ប្រែសម្រួល : កញ្ញាដាលីស ៖ ថៃត្រូវបានគេប៉ាន់ប្រមាណថានឹងបាត់បង់ ៥០ លានបាតក្នុងមួយថ្ងៃពីការដឹកជញ្ជូនទំនិញនិងការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹងពីសំណាក់រដ្ឋបាលយោធាមីយ៉ាន់ម៉ា។
យោងតាមលោក អាត ពីសានវ៉ានិច នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានឱ្យដឹងថា ផលប៉ះពាល់អាចនឹងមានដល់ជាង ១,៥ ទៅ ២ពាន់លានបាតក្នុងមួយខែ ប្រសិនបើការត្រួតពិនិត្យសន្តិសុខរឹតរ៉ឹងនៅតែបន្ត។
លោកអាតនិយាយថា “យើងរំពឹងថាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ានឹងវិលមករកភាពប្រក្រតីវិញនៅខែទី២។ យ៉ាងណាក៏ដោយយើងចាំបាច់ត្រូវតាមដានជំហរនយោបាយរបស់សហរដ្ឋអាម៉េរិក អឺរ៉ុប ជប៉ុននិងបណ្តាប្រទេសសម្ព័ន្ធមិត្តនិងសកម្មភាពឬទណ្ឌកម្មសេដ្ឋកិច្ចរបស់ពួកគេបន្ទាប់ពីរដ្ឋប្រហារនៅមីយ៉ាន់ម៉ា”។
លោកអាតនិយាយថា ការខាតបង់ចំពោះថៃពឹងផ្អែកលើកម្រិតនៃទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងមីយ៉ាន់ម៉ា ដែលនឹងជះឥទ្ធិពលទាំងអំណាចទិញនិងការវិនិយោគនៅក្នុងប្រទេសជិតខាងនេះ។
ជាមួយនឹងអំណាចទិញទាប មីយ៉ាន់ម៉ា ដែលកំពុងរងការវាយសំពងយ៉ាងខ្លាំងពីកូវីដ១៩ ទំនងជានឹងនាំចូលទំនិញតិចតួចពីថៃ។
យោងតាមលោកអាត វិនិយោគិនបរទេសត្រូវគេរំពឹងថានឹងចំណាយពេល ២ ទៅ ៣ ខែដើម្បីវាយតម្លៃផលប៉ះពាល់ហើយរង់ចាំមើលថាតើរបបយោធាគ្រប់គ្រងស្ថានការណ៍យ៉ាងដូចម្តេច។
លោកអាតនិយាយថា “ស្ថានភាពបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់ថា ភាពមិនប្រាកដប្រជាផ្នែកនយោបាយនៅតែមានខ្ពស់នៅមីយ៉ាន់ម៉ា។ ទោះបីជាមានការបោះឆ្នោតក្នុងឆ្នាំ ២០១៥ និងឆ្នាំ ២០២០ ហើយប្រទេសនេះកំពុងងាកទៅរកលទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏ភាពមិនប្រាកដប្រជាផ្នែកនយោបាយនឹងក្លាយជាកត្តាសំខាន់សម្រាប់វិនិយោគិនក្នុងការសម្រេចចិត្តលើការវិនិយោគ។ បញ្ហានេះនឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលប្រាក់ចំណូលរបស់មនុស្សម្នាក់ៗនៅមានទាបជាងគេបំផុតក្នុងចំណោមប្រទេស CLMV”។
លោកអាតនិយាយថាគម្រោងវិនិយោគទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវគេរំពឹងថានឹងត្រូវបង្កក ហើយរាល់ការចរចាពាណិជ្ជកម្មអន្តរជាតិនឹងត្រូវពិនិត្យឡើងវិញ៕
ក្រោយធ្វើរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ារឹតបន្តងសន្តិសុខ