Home ព័ត៌មានសំខាន់ៗ ក្រសួង​ប្រៃសណ...

ក្រសួង​ប្រៃសណីយ៍ ដាក់​កំហិត​ខ្លួនឯង​ថា នឹង​ក្លាយទៅជា​ក្រសួង នាំមុខ​ខាង​ផ្នែក ឌីជីថល នា​ឆ្នាំ​ក្រោយនេះ​

ដោយ​: ពៅ​និមល / ភ្នំពេញ​: លោក ជា វ៉ាន​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរ គមនាគមន៍ បាន​មានប្រសាសន៍ថាៈ នៅ​ដើមឆ្នាំ ២០២២ ខាងមុខ​តទៅ ក្រសួង​ប្រៃ ស​ណី​យ៍ និង​ទូរគមនាគមន៍ នឹង​ប្រែ​ទៅជា​ក្រសួង​ឈានមុខ​គេ ក្នុងការ​ប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល (Digital) ច្រើនជាង​ប្រើ​ក្រដាស​។​

​លោក​រដ្ឋមន្ត្រី ជា វ៉ាន​ដេ​ត កាលពី​ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ បានលើកឡើង​ថាៈ លោក នឹង​ដឹកនាំ​ក្រសួង​នេះ ឈានមុខ​គេ លើ​ផ្នែក​បច្ចេកវិទ្យា ឌីជីថល ពោលគឺ កម្ពុជា នឹង​ឈប់​ប្រើប្រាស់​ក្រដាស ដោយ​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា ឌីជីថល ដើម្បី​ជា​ជំនួយ និង​ការងារ​ប្រចាំថ្ងៃ ដូចជា ការចុះហត្ថលេខា និង​ការសម្រេចចិត្ត​នានា តាមរយៈ ឌីជីថល ជំនួស​វិញ​។​

​លោក​បាន​បន្តថាៈ ក្នុងនោះ ដើម្បី​សម្រេចបាន​គោលដៅ ក្រសួង​បានរៀបចំ​អភិវឌ្ឍន៍ នូវ​គម្រោង ២១ ដោយ​ភាគច្រើន ជា​ថវិកា​របស់​ក្រសួង បានមកពី​ការ​សន្សំសំចៃ ហើយ ២១ គម្រោង​នេះ មាន​គម្រោង​ខ្លះ នឹងត្រូវ​បញ្ចប់ នាពេល​ឆាប់ៗ​នេះ ហើយ​គម្រោង​ខ្លះទៀត បានដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង ដោយ​នឹង​បន្ត​អភិវឌ្ឍន៍ រហូតដល់​ខែមករា ឆ្នាំ​២០២២ ខាងមុខ ក្រសួង នឹង​ប្រកាសថា ជា​ក្រសួង ឌីជីថល​។​

​លោក ជា វ៉ាន់​ដេ​ត បានលើកឡើង​ថាៈ “​នៅពេលដែល​យើង ទទួលបាន​ជោគជ័យ គឺ​យើង​នឹង​គិតគូរ​ពិចារណា ថា​តើ​ក្រសួង​ណា ដែល​ចង់ឱ្យ​ក្រសួង ប្រៃសណីយ៍​ជួយ ក្នុង​ការជំរុញ​ប្រើប្រាស់ ឌីជីថល​នេះ យើង​នឹង​ជួយ​។ យើង​រៀបចំ​យន្តការ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ ក្នុងការ​អនុវត្ត​គម្រោង ឌីជីថល នៅ​ក្រសួង​ប្រៃសណីយ៍ ដើម្បី​ធានាថា គម្រោង​ទាំងអស់ ដាក់ឱ្យ​ប្រើប្រាស់ គឺមាន​ចរន្ត​ភាពជា​រៀងរហូត ពោល​មិន​ឱ្យប្រើ ហើយ​ដាច់​ទៅវិញ ឬ​បរាជ័យ ទៅវិញ​នោះទេ​”​។​

​គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ចំនួន​អ្នកប្រើប្រាស់ សេវា​អ៊ិន​ធើ​ណេ​ត (Internet)​កើនឡើង ប្រមាណ ១៦ លាន​នាក់ នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុងនោះ អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត ចំនួន​ប្រមាណ​ជាង ២០ លាន​ស៊ីម​កាត និង​អ្នកប្រើប្រាស់​គណនី ហ្វេ​ស​ប៊ុ​ក (Facebook) សរុប​ប្រមាណ​ជាង ១០ លាន​គណនី​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular