ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទបានចែករំលែកតាមបណ្តាញសង្គមព្រឹកនេះថា ក្រុមហ៊ុន Hyundai Agro (Cambodia) កំពុងតែស្វះស្វែងនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់ពាក្យស្នើសុំឲ្យនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យចាត់ មន្ត្រីជំនាញចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសក្នុងចម្ការស្វាយ ដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េ។ ហើយជាលទ្ធផល ឆ្លើយតបតាមលក្ខខណ្ឌ កាលពីថ្ងៃទី២០ ខែមករា ក្រុមហ៊ុនបាននាំស្វាយកែវរមៀតស្រស់ ចេញទៅកាន់ប្រទេសកូរ៉េលើកទី១ ចំនួន ១តោនហើយសង្ឃឹមថាបរិមាណនេះនឹងមានការ កើនឡើងជាបន្តបន្ទាប់នៅរដូវប្រមូលផលស្វាយខាងមុខនេះ។
ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្មមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្ម ផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ ខែធ្នូ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤.៣១៩ហ.ត ផ្ទៃដីប្រមូល ផលមានចំនួន ៩១.៣៩៨ហ.ត ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោន/ហ.ត/រដូវ ដែលមានបរិមាណផលសរុបចំនួន ១.៤៤៨.៦៧៧តោន។
គិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ផ្លែ ស្វាយស្រស់មាន គុណភាពល្អចំនួន ៧៧តោន ត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ៕/PC