ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ ស្ថិតក្នុងការស្លៀកពាក់ឈុតទាហាន ត្រូវជនមិនស្គាល់មុខ បានលបវាយ ដោយប្រើវត្ថុរឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបន្ទាប់មក បុរសនោះ ក៏បានស្លាប់ នៅពេលបញ្ជូន ដល់មន្ទីរពេទ្យ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ឃុំអូរសំព័រ បានប្រាប់ឲ្យដឹងថាៈ បុរសរងគ្រោះ មានឈ្មោះ រ៉ុង រឿង អាយុ ៦១ ឆ្នាំរស់នៅក្នុងភូមិបន្ទាយទីពីរ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ។ នៅពេលព្រឹកថ្ងៃទី១ ខែកុម្ភៈនោះ ប្រជាពលរដ្ឋ បានប្រទះឃើញជនរងគ្រោះ ត្រូវគេវាយដំឡើងសុះសាច់ ដេកសន្លប់នៅនឹងកន្លែង។ បុរសម្នាក់នោះ ស្លៀកពាក់ ឈុតទាហាន ដែលមានស្លាកសញ្ញា អង្គភាពកងទ័ពថ្មើរជើង វរៈសេនាតូចលេខ៥១ ។ នៅពេលនោះ ប្រជាពលរដ្ឋ ក៏បានជួយដឹក បញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ដោយសារតែកាវាយដំ របួសធ្ងន់ធ្ងរពេក ប៉ុន្តែបុរសនោះ ក៏បានស្លាប់ នៅពេលបញ្ជូន ដល់មន្ទីរពេទ្យ ។ ចំណែកឃាតក ដៃដល់ បានរត់គេចខ្លួនបាត់។
បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចថា ឃាតក វាយជនរងគ្រោះ បណ្តាលឲ្យស្លាប់នេះ ប្រហែលមកពីរឿងទាស់ពាក្យសម្តីគ្នា ក្នុងកន្លែងផឹកស៊ី ប៉ុន្តែទោះបីជាយ៉ាងណា សម្ថកិច្ច កំពុងតែស្រាវជ្រាវ កំណត់មុខសញ្ញាជនដៃដល់ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោស តាមច្បាប់៕/V-PC