ដោយៈប.ខុន/ភ្នំពេញៈដំណាំស្រូវប្រាំងប្រមាណជា១៥ពាន់ហិកតា នៅក្នុងចំណោមជាង ៥ម៉ឺនហិកតា ដែលប្រជាកសិករធ្វើបាននៅក្នុងខេត្តបន្ទាយមានជ័យ កំពុងតែប្រឈមការ ខ្វះទឹកឈានទៅរកការខូចខាត ដោយសារប្រភពទឹកនានាក្នុងតំបន់បាន រីងអស់ បន្ទាប់ពីការដាំដុះបានធ្វើលើសផែនការកំណត់យ៉ាងច្រើនរួចមក។
លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ បានប្រាប់ ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ថា ដំណាំស្រូវប្រាំងវគ្គទី៣ប្រមាណ ជា១៥ពាន់ហិកតា នៅក្នុងឃុំសឿ, ចំណោម, រហាត់ទឹក, បត់ត្រង់ និងផ្នែកខ្លះនៃ ឃុំបន្ទាយនាង, ឬស្សីក្រោក កំពុងប្រឈបញ្ហាខ្វះទឹក និងឈានទៅរក ការខូចខាត ទាំងស្រុងដោយសារប្រភពទឹកនានាបានរីងអស់ទៅហើយ។
អភិបាលស្រុកខាងលើនិយាយឱ្យដឹងទៀតថា ស្រូវកំពុងល្អ និង ចាប់ផ្តើម ចេញផ្លែ ដោយមានអាយុពី៧០ទៅ៨០ថ្ងៃហើយ នៅសល់ពី២០ទៅ៣០ថ្ងៃទៀត អាចប្រមូលផលបាន តែក្នុងស្រែបែរជាអស់ទឹក ប្រភពទឹកនានាក៏រីងអស់ គឺគ្មាន លទ្ធភាពអាចជួយបានឡើយ បើគ្មានភ្លៀងកក់ខែធ្លាក់ច្រើនមកទេនោះ។ ដីក្នុងស្រែនៅសើម ដោយសារអាកាសធាតុត្រជាក់ តែស្រូវចេញមកស្កកស្ទើរទាំងស្រុង ទាំងអាជ្ញាធរ ទាំងមន្ត្រីជំនាញ ក៏ដូចជាកសិករម្ចាស់ស្រូវអស់សង្ឃឹម ព្រោះប្រភពទឹកមានទាំងប៉ុន្មានបានមើលឃើញរីងអស់ទៅហើយ។
លោកនិយាយឱ្យដឹងផងដែរថា ការធ្វើស្រែរបស់ប្រជាជននៅ ស្រុកមង្គលបុរី ពីមុនមួយឆ្នាំធ្វើតែម្តងទេ តែចាប់តាំងពីមានការអប់រំផ្សព្វផ្សាយ លើកទឹកចិត្តពីពូជស្រូវថ្មីងាយស្រួលក្នុងការដាំដុះ រយៈពេលខ្លីបានផលល្អ និង លក់បានថ្លៃរួចមក កសិករបាននាំគ្នាងាកមកប្រើពូជស្រូវថ្មី ដោយបោះបង់ចោលស្រូវវស្សា ហើយធ្វើស្រែដើមរដូវ , កណ្តាលរដូវ និងចុងរដូវ ពោលគឺ មួយឆ្នាំបីដង (ស្រូវមានអាយុកាល១១០ថ្ងៃ)។ កាលពីដើមរដូវមានភ្លៀងរអាក់រអួ លតែមានទឹក ជួយអន្តរាគមន៍រហូតបានច្រូតកាត់ តែការធ្វើលើកទី២នៅកណ្តាលរដូវវស្សាជួប បញ្ហាជំនន់ នៅចុងរដូវធ្វើឱ្យស្រូវមួយចំនួនត្រូវខូចទៅវិញ។ រដ្ឋាភិបាលក៏បានចែក ស្រូវពូជ ដើម្បីឱ្យស្តារផ្ទៃដី ដែលខូចឡើងវិញនៅចុងរដូវ ដែលមានទឹកស្រកចុះយឺតរហូតដល់ខែវិច្ឆិកា ទើបអាចសាបព្រោះបាន ដោយត្រូវបូមទឹកចេញពីក្នុងស្រែ រួចបូមទឹកដាក់ចូលវិញរហូតអស់ពីក្នុងប្រភពនានាដូចពេលនេះ។
