តារា​កំប្លែង​អាមេរិក ប៊ី​ល ខូ​ស​ប៊ី ត្រូវបាន​ផ្តន្ទាទោស​ពីបទ​រំលោភ​ផ្លូវភេទ​

947
ចែករម្លែក

​បន្ទាប់ពី​មានការ​ខ្សឹបខ្សៀវ ពាក្យបណ្តឹង ការស៊ើបអង្កេត និង ការ​គេច​ផុតពី​ការចោទប្រកាន់​ជាច្រើន​ទសវត្សរ៍​មកនេះ ព្រមទាំង​ស្ត្រី​ជាច្រើន​ដែល​បាត់បង់​ក្តី​សង្ឃឹមថា​គ្រប់គ្នា​លែង​ជឿ​ពាក្យសម្តី​របស់​ពួកនាង​ប្រឆាំងនឹង​តារា​កំប្លែង រហស្សនាម “​បិតា​របស់​អាមេរិក​” ទីបំផុត​លោក ប៊ី​ល ខូ​ស​ប៊ី (Bill Cosby) អាច​នឹងត្រូវ​នាំខ្លួន​ចូលដេក​គុក​នៅ​អាយុ ៨០ ឆ្នាំ​សម្រាប់​ជីវិត​នៅសល់​របស់គាត់​។​

​តារា​កំប្លែង​រូបនេះ​ត្រូវបាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា​ពីបទ​សេព​គ្រឿងញៀន និង បៀតបៀន​ផ្លូវភេទ​លើ​បុគ្គលិក​នៅ​សាកលវិទ្យាល័យ​ថេ​ម​ផល (Temple University) នាង អង់​ឌ្រា ខុន​ស្តែ​ន នៅឯ​គេហដ្ឋាន​របស់គាត់​ក្នុង​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ កាលពី ១៤ ឆ្នាំមុន នៅក្នុង​សាលក្រម​មួយ ដែល​ក្រុម​អ្នកតស៊ូ​មតិ​ដើម្បី​ស្ត្រី ហៅថា ជា​ចំណុច​របត់​មួយ​នៅក្នុង​ចលនា MeToo ដែល​បង្ហាញ​ពីអ្វី​ដែល​ក្រុម​អ្នកចោទ​ប្រកាន់​លើ​លោក​ខូ​ស​ប៊ី បាន​និយាយ​ទាំង​អំបាលម៉ាន គឺជា​ការពិត ដែលថា បុរស​រូបនេះ​ជា​បុរស​ល្អ​ក្លែងបន្លំ​។​

​នាង លី​លី បឺ​ណាត ដែល​និយាយថា ខូ​ស​ប៊ី​បាន​ចាប់រំលោភ​នាង​មុនពេល​ផ្តល់​តួនាទី​នាង​ក្នុង​រឿង “The Cosby Show” ក្នុង​ឆ្នាំ ១៩៩២ មាន​អារម្មណ៍​ក្តុកក្តួល​ជាខ្លាំង​នៅក្នុង​បន្ទប់​សវនាការ​រហូត​ដល់​ថ្នាក់​នាង​ជល់​ថ្ងាស​របស់​នាង​ដោយ​ចៃដន្យ​នៅលើ​កៅអី​នៅខាងមុខ​នាង​ទៀតផង​។​

​អង្គចៅក្រម​ដែលមាន​បុរស​៧​នាក់​និង​ស្ត្រី​៥​នាក់​បាន​ពិភាក្សា​រយៈពេល ១៤ ម៉ោង​អំឡុង​រយៈពេល​២​ថ្ងៃ មុនពេល​ផ្តន្ទាទោស ខូ​ស​ប៊ី​ពីបទ​រំលោភ​នាងខុន​ស្តែ​ន កាល​ឆ្នាំ ២០០៤​។​

​ចៅក្រម ស្តេ​ហ្វិ​ន អូ​នី​ល បានសម្រេច​ឱ្យ​លោក​ខូ​ស​ប៊ី​នៅ​បន្ត​មាន​សេរីភាព​ដោយ​បង់ប្រាក់​ធានា​ក្រៅ​ឃុំ ១ លាន​ដុល្លារ ខណៈ​លោក​ចៅក្រម​រង់ចាំ​កាត់ទោស​គាត់ ប៉ុន្តែ​ដាក់​កំហិត​ឱ្យ​លោក​ខូ​ស​ប៊ី​ស្ថិត​នៅតែ​ក្នុង​តំបន់​ម៉​ង់​ហ្គោ​មឺ​រី កន្លែង​ដែល​ផ្ទះ​របស់គាត់​ស្ថិតនៅ​។ កាលបរិច្ឆេទ​កាត់ទោស​ផ្តាច់ព្រ័ត្រ​មិនទាន់​បានកំណត់​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក ប៊ី​ល ខូ​ស​ប៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម