ប្រែសម្រួល : កញ្ញាដាលីស ៖គណបក្សរបស់លោកស្រីអ៊ុង សាន ស៊ូជី មេដឹកនាំជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យដោះលែងលោកស្រីពីការឃុំខ្លួនជាបន្ទាន់និងឱ្យរបបយោធាទទួលស្គាល់ជ័យជម្នះរបស់លោកស្រីនៅក្នុងការបោះឆ្នោតខែវិច្ឆិកា ពោលគឺមួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារយោធាបានបង្កឱ្យមានកំហឹងទូទាំងពិភពលោក។
វត្តមានប៉ូលិសនិងទាហានមីយ៉ា់ន់ម៉ានៅតាមផ្លូវនិងទីក្រុង ក្រោយរដ្ឋប្រហារ
សហរដ្ឋអាម៉េរិកបានគំរាមដាក់ទណ្ឌកម្មឡើងវិញចំពោះឧត្តមសេនីយ៍មីយ៉ាន់ម៉ាបន្ទាប់ពីពួកគេបានដណ្តើមអំណាចនិងចាប់ខ្លួនលោកស្រីស៊ូជីនិងសម្ព័ន្ធមិត្តរាប់សិបនាក់របស់លោកស្រីនៅក្នុងការឆ្មក់ចាប់ខ្លួនទាំងព្រលឹមថ្ងៃចន្ទ។
កន្លែងស្នាក់នៅរបស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះនៅមិនទាន់ដឹងនៅជាង ២៤ ម៉ោងមកនេះ បន្ទាប់ពីការចាប់ខ្លួនលោកស្រីហើយការប្រាស្រ័យទាក់ទងតែមួយគត់របស់លោកស្រីកើតឡើងជាទម្រង់នៃសេចក្តីថ្លែងការណ៍ ដែលត្រូវបានសរសេរទុកជាមុនបង្ការក្រែងមានរដ្ឋប្រហារ ដោយអំពាវនាវឱ្យមានការតវ៉ាប្រឆាំងនឹងរបបផ្តាច់ការយោធា។
ពួកអ្នកការទូតនិយាយថា ក្រុមប្រឹក្សាសន្តិសុខអ.ស.បគ្រោងនឹងជួបប្រជុំនៅថ្ងៃអង្គារនេះចំពេលមានការអំពាវនាវឱ្យមានការឆ្លើយតបជាសកលយ៉ាងខ្លាំងក្លាចំពោះការរឹបអូសយកអំណាចចុងក្រោយរបស់យោធានៅក្នុងប្រទេសមួយ ដែលញាំញីដោយការគ្រប់គ្រងរបស់កងទ័ពរាប់ទសវត្សរ៍។
រដ្ឋប្រហារនេះធ្វើឡើងបន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីស៊ូជីទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា ជាលទ្ធផលដែលយោធាបដិសេធមិនទទួលយក ដោយសម្អាងលើការចោទប្រកាន់អំពីការក្លែងបន្លំដោយគ្មានភស្តុតាង។
កងទ័ពបានប្រគល់អំណាចដល់នាយឧត្តមសេនីយ៍មីន អ៊ុងហ្លាំងនិងដាក់ប្រទេសក្នុងស្ថានភាពអាសន្នមួយឆ្នាំដោយបំផ្លាញអស់នូវសង្ឃឹមថាប្រទេសក្រីក្រនេះនឹងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យដែលមានស្ថិរភាព។
គណៈកម្មាធិការប្រតិបត្តិរបស់គណបក្ស NLD បានទាមទារឱ្យដោះលែងអ្នកជាប់ឃុំទាំងអស់ “ឱ្យបានឆាប់បំផុត”។
នៅក្នុងសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់មន្ត្រីជាន់ខ្ពស់គណបក្ស លោក មេ វីន មីន គណៈកម្មាធិការនេះក៏បានអំពាវនាវឱ្យយោធាទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនិងអនុញ្ញាតឱ្យសមាជិកសភាថ្មី ដែលនឹងត្រូវជួបប្រជុំលើកដំបូងនៅថ្ងៃចន្ទម្សិលមិញ បានចូលអង្គុយនៅអាសនៈ៕
អ្នកគាំទ្រគណបក្ស NLD របស់លោកស្រីស៊ូជីនៅជប៉ុនកាលពីថ្ងៃចន្ទបានធ្វើបាតុកម្មទាមទារឱ្យដោះលែងអ្នកជាប់ឃុំទាំងអស់ “ឱ្យបានឆាប់បំផុត”