Home ព័ត៌មានសំខាន់ៗ កោះ​ព្រហ្មចារ...

កោះ​ព្រហ្មចារី មាន​ទេសភាព​ស្រស់ស្អាត​ប្រៀប​ដូច​បុប្ផា​កំពុង​ក្រពុំ​

ដោយៈ​សុផល​/​ភ្នំពេញៈ ជិះ​កាណូត​ធ្វើដំណើរ​តាម​ទន្លេមេគង្គ​ប្រមាណ​តែ ២០ នាទី​ប៉ុណ្ណោះ ភ្ញៀវទេសចរ​នឹង​បាន​ទៅដល់​កោះ​ព្រហ្មចារី​ជាក់​ជាមិនខាន ខណៈ​កោះ​ដ៏​ទាក់ទាញ​មួយ​នេះ​ត្រូវបាន​គេ​ល្បី​តៗ​គ្នា​ថា “​មាន​ទេសភាព​ស្រស់ស្អាត ប្រៀប​ដូច​ក្រមុំ​ព្រហ្មចារី​” យ៉ាង​ដូច្នេះ​ឯង​។​

​កោះ​ព្រហ្មចារី ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ចម្ងាយ​ប្រមាណ​តែ ១៧ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​។​

លោក​ចាន់​សុគ​ន្ធី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​មានប្រសាសន៍ថា​ភ្ញៀវទេសចរ​គួរតែ​ទៅ​ទស្សនា​កោះ​សហគមន៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ​ពិសេស​គឺ​ដើម្បី​បាន​ទស្សនា​សត្វ​ផ្សោត សត្វ​ក្ដាន់​ដែល​សុទ្ធតែជា​សត្វ​កម្រ​។​មក​ទស្សនា​កោះ​ព្រហ្មចារី​មាន​ទេសភាព ព្រៃឈើ ព្រៃ​លិច​ទឹក​មាន​ក្បូរក្បាច់​ល្អ​ពី​ធម្មជាតិ ឆ្នេរ​ខ្សាច់​សក្បុស​ដ៏​ស្រស់ស្អាត​ដូច​សាច់​នារី​ក្រមុំ​ព្រហ្មចារី​។​ព្រមទាំង​បាន ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ បាន​ទស្សនា​ទេសភាព​ដង​ទន្លេមេគង្គ​ទាំងមូល​ផងដែរ​។​

​អនុប្រធាន​មន្ទីរ​ទេសចរណ៍ លោក ប៉ុន សំបូរ បានឱ្យដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​បាន​សហការ​ជាមួយ​អង្គការ WWF រៀបចំ​បង្កើត​សហគមន៍​ថ្មី​មួយ​នេះ​ឡើង​នា​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ ដោយ​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា “​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ព្រហ្មចារី​ជ្រោយ​បន្ទាយ​”​។​

លោក​និយាយថា​ការបង្កើត​សហគមន៍​នេះ​មាន​គោលបំណង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សហគមន៍​មូលដ្ឋាន​មាន​សិទ្ធិអំណាច​ក្នុងការ​គ្រប់គ្រង និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគមន៍​របស់ខ្លួន ព្រមទាំង​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ទេសចរណ៍ លើកកម្ពស់​ជីវភាព កាត់បន្ថយ​ការ​ចំណាកស្រុក ពិសេស​គឺ​ដើម្បី​ចូលរួម​ការពារ​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់ មានដូចជា​ធនធាន​ព្រៃឈើ សត្វព្រៃ ពិសេស​គឺ​សត្វ​ក្ដាន់ សត្វ​ផ្សោត ជាដើម​។​

​នៅក្នុង​សហគមន៍​មាន​សក្ដានុពល​ទេសចរណ៍​ជាច្រើន ដូចជា ដង​ទន្លេមេគង្គ​ដែលមាន​ភាព​ទាក់ទាញ​យ៉ាងសំខាន់​។ កោះ​ព្រហ្មចារី​ដែលជា​សម្បុក​នៃ​ទេសភាព​ដ៏​ស្រស់ត្រកាល​ចម្រុះ​សម្បូរបែប ។​ការ​ទស្សនា​សត្វ​ផ្សោត​។ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ពិសេស​គឺ​ការ​ទៅ​ទស្សនា​សត្វ​ក្ដាន់​ដែលជា​សត្វ​កម្រ​ហើយ​នៅមាន​វត្តមាន​ក្នុង​តំបន់​នេះ​និង​សក្ដានុពល​ផលិតផល​ទេសចរណ៍​ជាច្រើន​ទៀត​។​ក្រៅពីនេះ​ភ្ញៀវទេសចរ​អាច​ជិះទូក​-​កាណូត​ទស្សនា​តាម​ដង​ទន្លេ ដើម្បី​មើល​សត្វ​ផ្សោត និង​ទៅលេង​លើ​កោះ​ព្រហ្មចារី ស្ទូចត្រី បោះតង់​នៅលើ​កោះ និង​សកម្មភាព​ទេសចរណ៍​ជាច្រើន​ទៀត​។​

បើតាម​លោក ប៉ុន សំបូរ ដំណើរ​ដើមទង​នៃ​ការដាក់​ឈ្មោះ​កោះ​ធម្មជាតិ​កណ្ដាល​ដង​ទន្លេមេគង្គ​មួយ​នេះ គឺ​ពីដំបូង​ឡើយ អ្នកស្រុក​នៅ​ទីនោះ​ហៅ​កោះ​នេះ​ថា “​កោះ​យ៉ៃ​”​។ ប៉ុន្តែ​ក្នុងពេលដែល​លោក ឡូយ សុផាត ធ្វើជា​អភិបាល​ខេត្តក្រចេះ លោក​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ​នៅលើ​កោះ​នេះ​មុនគេ ហើយដោយ​ឃើញ​ទីធ្លា​ខ្សាច់​ស្អាត​សក្បុស ទេសភាព​គួរ​ជាទី​រមណីយ ដែល​ប្រៀបដូចជា​នារី​ក្រមុំ​ព្រហ្មចារី ហើយ​មិនទាន់មាន​អ្នកណា​ទៅលេង​កម្សាន្ត​ផង​នោះ លោក​ក៏​សម្រេច​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឯកភាព​ដាក់ឈ្មោះ​កោះ​នេះ​ថា “​កោះ​ព្រហ្មចារី​” តែម្ដងទៅ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular