ដោយៈសុផល/បាងកក៖ក្រុមហ៊ុនអេសស៊ីជី (SCG)សម្រេចបាន ប្រាក់ចំណេញ នៅក្នុងឆ្នាំ២០២០ ខ្ពស់ជាងឆ្នាំ២០១៩បើទោះបីជាមានឧបសគ្គខ្លះៗដែលបង្កដោយវិបត្តិកូវីដ-១៩ ក្ដី។ភាពជោគជ័យ នេះ គឺជំរុញដោយការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិក អេសស៊ីជី ទាំងអស់ ដែលបានគោរព និងអនុវត្ត តាមយ៉ាងខ្ជាប់ខ្ជួននូវវិធានការប្រឆាំងនឹងកូវីដ-១៩រួមផ្សំជាមួយនឹងភាពបត់បែនរហ័សទាន់ពេលនៅក្នុងប្រតិបត្តិការនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីស្វែងរកឱកាសថ្មីៗសម្រាប់ការផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្ម និងដំណោះស្រាយថ្មីៗ នៅក្នុងកាលៈទេសៈទីផ្សារដ៏លំបាកនេះ ។
កិច្ចប្រឹងប្រែងទាំងអស់នេះបានជួយធានានិរន្តរភាពនៃប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី ។ ស្រប ពេលជាមួយគ្នានេះក្រុមហ៊ុនអេសស៊ីជីបានផ្ដល់ជំនួយទៅដល់តំបន់នានាដែលមានអត្រាឆ្លងកូវីដ-១៩ខ្ពស់ ដើម្បីជួយតំបន់ទាំងនោះឆ្លងផុតវិបត្តិ និងវិលត្រឡប់មករកកំណើនប្រកបដោយចីរភាព ។
លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយកអេសស៊ីជី បានបញ្ចេញឲ្យដឹងនូវលទ្ធផលប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុនដែលមិនទាន់ធ្វើសវនកម្មសម្រាប់ឆ្នាំ២០២០ ដោយចំណូលពីការលក់បានធ្លាក់ចុះ៩%បើធៀបនឹងឆ្នាំ២០១៩ពោលគឺសម្រេចបានត្រឹម ២៦.០១២ ប៊ីលានរៀល (៩.៦០២លានដុល្លារអាមេរិក)ដោយសារការធ្លាក់ចុះនូវតម្លៃផលិតផលគីមីនិងបរិមាណលក់ថយចុះ។ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២០សម្រេចបានចំនួន៤.៤២៤ប៊ីលានរៀល(១.០៩១លានដុល្លារអាមេរិក)ដែលកើនឡើង៧%បើធៀបនឹងតួលេខនៃឆ្នាំ២០១៩ដោយសារតែលទ្ធផលល្អប្រសើរនៅគ្រប់មុខធុរកិច្ច។នៅឆ្នាំ២០២០ចំណូលពីការលក់ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) បានកើនឡើងដល់ ១៦.៣៣៩ប៊ីលានរៀល (៤.០៣០លានដុល្លារអាមេរិក) ដែលស្មើនឹង ៣២% នៃចំណូលសរុបពីការលក់ ដែលល្អប្រសើរជាងកាលពីត្រីមាសមុន ។
ចំណូលពីការលក់របស់ អេសស៊ីជី នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២០ បានធ្លាក់ចុះ ៤% បើធៀបនឹងត្រីមាសមុនដោយសម្រេចបាន១២.៩៦៧ប៊ីលានរៀល(៣.២២២លានដុល្លារអាមេរិក) ដោយសារកត្តាធ្លាក់ចុះតម្រូវការតាមរដូវកាល នៅក្នុងវិស័យអាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់(CBM),ផលប៉ះពាល់ពីជំងឺកូវីដ-១៩និងផែនការបញ្ចប់ការសាងសង់ជាស្ថាពរនូវរោងចក្រ Map Ta Phut Olefins (MOC) នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ។
