ដោយៈយោធិន/ភ្នំពេញៈកងយោធាមួកខៀវកម្ពុជាចំនួន១៨៤នាក់ (នារី២៤នាក់) ក្នុងកងឯកភាពអនុសេនាធំវិស្វកម្មពហុជំនាញលេខ៣៩៦ បាននិវត្តមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពនាពេលរំលងអធ្រាតនៃថ្ងៃទី១ឈានចូលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិដោយជោគជ័យរយៈពេលមួយឆ្នាំក្នុងតំបន់បេសកកម្មនៅសាធារណរដ្ឋលីបង់។
នាយឧត្តមសេនីយ៍សែម សុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងនាយទាហានជាន់ខ្ពស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពជាច្រើនរូបបានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរមកដល់របស់កងយោធាមួកខៀវខាងលើនេះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ជាមួយប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈកម្មាធិការជាតិ នាយឧត្តមសេនីយ៍សែមសុវណ្ណនីអនុប្រធានគណៈកម្មាធិការជាតិ បានក្រើនរំឮកដល់កងយោធាមួកខៀវកម្ពុជាត្រូវយកចិត្តគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីរោគកូវីដ-១៩ សំដៅធានាបានសុខភាពល្អប្រសើរផ្ទាល់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិ។
ជាមួយគ្នានេះដែរកងយោធាមួកខៀវត្រូវបានក្រុមគ្រូពេទ្យប្រចាំមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលធ្វើការយកវត្ថុសំណាកដើម្បីធ្វើតេស្តរោគកូវីដ-១៩ មុនពេលដែលកងយោធាមួកខៀវខាងលើនេះបន្តដំណើរនារាត្រីដដែលនេះតាមក្បួនរថយន្តឆ្ពោះទៅកាន់វិទ្យាស្ថានរក្សាសន្តិភាពឧដុង្គ ជាទីដែលត្រូវស្នាក់អាស្រ័យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