ដោយ:ជា សីហ:/ភ្នំពេញ: សហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា ខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង៣ម៉ឺន៤ពាន់តោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹកនិងការដឹកជញ្ជូនតាមកប៉ាល់។
ប្រភពដដែលបានបន្តថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២១ ទៅកាន់ ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤.២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០,៧៦លានដុល្លារសហរដ្ឋអាមេរិច ដែលមានការថយចុះជារួម ៣២,០៧% ដែលជា ពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារ ប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹង ខែមករា ឆ្នាំមុន។
ការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិក សភាពអឺរ៉ុប ដែលមានការធ្លាក់ចុះដល់ទៅជិត៦០% គឺ បណ្តាលមកពីមូលហេតុចម្បង គឺបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុង ព្រះសីហនុ(Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀត សោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន។ ចំពោះទីផ្សារប្រទេសចិនបានកាន់ កាប់ចំណែក ៤៧,១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណគឺមានចំនួន ១៦.១៦៣ តោន និងមានការកើនឡើង៧,៧% បើធៀបនឹងខែមករា ឆ្នាំ២០២០។
ចំពោះប្រភេទអង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧,៦៣% គឺជាចំណែក របស់អង្ករក្រអូប ដែលរួមមានទាំងក្រអូបប្រណីត សែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម៕/PC