ដោយ:វណ្ណះ/ព្រះសីហនុ: សំណុំរឿង ឃាតកម្ម និងជនសង្សយ័ជាបុរសជនជាតិចិនម្នាក់ ត្រូវបានបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធីច្បាប់កាលពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២១។ នេះ បើតាមការបញ្ជាក់របស់ មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២ ខែកុម្ភ:។
មន្ត្រីនគរបាលព្រហ្មទណ្ឌដដែលបន្តថា កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៨កន្លះយប់ មានអំពើឃាត្តកម្ម មួយ កើតឡើង ដែលបង្កដោយ ជនជាតិចិន និងជនជាតិចិនដូចគ្នា នៅអគារស្នាក់នៅមួយកន្លែងជាន់ផ្ទាល់ដី បន្ទប់លេខ A108 ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឃើញសាកសពជនរងគ្រោះ ស្ថិតនៅក្នុងរថយន្តមួយគ្រឿងម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-9208។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យបុរសជនជាតិចិនម្នាក់ នៅថ្ងៃទី ៣១ ខែមករា យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនបានចាក់សម្លាប់ជនរងគ្រោះពេល ដេកលក់លើគ្រែ ក្នុងបន្ទប់អាគារស្នាក់នៅជាមួយគ្នាខាងលើ បន្ទាប់មកក៏យកសាកសពវេចខ្ចប់ដាក់ចូលក្នុងរថយន្ត គោលបំណងយកទៅបោះចោល តែត្រូវបែកការណ៍៕