ដោយៈ សរិទ្ធ / ព្រះសីហនុៈ រថយន្តមួយគ្រឿង បានបុកម៉ូតូ បណ្ដាលឱ្យក្មេងប្រុសម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ នៅវេលាម៉ោង ៣និង៣០នាទី រសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខស្ថានីយប្រេង PTT ក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សមត្ថកិច្ច បានបញ្ជាក់ថាៈ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្ត ១ គ្រឿង (មិនទាន់ស្គាល់ម៉ាក) បើកចេញពីក្រុងព្រះសីហនុ បានបុកម៉ូតូ ១ គ្រឿង ម៉ាក SIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលអ្នកបើកបរ ឈ្មោះ ឈិក ស្រីពេជ្រ ភេទស្រី អាយុ ១៥ ឆ្នាំ រួមដំណើរដោយប្អូនប្រុសម្នាក់ ឈ្មោះ ឈិក សូរិយា អាយុ ១១ ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅស្របគ្នា បណ្ដាលឱ្យក្មេងប្រុស ឈ្មោះ ឈិក សូរិយា ជាអ្នករួមដំណើរលើម៉ូតូ ស្លាប់ នៅនឹងកន្លែងកើតហេតុ។ ចំណែកឈ្មោះ ឈិក ស្រីពេជ្រ អ្នកបើកបរម៉ូតូ រងរបួសស្រាល ។ ក្រោយពេលកើតហេតុ រថយន្តបង្កបានបើក បន្តទៅមុខ គេចបាត់ ពីកន្លែងកើតហេតុ ដែលពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកបន្ត ៕/V-PC