ខណៈដែលការបញ្ចប់ការសាងសង់កើតឡើងនៅមុនផែនការកំណត់ក្ដីវាបានរួមចំណែកខ្លះនាំឲ្យបរិមាណនៃការលក់ពីអាជីវកម្មផលិតផលគីមីនិងការលក់ពីអាជីវកម្មស៊ីម៉ងត៍និងគ្រឿងសំណង់មានការថមថយចុះដោយសារផលប៉ះពាល់ពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ទៅលើសេដ្ឋកិច្ចទាំងមូល ។
ដោយឡែក ក្នុងឆ្នាំ២០២០ដដែល ប្រាក់ចំណេញដែលបានកត់ត្រាចូលបញ្ជី សម្រេចបាន ១.០៧៣ប៊ីលានរៀល (២៦៣លានដុល្លារអាមេរិក) សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២០ដែលធ្លាក់ចុះ១៧% បើធៀបនឹងត្រីមាសមុនដោយសារលទ្ធផលអាជីវកម្មមិនសូវគាប់ប្រសើរនៅក្នុងវិស័យស៊ីម៉ងត៍-គ្រឿងសំណង់(CBM)ដែលបណ្ដាលមកពីដំណើរថមថយចុះនៃសេដ្ឋកិច្ចក្នុងអំឡុងវិបត្តិកូវីដ១៩,ភ្លៀងធ្លាក់ខ្លាំងនិងគ្រោះទឹកជំនន់នៅក្នុងតំបន់, និងបញ្ហាខូចខាតទ្រព្យក្នុងអាជីវកម្ម CBM នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ពីប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ ស្របពេលជាមួយគ្នានេះដែរ ប្រាក់ចំណេញប្រចាំត្រីមាសបានកើនឡើង១៣%បើធៀបនឹងឆ្នាំ២០១៩ដោយសារចំណូលពីអាជីវកម្មផលិតផលគីមីមានភាពល្អប្រសើរជាង ។
ទន្ទឹមនឹងនេះដែរចំណូលរបស់អេសស៊ីជីពីប្រតិបត្តិការអាជីវកម្មនៅខាងក្រៅប្រទេសថៃរួមបញ្ចូលគ្នាជាមួយការលក់នាំចេញពីប្រទេសថៃ សម្រេចបាន ២១.៨៥៩ប៊ីលានរៀល(៥.៣៩១លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២០ ឬស្មើនឹង ៤២% នៃចំណូលសរុបពីការលក់ដែលខ្ពស់ជាងបន្តិចពីតួលេខឆ្នាំ២០១៩ ដែលសម្រេចបានត្រឹម ៤១% ។
សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (លើកលែងប្រទេសថៃ)ចំណូលពីការលក់នៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះ ១១% បើធៀបនឹងឆ្នាំ២០១៩ ដោយសម្រេចបានចំនួន ៣.៤០៦ប៊ីលានរៀល (៨៣៨លានដុល្លារអាមេរិក) ដែលស្មើនឹង២៦%នៃចំណូលសរុបពីការលក់របស់អេសស៊ីជី។នេះរាប់បញ្ចូលទាំងការលក់ពីប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗផង និងពីការនាំចូលមកពីប្រតិបត្តិការនៅក្នុងប្រទេសថៃ ផង ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ១០០.៦២៦ប៊ីលានរៀល (២៤.៩៧០លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសរុបរបស់ អេសស៊ីជី នៅក្នុងអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៣៨.០៨៦ប៊ីលានរៀល (៩.៤៥១លានដុល្លារអាមេរិក) ដែលស្មើនឹង ៣៨% នៃទ្រព្យសរុបរួមទាំងអស់របស់ អេសស៊ីជី ។
ផ្អែកតាមរបាយការណ៍ត្រីមាសទី៤ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបក្នុងតម្លៃចំនួន ១.៦៤៨ប៊ីលានរៀល (៤០៩លានដុល្លារអាមេរិក)ដែលកើនឡើង១៨%បើធៀបនឹងឆ្នាំ២០១៩។ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់សម្រាប់ត្រីមាសទី៤ឆ្នាំ២០២០ចំនួន២៤៤ប៊ីលានរៀលរៀល(៥៩,៧លានដុល្លារអាមេរិក)ដែលរួមបញ្ចូលការលក់ពីប្រតិបត្តិការទាំងអស់នៃអាជីវកម្មផលិតស៊ីម៉ងត៍និងគ្រឿងសំណង់ ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះ៣%បើធៀបនឹងឆ្នាំ២០១៩។សម្រាប់ឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៊ីជី សម្រេចបានចំណូលពីការលក់ចំនួន ១.០២៣ប៊ីលៀនរៀល (២៥២,៣លានដុល្លារអាមេរិក) ។
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជាបានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក និងការផ្ទុះនូវករណីឆ្លងសហគមន៍នៃជំងឺរាតត្បាតកូវីដ-១៩ ។ គ្រោះទឹកជំនន់បានបណ្ដាលឲ្យផ្លូវថ្នល់ជាច្រើនរងការខូចខាតនិងកាត់ផ្ដាច់ដែលនាំឲ្យការដឹកជញ្ជូនស៊ីម៉ងត៍ និងគ្រឿងសំណង់ទទួលរងការប៉ះពាល់យ៉ាងខ្លាំង ។ ជាលទ្ធផល ការសាងសង់នៅក្នុងតំបន់ដែលជួបគ្រោះទឹកជំនន់ ត្រូវបានអាក់ខានដំណើរការ ។ ជាងនេះទៀត ដោយមានការផ្ទុះឡើងនូវករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ គម្រោងសាងសង់ភាគច្រើនបំផុតនៅក្នុងទីក្រុងភ្នំពេញ ត្រូវបានផ្អាក ។ ប្រការនេះបានបង្កផលប៉ះពាល់ដោយផ្ទាល់ទៅលើវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ។ ប៉ុន្តែ ខណៈដែលមានការធ្លាក់ចុះនូវតម្រូវការនៅក្នុងផ្នែកសំណង់លំនៅដ្ឋានអគារពាណិជ្ជកម្មនិងឧស្សាហកម្ម រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចតាមរយៈការបង្កើនការវិនិយោគច្រើនថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ ។
ក្រុមហ៊ុនអេសស៊ីជីប្រចាំកម្ពុជាបានបរិច្ចាគកញ្ចប់គ្រឿងឧបភោគបរិភោគដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៦.០០០ដុល្លារអាមេរិក ទៅដល់ប្រជាជនជាង ១.៣០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ តាមរយៈក្រសួងរ៉ែនិងថាមពល, ក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរសាលារាជធានីភ្នំពេញ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកាចំនួន ១០.៩០០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ។ ជាផ្នែកមួយនៃគម្រោង SCG CircularWay,សហការីអេសស៊ីជីនៅកម្ពុជាបានចូលរួមនៅក្នុងការស្ថាបនាកម្រាលទីធ្លាសម្រាប់ក្មេងលេងដោយប្រើប្រាស់សំណល់ការ៉ូឡាពីរោងចក្របេតុងអេសស៊ីជី សម្រាប់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅឯសាលារៀនមួយកន្លែងនៅទីជនបទ ។
