ឆ្នាំ ដោយសារតែការប្រឆាំងនឹងរបបយោធានិងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
សូមរំលឹកថា ឧត្តមសេនីយ៍ មីន អ៊ុង ហ្លាំង អាយុ៦៤ឆ្នាំ នៅឆ្ងាយឬមិនចាប់អារម្មណ៍នឹងសកម្មភាពនយោបាយដែលកំពុងផុសផុលទេកាលពីពេលលោកសិក្សាច្បាប់នៅសកលវិទ្យាល័យយ៉ាហ្គោននៅឆ្នាំ១៩៧២-១៩៧៤ ។លោកជាមនុស្សមិនសូវចេះនិយាយស្តីច្រើន និងធម្មតាមិនសូវចេញមុខមាត់ទេ។ នេះបើតាមការឲ្យដឹងពីមិត្តរួមថ្នាក់ម្នាក់នៅឆ្នាំ២០១៦។
ពេលនិស្សិតរួមថ្នាក់ចូលរួមធ្វើបាតុកម្ម លោកមីន អ៊ុង ហ្លាំង បានដាក់ពាក្យចូលរៀនសកលវិទ្យាល័យយោធា គឺបណ្ឌិតសភាវិទ្យាសាស្ត្រយោធា និងបានសំរេចនៅក្នុងការប៉ុនប៉ងចូលរៀនលើកទី៣នៅឆ្នាំ១៩៧៤។
យោងតាមមិត្តរួមថ្នាក់ម្នាក់នៅបណ្ឌិតសភាវិទ្យាសាស្ត្រយោធា លោកមីន អ៊ុង ហ្លាំង ជាសិស្សនាយទាហានសាមញ្ញម្នាក់។លោកត្រូវបានដំឡើងឋានៈជាទៀងទាត់និងសន្សឹមៗ ហើយមិត្តរួមថ្នាក់ម្នាក់នេះបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលដោយបានឃើញ មីន អ៊ុង ហ្លាំង ឡើងហួសឋានន្តរស័ក្តិកណ្តាលរបស់កងទ័ព។
ឧត្តមសេនីយ៍មីន អ៊ុង ហ្លាំង បានចូលកាន់កាប់យោធាមីយ៉ាន់ម៉ានៅឆ្នាំ២០១១ ក្នុងពេលមីយ៉ាន់ម៉ាចាប់ផ្តើមធ្វើអន្តរកាលអំណាចទៅកាន់លទ្ធិប្រជាធិបតេយ្យ។ពួកអ្នកការទូតនៅក្រុងយ៉ាងហ្គោន បាននិយាយថា ចេញពីការមិនពេញចិត្តនឹងការចូលកាន់តំណែងរបស់លោកស្រី ស៊ូជី នៅឆ្នាំ២០១៦ ឧត្តមសេនីយ៍មីន អ៊ុង ហ្លាំងបានប្រែក្លាយខ្លួនលោកពីនាយទាហាននិយាយតិចម្នាក់ទៅជាអ្នកនយោបាយនិងជាបុគ្គលសាធារណៈមួយរូប។
ពួកអ្នកសង្កេតការណ៍បានកត់សំគាល់ការប្រើទំព័រហ្វេសប៊ុករបស់លោកដើម្បីផ្សព្វផ្សាយឃោសនាសកម្មភាពនិងជំនួបជាមួយឥស្សរជននានា ព្រមទាំងការទៅទស្សនាវត្តអារ៉ាម។profileផ្លូវការរបស់លោកបានទាក់ទាញអ្នកគាំទ្ររាប់មសែននាក់ មុនត្រូវបិទចោលបន្ទាប់ពីព្រឹត្តិការណ៍យោធាមីយ៉ាន់ម៉ាបង្ក្រាបលើក្រុមជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ានៅឆ្នាំ២០១៧។
ពួកអ្នកសង្កេតការណ៍និងអ្នកការទូតបានប្រាប់សារព័ត៌មានរ៉យទ័រថា ឧត្តមសេនីយ៍មីន អ៊ុង ហ្លាំង បានសិក្សាអំពីអន្តរកាលនយោបាយផ្សេងៗនិងខិតខំបញ្ចៀសចលាចល ដូចនៅលីប៊ី និងប្រទេសនៅមជ្ឈិមបូព៌ាដទៃទៀត បន្ទាប់ពីការដូររបបនៅឆ្នាំ២០១១។
អគ្គមេបញ្ជាការកងទ័ពរូបនេះមិនដែលបង្ហាញសញ្ញាម្តងណាថាលោកនឹងត្រៀមបោះបង់អាសនៈយោធា២៥ភាគរយនៅក្នុងសភាឡើយ និងក៏មិនអនុញ្ញាតឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដែលហាមប្រាមមិនឲ្យលោកស្រីស៊ូជី ក្លាយជាប្រធានាធិបតី ដោយសារតែលោកស្រីមានស្វាមីជាជនបរទេស(អង់គ្លេស)។
ក្នុងពិភពលោកសេរី លោកឧក្រិដ្ឋជនអន្តរជាតិម្នាក់ ដោយសារតែការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើក្រុមជាតិភាគិចរ៉ូហ៊ីងយ៉ានៅឆ្នាំ២០១៧។លោកត្រូវFacebook បិទគណនីមិនឲ្យប្រើដោយសារតែពន្យុះសម្តីសម្អប់ប្រឆាំងនឹងក្រុមជនជាតិភាគតិច ហើយពួកអ្នកស៊ើបអង្កេតសហប្រជាជាតិបានអំពាវនាវឲ្យកាត់ទោសលោកនិងមេដឹកនាំយោធាកំពូលដទៃទៀត ចំពោះការប្រព្រឹត្តអំពើប្រល័យពូជសាសន៍។លោកតែងច្រានចោលរាល់ការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស និងថាប្រតិបត្តិការយោធាដែលបានបង្ខំឲ្យជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រមាណ៧៥០.០០០ភៀសខ្លួនចូលប្រទេសបង់ក្លាដែស ថាជាការងារត្រឹមត្រូវដើម្បីបោសសម្អាតជនបះបោរ។
ការតវ៉ាចុងក្រោយរបស់យោធា អំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ២០២០ ដែលគណបក្សរបស់ស៊ូជី ទទួលបានអាសនៈសភាស្ទើរទាំងអស់ក្រៅពី២៥ភាគរយទុកសំរាប់ក្រុមយោធានោះកើតឡើងចំពេលមានការលេចឮមិនផ្លូវការថា នឹងមានការលុបចោលរដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយយោធានេះ ដោយសារបក្សកាន់អំណាចមានសំឡេងច្រើនលើសលប់នៅក្នុងសភា៕
ឧត្តមសេនីយ៍មីន អ៊ុង ហ្លាំង បានបន្តតំណែងអគ្គមេបញ្ជាការកងទ័ព៥ឆ្នាំទៀតកាលពីឆ្នាំ២០១៦ ជាចំណាត់ការមួយដែលធ្វើឲ្យអ្នកសង្កេតការណ៍ភ្ញាក់ផ្អើលដោយសារពួកគេរំពឹងថាលោកនឹងដកខ្លួននៅឆ្នាំនោះ ក្នុងអំឡុងពេលមានការរុះរើថ្នាក់ដឹកនាំយោធាមួយ