Home ព័ត៌មានជាតិ សន្តិសុខ ចៅក្រម បានសម្...

ចៅក្រម បានសម្រេច​ឃុំខ្លួន មេខ្យល់ ២ នាក់ ពីបទ​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ចេញចូល​ប្រទេស​ថៃ

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ព្រឹក ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១ ចៅក្រម​នៃ​សាលាដំបូង ខេត្តបាត់ដំបង បានសម្រេច​ឃុំខ្លួន ជនសង្ស័យ ចំនួន​២​នាក់ ដែលជា​មុខសញ្ញា​មេខ្យល់ នាំ​ពលករ​ខ្មែរ​ឆ្លងដែន ចេញ ចូលទៅ​កាន់​ប្រទេស​ថៃ ខុសច្បាប់​។ ជន​ទាំង​២​នាក់​នេះ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ឈរជើង​នៅ​ចំណុច​ច្រករបៀង​ស្វាយចេក ឃាត់ខ្លួន បាន តាម​ការឯកភាព​ពី​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​កាលពី​រសៀល ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ទាំងពីរ​នាក់​នេះ មានឈ្មោះ កែវ ជ្រឹង អាយុ ៥៧ ឆ្នាំ មានមុខ​របរ ជា​អ្នកលក់ដូរ និង​ឈ្មោះ តឿ​ក ក្រុង​ប៉ាត់ ហៅ ចាន់ អាយុ ៤៤ ឆ្នាំ មានមុខ​របរ ជា​កម្មករ ។ បុរស​មេខ្យល់ ២ នាក់​នេះ រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាមួយគ្នា​ហើយ​បានធ្វើ សកម្មភាព លួច​នាំយក​ពលករ​ខ្មែរ ចំនួន ៤ នាក់ (​ស្រី​១​នាក់​) ដើម្បី​ឆ្លង​ចូលមក​ប្រទេស កម្ពុជា ហើយក៏​ត្រូវ​កម្លាំងចម្រុះ ប្រចាំ​នៅ​គោលដៅ​ប៉ុស្តិ៍នគរបាល ច្រករបៀង ស្វាយចេក ឃាត់ខ្លួន​បាន​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំងពីរ​នាក់​នោះ បាន​ឆ្លើយ​សារភាពថាៈ ពួកខ្លួន ពិតជា​បាន​នាំ​ពលករ ចំនួន ៤ នាក់ ពិតប្រាកដ​មែន ហើយ​យក​ថ្លៃឈ្នួល ក្នុង​ម្នាក់ ចំនួន ១.០០០ បាត (​ប្រាក់​ថៃ​) ដើម្បី​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា (​ស្រុក​កំរៀង​)​។

​បច្ចុប្បន្ន ករណី​ខាងលើនេះ មន្ត្រី​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​២​នាក់ តាម​បញ្ជា របស់លោក ព្រះរាជអាជ្ញា គឺ ប៊ុណ្ណា​រ៉ា ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​ឃុំខ្លួន បណ្តោះអាសន្ន រង់ចាំ​កាត់ក្តី នៅពេល​ក្រោយ​៕/V-PC

ជនសង្ស័យ​ទាំង​២​នាក់​ជា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​

ជនសង្ស័យ​ទាំង​២​នាក់​ជា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular