ដោយ:សុខុម/ស្ទឹងត្រែង: ក្រុមឈ្មួញបានបំផុសឱ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើដឹកមកលក់ឲខ្លួនជាអ្នកដើរប្រមូលទិញស្តុកទុកតាមក្បែរផ្ទះអ្នកស្រុកជាច្រើនកន្លែងនៅខាងកើតទន្លេសេកុង ស្ថិតក្នុងភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងនៅថ្ងៃទី2 ខែកុម្ភះ ឆ្នាំ2021 ថាមានឈ្មួញទៅពីខាងក្រៅដើរទិញឈើពីអ្នកភូមិយកមកស្តុកទុកនៅតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិ ដើម្បីរង់ចាំឱកាសល្អដឹកចេញពីស្រុកសៀមប៉ាងទៅកាន់ខេត្តផ្សេង។ ឈើដែលអ្នកភូមិចូលព្រៃកាត់ដឹកឱ្យឈ្មួញភាគច្រើនគឺជាប្រភេទឈើប្រណិតមានមុខកាត់ធំៗ និងមានអាយុកាលរាប់រយឆ្នាំ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាឈើនោះ ត្រូវបានគេដឹកចេញពីតំបន់ព្រៃ ដែលមានចម្ងាយច្រើនគីឡូម៉ែត្រពីភូមិ ហើយយកមកលក់ឲ្យឈ្មួញ។ អ្នកភូមិបានចូលព្រៃ 2 ទៅ 3 ថ្ងៃទើបបានឈើយកមកលក់ឲ្យឈ្មួញ។ ពួកគាត់បាននិយាយទៀតថា បើសិនជាគ្មានឈ្មួញទៅរកទិញទេនោះ អ្នកភូមិក៏មិនចូលព្រៃកាប់ឈើដែរ ពីព្រោះថាមុខរបរនេះ គឺខុសច្បាប់។ ម្យ៉ាងទៀតមុននឹងដឹកចេញពីព្រៃក៏ត្រូវបង់ឲ្យសមត្ថកិច្ចអស់ជាច្រើនកន្លែងដែរ ទើបដឹកឈើចេញពីព្រៃមកលក់ឲឈ្មួញរង់ចាំទិញនៅក្នុងភូមិ៕