ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃចន្ទទី១កុម្ភៈ ក្រុមព្រះម៉ែម៉ារី Southampton បានបំពេញការខ្ចីជើងខ្សែបម្រើអន្តជាតិជប៉ុន កាគូមី មីណាមីណុ របស់ Liverpoolសម្រាប់រយៈពេលសេសសល់នៃរដូវកាលនេះ។
ការខ្ចីជើងកីឡាករអាយុ ២៦ ឆ្នាំ ដែលចុះហត្ថលេខាលេងឱ្យ Liverpool ពី RB Salzburg ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧,២៥ លានផោន (១០ លានដុល្លារ) កាលពីខែធ្នូឆ្នាំ២០១៩ និងបង្ហាញមុខដំបូងនៅខែបន្ទាប់ បានធ្វើឡើងបន្ទាប់ពីក្រុមព្រះម៉ែម៉ារីខកខានក្នុងការទិញកីឡាករអេនស្លី មេតលែន នីល របស់ Arsenal និង ខ្សែការពារស្លាប ណេកូ វីលលៀម របស់ Liverpool។
ទន្ទឹមនេះដែរ Liverpool កំពុងជិតបំពេញរួចនូវកិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារកណ្តាលសញ្ជាតិតួកគីរបស់ Schalke ឈ្មោះ អូហ្សាន កាបាក់។
ខ្សែការពារអាយុ ២០ ឆ្នាំរូបនេះនឹងចូលរួមជាមួយ Liverpool រហូតដល់ចុងរដូវកាល បន្ថែមពីលើកិច្ចព្រមព្រៀងទិញកីឡាករបិន ដេវីស របស់ Preston មកទឹកដី Anfield ក្នុងតម្លៃ ២ លានផោន (២,៧៤ លានដុល្លារ)។
ខ្សែការពារដេវីសអាយុ ២៥ ឆ្នាំចុះហត្ថលេខារយៈពេលវែងនៅ Anfield ។
កីឡាករឌួហ្សេ កាឡេតា ខា របស់ Marseille ក៏ជាគោលដៅតាមទិញរបស់ហង្សក្រហមដែរ ដោយក្លិបចង់ស្វែងរកជម្រើសការពារកណ្តាលច្រើននាក់ថែមទៀតដោយសារបញ្ហារបួស។
Liverpool មានជម្រើសទិញយកកាបាក់ដាច់តែម្តងនៅចុងរដូវកាល ហើយនឹងបង់ប្រាក់១លានផោនថ្លៃខ្ចីជើងឥឡូវនេះ ជាមួយលទ្ធភាពផ្តល់ប្រាក់លើកទឹកចិត្ត ៥០ ម៉ឺនផោនទៀតផ្អែកលើការលេងនិងរបៀបដែលក្រុមអាចលេងដល់ចំណុចណានៅក្នុង Champions League៕
(រាប់ពីឆ្វេង) បិនដេវីស, ឌួហ្សេ កាឡេតា ខា និង អូហ្សាន កាបាក់
មីណាមីណុ