ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ បានបើកម៉ូតូលឿនពេក មិនគោរពភ្លើងស្តុប បានជ្រុលទៅបុករថយន្ត មួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ ពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១ និង២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅចំណុចស្តុបបូកគោ តាមបណ្ដោយផ្លូវ ព្រះមុនីវង្ស កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាក្សីបានប្រាប់ឲ្យដឹងថាៈ ដំបូងរថយន្តម៉ាកតូយ៉ូតា តាកូម៉ា មួយបាំងកន្លះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-0007 បានដឹកបន្លែពេញរថយន្ត ហើយបើកតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូម៉ាក ហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ក្រហមពាក់ស្លាក លេខ ភ្នំពេញ 2AO-1852 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ក្នុងល្បឿនយ៉ាងលឿន និងមិនគោរពភ្លើងស្តុប ផងនោះ ក៏ជ្រុលទៅបុករថយន្តតូយ៉ូតា តាកូម៉ា ចំពីមុខចំហៀងខាងស្ដាំ ពេញទំហឹង បណ្ដាលឲ្យបុរសភាគីខាងម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ ។ ចំណែករថយន្ត និងម៉ូតូ បានរងការខូចខាត ដូចគ្នា ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ខណ្ឌ និងរាជធានីភ្នំពេញ ឲ្យមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕/V-PC