ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានបើកសិក្ខាសាលាមួយ ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព “ ដែលបានធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅមាត់ច្រកទ្វារអន្តរជាតិ ព្រៃវល្លិ៍ ខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថាៈ ក្នុងនាមលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក មានក្តីសោមនស្ស រីករាយ ក្រៃលែង ដែលបានចូលរួមក្នុងសិក្ខាសាលា ស្តីពីបដិសណ្ឋារកិច្ចល្អទេសចរណ៍មាន សុវត្ថិភាព ជាមួយលោក លោកស្រី ប្រធានអង្គភាព និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត ដែលរៀបចំទ្បើង ដោយគណៈកម្មាធិការអន្តរក្រសួង សហការនឹងរដ្ឋបាលខេត្តស្វាយរៀង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងវេលាឱកាសនេះ ។
លោកបានមានប្រសាសន៍បន្តទៀតថាៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា កម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់ ពេញលេញ និងមានការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ។
បើនិយាយអំពីសក្តានុពល ទេសចរណ៍ ជាលក្ខណៈធម្មជាតិ ប្រវត្តិសាស្ត្រនោះ ខេត្តស្វាយរៀង ពុំអំណោយផលទេ ប៉ុន្តែខាងផ្នែកឧស្សាហកម្មទេសចរណ៍ ខេត្តស្វាយរៀង បាននឹងកំពុងអភិវឌ្ឍន៍ខ្លួន ជាបណ្តើរៗ ដើម្បីក្លាយទៅជាតំបន់ទាក់ទាញ ទេសចរដ៏សំខាន់ ក្នុងចំណោមតំបន់គោលដៅ ទាក់ទាញទេសចរដទៃទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខេត្តស្វាយរៀង ជាតំបន់ ដែលមានទីតាំង ជាប់នឹងព្រំប្រទល់បូរណភាពទឹកដីនៃព្រះរាជា ណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម សព្វថ្ងៃនេះយើងសង្កេតឃើញ ថា ភ្ញៀវទេសចរ ឆ្លងកាត់ខេត្តស្វាយរៀង មានចំនួនថយចុះ ក្នុងអំឡុងពេលនៃការផ្ទុះ រីករាលដាល នៃជំងឺកូវីដ-១៩ (Covid-19) ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ដោយអនុវត្ត តាមកម្មវិធី និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមាន ការចូលរួម សហការពីគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យការចាត់តាំង ជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលវិជ្ជមាន គួរទីមោទនៈ ដែលបានធ្វើឲ្យសភាពការណ៍ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅទូទាំងខេត្ត មានលក្ខណៈល្អប្រសើរ ។
ចំពោះការងារគ្រប់គ្រងច្រកទ្វារព្រំដែន រដ្ឋបាលខេត្ត បានខិតខំពង្រឹងការគ្រប់គ្រងច្រក ទ្វារព្រំដែន ទាំង ៨ កន្លែង អោយមានដំណើរការល្អ និងអនុវត្តត្រឹមត្រូវតាមគោលការណ៍ ច្បាប់ និងបានយកចិត្តទុកដាក់ ក្នុងការសម្របសម្រួល ជូនដល់អ្នកដំណើរ និងការចរាចរ ទំនិញចេញ ចូល ឆ្លងកាត់ច្រកទ្វារព្រំដែន ដោយអនុវត្តត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះដែរ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបាន អញ្ជើញជាអធិបតីនោះ បានមានប្រសាសន៍ថា: គោលបំណង នៃការរៀបចំសិក្ខាសាលា នាថ្ងៃនេះ គឺដើម្បីពង្រឹងការយកចិត្តទុកដាក់ លើការងារបដិសណ្ឋារកិច្ចល្អរួសរាយរាក់ ទាក់ភ្ញៀវទេសចរ នៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ដែលជាច្រកទ្វារសេដ្ឋកិច្ច និងទេសចរណ៍មួយយ៉ាងសំខាន់ ដោយធានាឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរណ៍ អោយបានល្អប្រសើរ ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាល ថ្នាក់ក្រោមជាតិ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរណ៍ តាមគោលដៅទេសចរណ៍នានា ក្នុងខេត្ត។
លោកបានមានប្រសាសន៍បន្តទៀតថាៈ នៅក្នុងបរិបទវិបត្តិសកល នៃជំងឺកូវីដ១៩ ដែល កំពុងឆ្លងរាតត្បាត នៅបណ្ដាប្រទេសជាច្រើន លើសកលលោក បានធ្វើឱ្យវិស័យទេស ចរណ៍ វិស័យធ្វើដំណើរ វិស័យដឹកជញ្ជូន ឆ្លងកាត់ព្រំដែន មានការប៉ះពាល់យ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២០ កន្លងទៅថ្មីៗ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួនប្រមាណ ១,៣ លាននាក់ ថយចុះ ៨០,២% ធៀបនឹងឆ្នាំ ២០១៩ កន្លងទៅ ភ្ញៀវទេសចរក្នុងស្រុក ធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០ ភាគរយ ជាមួយការបាត់បង់ប្រាក់ចំណូល ប្រមាណ ៣ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់វិស័យទេសចរណ៍ នៅកម្ពុជា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រ និងសកម្មភាពឆ្លើយតបនានា ដូចជាការដាក់ចេញ វិធានការ សុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការរៀបចំផែនទី ចង្អុលផ្លូវ ក្នុងការរៀបចំស្តារ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ឡើងវិញក្នុងកំឡុង ពេល និងក្រោយវិបត្តិជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវិដ១៩ ដោយបែងចែក ជាបីដំណាក់កាល៕/V-PC