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ផលិតផលនវានុវត្តន៍ចំនួនពីរប្រភេទត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ ។ «ស៊ីម៉ងត៍ ខេ ស៊ុបពែរ (K-Super Cement)» អាចប្រើសម្រាប់ការងារចម្រុះ ដូចជា រៀប បូក ចាក់សាប និងគ្រឿងបង្គុំស្រាលៗ ។ ហើយពណ៌ថ្មីនៃក្បឿងអេសស៊ីជី ដែលប្រើប្រាស់បច្ចេកវិទ្យាស្រោបពណ៌ពីរជាន់ជាក្បឿងដែលមិនជ្រាបទឹកពណ៌ស្រស់ស្អាតនិងជាប់ធន់បានយូរ។ផលិតផលទាំងនេះផ្ដល់នូវជម្រើសឆ្លើយតបទៅតាមតម្រូវការទីផ្សារដែលប្រែប្រួល ។
លោក Roongrote បានមានប្រសាសន៍ថា ៖ «លទ្ធផលប្រតិបត្តិការអាជីវកម្មនៅឆ្នាំ២០២០ នៅតែមានភាពធន់ល្អប្រសើរនៅក្នុងអំឡុងពេលដែលក្រុមហ៊ុនជួបការលំបាកដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ ដោយសារតែការខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិក អេសស៊ីជី ដែលបានផ្ដោតអាទិភាពសំខាន់បំផុតទៅលើសុវត្ថិភាព និងនិរន្តរភាពនៃអាជីវកម្ម ។ក្រុមហ៊ុនបានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រថ្មីៗ និងវិធានការអាជីវកម្មបត់បែនរហ័ស ដូចជា ការកែសម្រួលផែនការអាជីវកម្ម ការកែប្រែបរិមាណលក់និងការបង្កើតច្រកប្រាស្រ័យទាក់ទងសកម្មនិងច្រើនមុខព្រួញ(Active Omni Channel)ដើម្បីឆ្លើយតបទៅនឹងឥរិយាបថរបស់អតិថិជនដែលប្រែប្រួលលួន។កិច្ចប្រឹងប្រែងទាំងនេះ បានផ្ដល់លទ្ធភាពឲ្យអេសស៊ីជី អាចផ្ដល់នូវនវានុវត្តន៍ ផលិតផល សេវាកម្មនិងដំណោះស្រាយជាច្រើនសម្បូរបែបនិងគ្រប់ជ្រុងជ្រោយ ដែលបំពេញទៅតាមតម្រូវការរបស់ទីផ្សារ ។ ពីពេលនេះទៅមុខ អេសស៊ីជី នឹងអនុវត្តជាបន្តនូវគំរូកន្លែងធ្វើការបែបកូនកាត់ដែលអនុញ្ញាតឲ្យបុគ្គលិកអេសស៊ីជី ធ្វើការពីផ្ទះបាន និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូនិងផ្ដល់សេវាកម្មដល់អតិថិជន។បុគ្គលិកអេសស៊ីជីនៅតាមមជ្ឈមណ្ឌលផលិតកម្ម និងតំហែទាំ នឹងបន្តអនុវត្តយុទ្ធសាស្ត្រ pod approach ដែលមានន័យថា កន្លែងនិងមុខងារទាំងឡាយត្រូវបំបែកគ្នា ដើម្បីធានានូវការប្រាស្រ័យទាក់ទងផ្ទាល់តិចបំផុត រវាងបុគ្គលិកសំខាន់បំផុត និងបុគ្គលិកធម្មតា។បុគ្គលិកដែលធ្វើការងារនៅក្រៅប្រទេស នឹងត្រូវរក្សាទុកនៅតាមទីតាំងផលិតកម្មដើម្បីរក្សានិរន្តរភាពការងារកុំឲ្យមានការអាក់ខាន។ហើយបុគ្គលិកដែលមានការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអតិថិជនខាងក្រៅ នឹងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុតទៅតាមវិធានការអនាម័យ ដើម្បីធានាទំនុកចិត្តរបស់អតិថិជន ។ ដោយអនុវត្តវិធានការសកម្មមុន និងដោយមានការប្ដេជ្ញាចិត្តខ្ពស់ពីសំណាក់បុគ្គលិក អេសស៊ីជី ទាំងអស់ ខ្ញុំជឿជាក់ថា អេសស៊ីជី នឹងជម្នះបាននូវភាពមិនប្រាកដប្រជាដែលបង្កដោយរលកថ្មីនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ។»
ប្រតិបត្តិការអាជីវកម្មផ្នែកគីមីរបស់ អេសស៊ីជី បានប្រព្រឹត្តទៅដោយរលូន ទាំងនៅក្នុងប្រទេសថៃ និងទាំងនៅក្រៅប្រទេស ដោយមានការគ្រប់គ្រងនិរន្តរភាពអាជីវកម្ម និងការគ្រប់គ្រងផែនការលក់ បានរឹងមាំល្អ។ អាជីវកម្មផ្នែកគីមីបានបង្កើនការលក់ប្លាស្ទិកសម្រាប់ផលិតកម្មផលិតផលប្រើប្រាស់ ដែលមានតម្រូវការខ្ពស់ ដូចជា ការវេចខ្ចប់ចំណីអាហារ ការវេចខ្ចប់ភេសជ្ជៈ និងការវេចខ្ចប់សម្រាប់ការលក់ដូរតាមអនឡាញ។ ក្នុងករណីដែលទីផ្សារមួយចំនួនត្រូវបានប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ-១៩ អាជីវកម្មផ្នែកនេះបានប្ដូរទិសដៅនៃការលក់ទៅរកទីផ្សារដែលប៉ះពាល់តិចតួចដោយសារការបិទសកម្មភាពសេដ្ឋកិច្ចដោយសារកូវីដ-១៩ ។ អាជីវកម្មផ្នែកគីមី ក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផងដែរ ដូចជាកម្មវិធីពាណិជ្ជកម្មឌីជីថលដែលតភ្ជាប់ការបញ្ជាទិញរបស់អតិថិជនទៅជាមួយនឹងប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ជាដើម។កម្មវិធីនេះបង្កើននូវភាពបត់បែនលឿនរហ័សកាត់បន្ថយពេលវេលាដំណើរការ និងលើកកម្ពស់ភាពអាចតាមដានបាន សម្រាប់ អតិថិជន ។
អេសស៊ីជីបានពង្រីកចង្កោមអាជីវកម្មរបស់ខ្លួននិងបានរុករកកាលានុវត្តភាពអាជីវកម្មថ្មីៗដើម្បីបង្កើតភាពពិសេសនិងតម្លៃបន្ថែមឲ្យផលិតផលនិងបង្កើនភាពបត់បែនរហ័សនៃអាជីវកម្ម។សម្រាប់ដំណោះស្រាយសេដ្ឋកិច្ចវិលជុំ (Circular Economy) អេសស៊ីជី បានចាប់ផ្ដើមផលិតកម្មជ័រកែច្នៃឡើងវិញដោយប្រើប្រាស់ប្លាស្ទិកដែលប្រើរួចពីសំណល់នៅតាមសហគមន៍និងបានស្ថាបនារោងចក្របង្ហាញមួយសម្រាប់ការកែច្នៃប្រើប្រាស់ឡើងវិញនូវផលិតផលគីមី។ដោយប្រើប្រាស់ចំណេះដឹងនិងជំនាញផ្ទៃក្នុងរួមគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូពិភពលោកអាជីវកម្មផ្នែកគីមីរបស់អេសស៊ីជីផ្ដោតគោលដៅធ្វើពាណិជ្ជកម្មដំណោះស្រាយឌីជីថលសម្រាប់វិស័យផលិតកម្ម ដែលអេសស៊ីជីបានបង្កើតឡើងដោយខ្លួនឯង និងក្លាយខ្លួនជាអ្នកផ្ដល់ដំណោះស្រាយផ្នែកឧស្សាហកម្មមួយ ។
អាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់បានបង្កើនប្រសិទ្ធផលប្រតិបត្តិការរបស់ខ្លួនតាមរយៈការកែសម្រួលគំរូប្រតិបត្តិការនិងគំរូអាជីវកម្ម ឲ្យសមស្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ដែលចង់បានកាន់តែច្រើនឡើងនូវផលិតផលអនាម័យនិងពាណិជ្ជកម្មតាមអនឡាញ(e-commerce)។អាជីវកម្មផ្នែកនេះបានវិនិយោគទៅលើការបង្កើតនូវច្រកប្រាស្រ័យទាក់ទងសកម្មនិងពហុមុខព្រួញ (Active Omni-Channel) ដូចជា SCG HOME Online, NocNoc និង Q-Chang ជាដើម ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ផ្ដល់នូវផលិតផល និងសេវាកម្ម ព្រមទាំងដំណោះស្រាយសរុប ផងដែរ ដើម្បីពង្រឹងតួនាទីរបស់ខ្លួនជាក្រុមហ៊ុនឈានមុខគេ នៅក្នុងទីផ្សារគ្រឿងសំណង់នៅប្រទេសថៃ ក៏ដូចជានៅក្នុងអាស៊ាន ។ ការផ្ដល់សេវាកម្ម គ្របដណ្ដប់លើដំណោះស្រាយផ្នែកសំណង់, ដំណោះស្រាយផ្នែកបែបផែនរស់នៅ និងដំណោះស្រាយការពារពីជំងឺកូវីដ-១៩ ដូចជា ដំណោះស្រាយវេជ្ជសាស្ត្រដែលផ្ដល់ដោយ CPAC BIMដែលប្រើបច្ចេកវិទ្យាធ្វើគំរូព័ត៌មានសំណង់សម្រាប់ការធ្វើទូចត្តាឡីស័ក និងទូបង្ការការឆ្លងមេរោគ សម្រាប់ការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ, បច្ចេកវិទ្យាខ្យល់ចេញចូលសម្រាប់បន្ទប់បង្ការមេរោគ ដើម្បីធានាសុវត្ថិភាព ។ដំណោះស្រាយជាគំរូទាំងនេះផ្ដល់ផលប្រយោជន៍នៃការដំឡើងបានរហ័ស និងមានជម្រើសគ្រប់គ្រងថវិកា ផងដែរ ។ដំណោះស្រាយទាំងនេះត្រូវបានដំឡើងនៅឯមន្ទីរពេទ្យ Saraburi និងមន្ទីរពេទ្យ Vajira ។
ទន្ទឹមនឹងនេះដែរ អាជីវកម្មស៊ីម៉ងត៍-គ្រឿងសំណង់ ក៏បានបង្កើតនូវផលិតផលនវានុវត្តន៍នានា ដើម្បីបំពេញតម្រូវការអនាម័យ ផងដែរ ។ ផលិតផលនវានុវត្តន៍ទាំងនោះ រួមមាន គ្រឿងសម្ភារៈបន្ទប់ទឹកស្វ័យប្រវត្តិឆ្លាតវៃនិងប្រើប្រាស់ដោយមិនបាច់ប៉ះពាល់វា ដើម្បីកាត់បន្ថយការប៉ះពាល់ ឬ ឥដ្ឋការ៉ូអនាម័យ COTTO ដែលបង្ការការលូតលាស់របស់បាក់តេរីនៅក្នុងផ្ទះរបស់អ្នក ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានណែនាំនិងដាក់ឲ្យប្រើប្រាស់នូវបន្ទះស្មាតបតប្រឆាំងនឹងការដុះផ្សិត និងបន្ទះប្រឆាំង UV ដែលមានឈ្មោះថា SCG Smartboard Ultra Clean ដែលងាយស្រួលលាងសម្អាតនិងអាចធន់នឹងការជូតសម្អាតសម្លាប់មេរោគញឹកញាប់ ដែលស័ក្ដិសមបំផុតសម្រាប់ការប្រើប្រាស់ជាជញ្ជាំងនៅតាមមន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំសុខភាព ផ្ទះថែទាំមនុស្សចាស់ឬគ្លីនិកធ្មេញ។ប្រព័ន្ធដំបូលសូឡារបស់ អេសស៊ីជី គឺជាជម្រើសសន្សំសំចៃថាមពលសម្រាប់ម្ចាស់គេហដ្ឋាន ។ ការលក់ដំបូលសូឡាបានកើនឡើងយ៉ាងគំហុកដោយសម្រេចបានកំណើន ១៨២%នៅក្នុងឆ្នាំ២០២០បើធៀបនឹងឆ្នាំ២០១៩ ខណៈដែលប្រជាជនកាន់តែច្រើនឡើងចំណាយពេលវេលានៅផ្ទះ ។
អាជីវកម្មផ្នែកវេចខ្ចប់ បានសម្របខ្លួនដើម្បីទប់ទល់នឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច ដោយពង្រឹងបន្ថែមនូវគំរូអាជីវកម្មចម្រុះរបស់ខ្លួនដើម្បីកសាងមូលដ្ឋានកំណើនប្រកបដោយចីរភាព នៅក្នុងទីផ្សារអាស៊ាន ។ ការសម្របខ្លួននេះ រួមមានការធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុននៅក្រៅប្រទេសដើម្បីពង្រីកអាជីវកម្មតាមរយៈការពង្រីកមូលដ្ឋានអតិថិជននៅក្នុងប្រភេទផលិតផលអ្នកប្រើប្រាស់ ខណៈដែលវិស័យនេះមានសក្ដានុពលកំណើនខ្ពស់ ។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុន Bien Hoa Packaging Joint Stock Company (SOVI) ផងដែរ ដើម្បីពង្រឹងមូលដ្ឋានឈរជើងនិងកម្លាំងរបស់ខ្លួននៅក្នុងអាជីវកម្មវិស័យវេចខ្ចប់នៅក្នុងប្រទេសវៀតណាម។លើសពីនេះទៀត ក្រុមហ៊ុនក៏បានទិញយកក្រុមហ៊ុន Go-Pak UK Limited (Go-Pak) ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយសេវាកម្មចំណីអាហារឈានមុខគេមួយ នៅចក្រភពអង់គ្លេស អឺរ៉ុប និងអាមេរិកខាងជើង ដែលមានរោងចក្រផលិតកម្មនៅភាគខាងត្បូងប្រទេសវៀតណាម ។ ការទិញទាំងនេះនឹងពង្រឹងសក្ដានុពលទីផ្សារនៅក្នុងអាជីវកម្មវេចខ្ចប់ចំណីអាហារ កាន់តែរឹងមាំថែមទៀត ។
នៅចំពេលដែលជួបការលំបាកដោយសារវិបត្តិកូវីដ-១៩ក្រុមហ៊ុនបានប្ដេជ្ញាចិត្តផ្ដោតអាទិភាពសំខាន់បំផុតទៅលើវិធានការអនាម័យតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពផលិតផលបុគ្គលិកអតិថិជននិងដៃគូអាជីវកម្ម។ក្រុមហ៊ុនអេសស៊ីជីប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍនូវនវានុវត្តន៍និងដំណោះស្រាយផ្នែកវេចខ្ចប់ ។ ក្រុមហ៊ុនបានបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវស្ទូឌីយោ SCGP-Inspired Solutions ដើម្បីកែលម្អបទពិសោធន៍អតិថិជនឲ្យកាន់តែប្រសើរឡើងថែមទៀត ជាមួយនឹងដំណោះស្រាយរចនាបថនៃការវេចខ្ចប់ និងការអភិវឌ្ឍសម្ភារវេចខ្ចប់ដោយផ្អែកលើគោលការណ៍សេដ្ឋកិច្ចវិលជុំ (Circular Economy) ។ ឧទាហរណ៍មួយ គឺផលិតផល R-1ដែលជាសម្ភារវេចខ្ចប់យឺតអាចបត់បានដែលមានច្រើនស្រទាប់និងផ្ដល់នូវគុណភាពជាប់ធន់បានយូរការការពារគុណភាពរបស់របរដែលផ្ទុកនិងការអាចច្នៃប្រើប្រាស់ឡើងវិញបាន ។ ក្រុមហ៊ុន Dow Thailand Group និង Khao Tra Chat បានធ្វើសហប្រតិបត្តិការជាមួយគ្នាដើម្បីបង្កើតនូវថង់វេចខ្ចប់អាហារដែលមិនប៉ះពាល់បរិស្ថាននិងអាចច្នៃប្រើប្រាស់ ឡើងវិញបាន ១០០% ៕Ph