ដោយៈរ៉ាម៉ន/ភ្នំពេញៈនៅព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្វពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងលោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក។
ក្នុងនោះ មន្ត្រីដែលទទួលផ្ទេរកិច្ច និងតែងតាំងមុខតំណែងមានចំនួន៨៥រូប និងបំពាក់ឋានន្តរសក្តិចំនួន ១៣០រូប សរុបចំនួន២១៥រូប ។
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់លោកលោកស្រីស្នងការរង នាយការិយាល័យ ជាពិសេសអធិការនគរបាលខណ្ឌទាំង១៤ ត្រូវចូលរួមសហការ និងអនុវត្តឲ្យបានល្អនូវលក្ខណ:សម្បត្តិទាំង ៧ចំណុច ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អបំផុត ដើម្បីឲ្យសង្គមជាតិ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាពខ្ពស់។
ជាមួយគ្នានោះ ស្នងការបានផ្តោតសំខាន់ទៅលើមន្ត្រីទាំងអស់ត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ស្អាតបាត គោរពវិន័យកងកម្លាំង ប្រើប្រាស់សម្តី និងកាវិការឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ត្រូវមានអ្នកប្រចាំការ ដើម្បីដោះស្រាយ និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាប្រចាំ។
ទាក់ទងទៅនឹងផ្នែកចរាចរណ៍លោកឭត្ដមសេនីយ៍ស ថេត ណែនាំថា គ្រប់មន្ត្រីប្រចាំការតាមគ្រប់គោល ត្រូវមានភារកិច្ចជួយសម្រួលចរារណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសនៅពេលដែលអនុវត្តន៍ ច្បាប់ចរារណ៍ត្រូវតែប្រើកាយវិការឲ្យបានសមរម្យ ហើយប្រសិនបើឃើញប្រជាពលរដ្ឋដែលមកពីជនបទ ដែលគាត់បានបើកបរល្មើសច្បាប់ផ្សេងៗមិនគួរផ្តោតតែលើការផាកពិន័យខ្លាំងពេកទេ ត្រូវផ្តោតទៅលើវិធានការណែនាំអប់រំ ព្រោះពេលខ្លះគាត់ទើបមកទីក្រុងជាលើកទី១៕