ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក បានរាយការណ៍នៅលើបណ្តាញសង្គមរបស់លោកថា នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២១ នេះ គ្រាប់ទម្លាក់ពីលើយន្តហោះមួយគ្រាប់ទៀតត្រូវបានគេប្រទះឃើញ ។
លោកបានបន្តថា នេះជាគ្រាប់ទម្លាក់ពីយន្តហោះប្រភេទMK82 ជាសំណល់ពីសង្គ្រាម ។
លោកបានបន្តទៀតថា វាត្រូវបានប្រទះឃើញនៅទីការដ្ឋានស្ថាបនាផ្លូវនិងប្រពន្ធ័លូដោះទឹក នៅទល់មុខ បណ្ណាល័យចន្ទ័សោម សែនមង្គលនៃផ្លូវជាតិ់លេខ៣ ដែលកសាងដោយក្រុមហ៊ុនកូរ៉េ បានកាយប៉ះចំ ។
គ្រាប់នេះត្រូវបានគេដឹងថា គឺជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះដែលមានទំងន់ប្រមាណជា ២២៧ គីឡូក្រាម ។
គ្រាប់នេះជាគ្រាប់ទម្លាក់ពីយន្តហោះទីពីរដែលរកឃើញនៅក្នុងឆ្នាំនេះ ។ កាលពីខែមករា កន្លងទៅ គ្រាប់ប្រភេទM-117 ទម្ងន់៧៥០ផោន ឫប្រមាណ៣៤០គីឡូក្រាម ចំនួន០១គ្រាប់ ត្រូវបានគេរកឃើញនៅភូមិបន្ទាយមានរិទ្ធ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត ក្នុងជម្រៅប្រមាណ៥ម៉ែត្រ៕