ប្រែសម្រួលៈវាសនា/ប៉េកាំង៖អ្នកការទូតកំពូលរបស់ចិនលោក យ៉ាង យីជិ កាលពីថ្ងៃអង្គារទី០២កុម្ភបានអំពាវនាវអោយចិននិងអាម៉េរិកស្តារទំនាក់ទំនងរបស់គេឡើងវិញ ឆ្ពោះទៅកាន់ផ្លូវអភិវឌ្ឍន៍បែបស្ថាបនានិងអាចព្យាករណ៍បានមួយ។
លោកយ៉ាង ជាមេដឹកនាំជាន់ខ្ពស់បំផុតរបស់ចិនដែលបាននិយាយអំពីទំនាក់ទំនងចិន-អាម៉េរិក ចាប់តាំងពីលោកបៃដិន ចូលកាន់តំណែង ។លោកបាននិយាយនៅវេទិកាតាមអនឡាញមួយដែលរៀបចំឡើងដោយ គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងចិន-អាម៉េរិក កាលពីថ្ងៃអង្គារ ។
ទន្ទឹមនឹងអំពាវនាវអោយស្តារទំនាក់ទំនងឡើងវិញ លោកយ៉ាង ក៏បានព្រមានថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន គឺជា«បន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងកាត់»។
យ៉ាង យីជិ ដែលជាសមាជិកការិយាល័យនយោបាយរបស់បក្សកុំម្មុយនីស្ត បាននិយាយថា ប្រទេសទាំង២អាចធ្វើការជាមួយគ្នា ដើម្បីធ្វើអោយប្រសើរឡើងកិច្ចការពិភពលោក។
លោកបាននិយាយថា«នៅប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលរបស់ត្រាំ បានប្រកាន់យកគោលនយោបាយខុសឆ្គងប្រឆាំងនឹងចិន ដោយរុញទម្លាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរចូលក្នុងយុគលំបាកបំផុតរបស់វាចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក។យើងជឿថា សន្តិភាពនិងការអភិវឌ្ឍនៅតែជានិន្នាកាជោគជ័យគ្រប់ពេល និងការរួមរស់នៅជាមួយគ្នាដោយសន្តិវិធី និងកិច្ចសហការឈ្នះឈ្នះនៅតែជាបំណងប្រាថ្នារួមនៃប្រជាជនទាំងអស់»។
តែលោកយ៉ាងបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវតែឈប់ជ្រៀតជ្រែកចូលក្នុងបញ្ហាដែលចិនគិតថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន ដូចជាហុងកុង ទីបេតិ៍ និងស៊ីនជាំង៕
លោកយ៉ាង បាននិយាយនៅក្នុងវេទិកាតាមអនឡាញមួយស្តីពីទំនាក់ទំនងចិន-អាម៉េរិកកាលពីថ្ងៃអង្គារ