ដោយ:ជា សីហ:/ភ្នំពេញ: អង្គការ WCS បានអះអាងនៅលើបណ្តាញសង្គមថា សត្វប្រើ សស្បូវមួយក្បាលត្រូវបានជួយសង្គ្រោះពេលដែល វាកំពុងជាប់អន្ទាក់របស់ព្រានព្រៃ ដាក់ខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។
អង្គការនេះបានអះអាង នៅក្នុងបណ្តាញសង្គមថា ប្រើសស្បូវនេះ មានសំណាងដោយ បានជួបជាមួយក្រុមស្រាវជ្រាវសត្វព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា ប៉ុន្តែក្រុមការងារ មិនចូលទៅជិតវាទេ ព្រោះខ្លាចវាភ័យផ្អើល និងអាចបណ្តាលឱ្យក្រុមការងារមានរបួស។
ប្រភពដដែលបានបន្តថា ដើម្បីជួយសង្គ្រោះប្រើសស្បូវនេះឱ្យរួចពីអន្ទាក់ក្រុមការងារបាន យកកាំបិតចងភ្ជាប់នឹងចុងឫស្សីវែងមួយដើម ដើម្បីកាត់ផ្តាច់ខ្សែអន្ទាក់បានសម្រេចហើយ។
ប្រភពដដែលបានបន្តថា ប្រើសនេះបានជាប់អន្ទាក់នៅទីនេះអស់រយៈពេលជាច្រើន ថ្ងៃហើយ ហើយវាមិនដឹងថាត្រូវធ្វើអ្វីទេ ទោះបីជាវាបានរួចពីអន្ទាក់ហើយក្តី។
តាមធម្មតា កាលណាសត្វព្រៃមានរបួសដូច្នេះ ក្រុមការងារចាំបាច់ត្រូវព្យាបាលវាជាមុនសិន ក៏ប៉ុន្តែ ដោយសារស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលក្រុមការងារមិនអាចធ្វើកិច្ចការនេះ បានទេ៕/PC