ដោយៈប.ខុន / ភ្នំពេញៈ នៅក្នុងសប្តាហ៍នេះ ប្រទេសកម្ពុជា នៅតែបន្តទទួលរង ឥទ្ធិពលពីរបបខ្យល់មូសុងឦសាន កម្រិតពីមធ្យម ទៅខ្លាំង តែធាតុអាកាស លែងត្រជាក់ខ្លាំង ដូចសប្តាហ៍មុនៗ ទៀតហើយ ព្រមពេលជាមួយគ្នានេះ អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម នៅលើបណ្តាខេត្ត មួយចំនួន។

ក្រសួងធនធានទឹក និងឧតុនិយម  នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានជូនជូនដំណឹង ស្តីពីការព្យាករអាកាសធាតុ សម្រាប់ពីថ្ងៃទី៣ ដល់ ៧ ខែកុម្ភៈ ឆ្នាំ ២០២១ ថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពល ខ្យល់មូសុងឦសាន ក្នុងកម្រិតពី មធ្យមទៅខ្លាំង និងនៅអំឡុងថ្ងៃទី៨ ឬ ៩ ខែកុម្ភៈ ឆ្នាំ២០២១  ទទួល ឥទ្ធិពល ពីកម្រិតសម្ពាធទាប ខ្សោយ និងឥទ្ធិពលខ្យល់ ប្រ៊ីស ( BREEZE) បក់មកពីឈូងសមុទ្រថៃ។

ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថាៈ ស្ថានភាពបែបខាងលើនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ១៩-២០ អង្សា សេ សីតុណ្ហភាព អតិបរមា មានពី ៣១-៣៤ អង្សាសេ នៅថ្ងៃទី៨ ឬ ៩ ខែកុម្ភៈ សីតុណ្ហភាព អប្បបរមា មានពី ២២-២៥ អង្សាសេ និងសីតុណ្ហភាព អតិបរមា មាន ពី ២៨-៣១ អង្សាសេ មានភ្លៀងពីខ្សោយ ទៅមធ្យម នៅលើខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។

នៅបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ១៦-១៩ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤អង្សាសេ។ នៅ ថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាព អប្បបរមា មានពី ២០-២៣ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ២៨-៣១ អង្សាសេ មានភ្លៀងខ្សោយ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២០-២៣ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨-៣១អង្សាសេ ។ នៅថ្ងៃទី ៨ ឬ ៩ ខែកុម្ភៈ សីតុណ្ហ ភាព អប្បបរមា មានពី ២១-២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមា មានពី ២៧-៣០ អង្សាសេ មានភ្លៀងពីខ្សោយ ទៅមធ្យម នៅខេត្តកោះកុង ព្រះសីហនុ កំពត  និងខេត្តកែប៕/V-PC