ដោយៈ សរិទ្ធ / កណ្ដាលៈ យុវជនម្នាក់ ដែលបានចាប់នារីម្នាក់ រំលោភសេពសន្ថវៈ រហូតបានសម្រេច បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយយោងតាមពាក្យបណ្តឹង របស់ឪពុកម្តាយនារីរងគ្រោះ។
យុវជន ជាជនសង្ស័យ ឈ្មោះ វី រ៉ាមី អាយុ ២២ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកនារីរងគ្រោះ មានអាយុ ១៩ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅក្នុងភូមិឃុំ ជាមួយគ្នា។
សមត្ថកិច្ច បានបញ្ជាក់ថាៈ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ យុវជន ជាជនសង្ស័យ រូបនេះ បានបើកម៉ូតូឌុបនារីម្នាក់ ទៅហូបការជាមួយ លុះត្រឡប់មកវិញ វេលាម៉ោង ១០ និង ៤៥នាទី យប់ ដល់ទីស្ងាត់ ស្ថិតនៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ទប់នឹងតណ្ហា ពុះកញ្ជ្រោល មិនបាន យុវជននោះ ក៏បានចាប់នារីដែលខ្លួនឌុបនោះ រំលោភរហូតបានសម្រេច។ លុះ ៣ ថ្ងៃក្រោយមក ក៏ត្រូវបានឪពុកម្ដាយ ខាងនារីរងគ្រោះ ប្តឹងសមត្ថកិច្ច ឲ្យចាប់ខ្លួនយុវជននោះតែម្ដង។
ចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ បានសារភាពថាៈ ខ្លួនពិតជាបានរំលោភ សេពសន្ថវៈលើជនរងគ្រោះ ប្រាកដមែន។ កន្លងមក ជនសង្ស័យ ធ្លាប់បានជាប់ពន្ធនាគារ ចំនួន១លើក នៅពន្ធនាគារខេត្តកណ្ដាល រយៈពេល១៨ខែ ពីបទ លួចមានស្ថានទម្ងន់ ក្នុងឆ្នាំ២០១៧ ។ បច្ចុប្បន្ន ជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕/V-PC