Home ព័ត៌មានជាតិ សន្តិសុខ អគ្គិភ័យ បាន​...

អគ្គិភ័យ បាន​ឆេះ​រោងចក្រ​តម្បាញ និង​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​ក្រុង​ចំនួន​ពីរ ក្នុង ១យប់

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្នុង ១ យប់ មាន​ករណី​អគ្គិភ័យ ឆាបឆេះ​អស់ ២ កន្លែង ក្នុងនោះ រោងចក្រ​តម្បាញ ស្ថិតនៅក្នុង​ក្រុង​ប៉ោយប៉ែត និង​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅក្នុង ក្រុង​សិរីសោភ័ណ​។​

​បើតាម​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ករណី​ទី​១ នៅវេលា​ម៉ោង ២​និង​៣០​នាទី ទៀបភ្លឺ ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​អគ្គិភ័យ កើតឡើង នៅ​ចំណុច​រោងចក្រ​តម្បាញ ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​

​ប្រជាពលរដ្ឋ ឈ្មោះ ពៅ ធូ ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ រស់ក្នុង​រោងចក្រ​តម្បាញ បាន​ប្រាប់ ឲ្យ​ដឹងថាៈ អគ្គិភ័យ បាន​បង្ករ​ឡើង​ដោយសារ ទុស្សេ​ឆ្នាំង​សាក​ទូរស័ព្ទ រួច​ប៉ះ​ជាមួយ ក្រណាត់ បណ្ដាលឱ្យ​ឆាបឆេះ​តែម្តង​។ ការខូចខាត ដែល​ស្ថិតក្នុង​ការប៉ាន់ប្រមាណ រួមមាន ខូច​ម៉ាស៊ីនដេរ ប្រហែល ៤០ គ្រឿង ម៉ាស៊ីនផុង ប្រហែល​ជាង ៣០០ គ្រឿង កង្ហារ​បញ្ឈរ​ធំ ប្រហែល ៤០ គ្រឿង ក្រណាត់​ប្រហែល ២០០ កា​រ៉ុង ដែក​ថ្ពក់​ខោអាវ ប្រហែល ៦០ កេស ឧបករណ៍ប្រើប្រាស់ និង​ឯកសារ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិនមាន​អ្នករងរបួស ឬ​បាត់​បង់ជីវិត​ឡើយ​។ សមត្ថកិច្ច​ចំរុះ បាន​សហការគ្នា ជួយ​ពន្លត់ភ្លើង​យ៉ាងសកម្ម ក្នុងនោះ មាន​រថយន្ត​៨ គ្រឿង ចេញ​មកជួយ​ពន្លត់ បាញ់​ទឹក​អស់ ១៣ រថយន្ត ទើប​ភ្លើង បាន​រលត់​ទាំងស្រុង នៅ​ម៉ោង ៥​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃ​ដដែល​។​

​ប្រភព​ដដែល បាន​បន្តថាៈ ករណី​ទី​២ នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ មាន​ករណី​អគ្គិភ័យ បង្កឡើង​ដោយ​ឈ្មោះ ថា​ន ច​ន្ធី ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ឪពុក​ឈ្មោះ កែវ ថា​ន អាយុ ៥៨​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប និង​ម្តាយ​ឈ្មោះ ថា​ន់ សាឡ​ន អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ប្រភព បានបញ្ជាក់​ថាៈ នៅពេល​កើតហេតុ​នោះ ជនបង្ក​ឈ្មោះ ថា​ន ច​ន្ធី បាន​ហៅ មិ​ត្ភ​ភក្តិ​ទិញ​ស្រា មក​ផឹកស៊ី នៅ​នឹង​ផ្ទះ​របស់​ឪពុក​បង្កើត​ខ្លួន យ៉ាង​សប្បាយ​។ ឪពុកម្ដាយ មិន​ហ៊ាន​នៅផ្ទះ បាននាំគ្នា​ដើរចេញ ទៅផ្ទះ​កូន​មួយទៀត​។ ក្រោយមក​មិត្តភក្តិ របស់​ជនបង្ក បាន​ជិះ​ម៉ូតូ​ទៅវិញ​អស់ ជនបង្ក​បាន​ស្រែក​ឡូឡា​ម្នាក់ឯង និង​ធ្វើ​សកម្មភាព​ដុត​សម្ភារៈ ក្នុងផ្ទះ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ខ្នើយ និង​ខោអាវ​មួយចំនួន ។ តែ​មិន​បង្ក​ឲ្យ​ខូចខាត ផ្ទះសម្បែង​ទេ ព្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ នៅ​ជិតខាង​ជួយ​ពន្លត់​ទាន់​។​

​សម្ថ​កិច្ច បានបញ្ជាក់​ទៀតថាៈ ផ្ទះ​មាន​ទំហំ ៧ ម៉ែត្រ គុណ​នឹង ៩ ម៉ែត្រ សង់​ពីរ​ជាន់ ថ្ម​ក្រោម ឈើ​លើ ប្រក់​ស័ង្កសី​។ ក្រោយពេល​កើតហេតុ ជនបង្ក បាន​រត់​គេចខ្លួនបាត់ ហើយ​សមត្ថកិច្ច កំពុង​តាម​ស្វែងរក ដើម្បី​យកមក​ផ្តន្ទាទោស តាមច្បាប់​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular