ប្រែសម្រួល : កញ្ញាដាលីស ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា ប៉ូលិសចិនបានចាប់ខ្លួនមនុស្សជាង ៨០ នាក់និងរឹបអូសបានវ៉ាក់សាំងកូវីដ១៩ក្លែងក្លាយចំនួន ៣.០០០ ដូស ជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងវ៉ាក់សាំង។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយកាលពីថ្ងៃចន្ទទី០១ខែកុម្ភៈថា ជនសង្ស័យចាប់ផ្តើមអនុវត្តឧបាយកលនេះចាប់តាំងពីខែកញ្ញាឆ្នាំទៅ។
ស៊ីនហួនិយាយថា វ៉ាក់សាំងក្លែងក្លាយត្រូវបានបង្កើតឡើងដោយការចាក់បញ្ចូលទឹកស៊ីរ៉ូមប្រៃទៅក្នុងសឺរ៉ាំង។ យោងតាមប្រភពដែលស្និទ្ធនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងធំមួយរបស់ចិនបានឱ្យដឹងថា ជនសង្ស័យអាចមានគោលបំណងបញ្ជូនវ៉ាក់សាំងទៅបរទេស។ នេះយោងតាមកាសែត Global Times។
ស៊ីនហួនិយាយថាប្រតិបត្តិការបង្ក្រាបរបស់ប៉ូលិសត្រូវបានអនុវត្តនៅកន្លែងជាច្រើនរួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និង ខេត្តសានទុង នៅភាគខាងកើត។
បណ្តាប្រទេសនៅជុំវិញពិភពលោកកំពុងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង ដោយសង្ឃឹមថានឹងនាំមកនូវទីបញ្ចប់នៃជំងឺកូវីដ៕
វ៉ាក់សាំងក្លែងក្លាយ ៣០០០ដូសត្រូវរឹបអូសបានកាលពីថ្ងៃចន្ទ