ការងារដាំដុះស្រូវប្រាំងនេះ លោករ័ត្ន ដាស៊ីណង់ បញ្ជាក់ថា ទាំងអាជ្ញាធរក៏ដូច ជាខាងជំនាញបានណែនាំ ឱ្យធ្វើស្រូវប្រាំងវគ្គ៣ តែកន្លែងជិតប្រភពទឹក តែគ្មានអ្នកណាយកចិត្តទុកដាក់តាមការណែនាំទេ ពេលនេះទាំងជំនាញទាំងអាជ្ញាធរ បាននាំប្រជាកសិករទៅរកមើលគ្រប់ប្រភពឃើញថាអស់ទឹកដូចគ្នា ទើបគាត់នៅ ស្ងៀម។ យើងបានណែនាំឱ្យគាត់ជីកអណ្តូង និងជីកស្រះនៅតាមស្រែ ដើម្បីយកទឹកសម្រាប់អន្តរាគមន៍ដូចពេលនេះ តែការជីកអណ្តូងនៅតំបន់នេះមិនសូវមានទឹកចេញទេ។ លោកបានណែនាំ ឱ្យមានការជីកស្តារស្រះធំៗ ឱ្យបានជ្រៅមិនត្រឹមតែ បានទឹកទេ គឺបានទាំងត្រីទៀត។ ស្រូវប្រាំងធ្វើបាននៅក្នុងវគ្គទី៣តាមរយៈការធ្វើស្តារឡើងវិញបន្ទាប់ពីទឹកជំនន់នេះ មានចំនួន ២៥.០០០ហិកតា ក្នុងនេះមាន១៥ពាន់ហិកតា អាចខូចទាំងស្រុង និងមួយម៉ឺនហិកតាកំពុងអន្តរាគមន៍។
លោកយ៉ឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យរស្មីកម្ពុជា ឱ្យដឹងនៅថ្ងៃដដែលនេះដែរថា ដំណាំស្រូវប្រាំងប្រមាណជា៧ពាន់ហិកតានៅក្នុងឃុំសឿ រហាត់ទឹក និងឃុំចំណោម ពិតជាឈានទៅរកការខូចទាំងស្រុង ដោយសារស្រែទាំងនោះនៅឆ្ងាយពីប្រភពទឹក ឯប្រភព ទឹកជាច្រើនក៏បានរីងអស់ទៅហើយ ទាំងប្រភពទឹកក្នុងខេត្តបាត់ដំបងផងដែរ។
ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថា ក្នុងផែនការកំណត់ឱ្យធ្វើស្រូវ ប្រាំងតែ៩.៦០០ហិកតាទេ នៅក្នុងស្រុកមង្គលបុរីនេះ តែជាក់ស្តែងកសិករធ្វើបាន ដល់ទៅជាងពីរម៉ឺហិកតា ជាហេតុនាំឱ្យមានបញ្ហាខ្វះទឹកបែបនេះកើតឡើង។ នៅ ក្នុងខេត្តបន្ទាយមានជ័យផែនការឱ្យធ្វើស្រូវប្រាំងចំនួន២២ពាន់ហិកតា តែជាក់ស្តែងធ្វើបានដល់ជាង៥ម៉ឺនហិកតា តែកន្លែង ដែលប្រឈមការខ្វះទឹក គឺមាននៅតែក្នុងស្រុកមង្គលបុរីទេ ក្រៅពីនេះនៅមានទឹកជួយអន្តរាគមន៍បាន។ បញ្ហាទឹក សម្រាប់ធ្វើស្រូវប្រាំងនៅក្នុងស្រុកមង្គលបុរីនេះ នៅឆ្នាំក្រោយអាចដោះស្រាយបានហើយ បន្ទាប់ពីមានប្រព័ន្ធតភ្ជាប់ពីអាងត្រពាំងថ្ម ទៅស្ទឹងសេរីសោភ័ណ ចូល មង្គលបុរី ដែលជាទឹកបង្ហូរមកពីអាងទឹកស្រែង ក្នុងខេត្តឧត្តរមានជ័យចូលត្រពាំងថ្ម៕