Home ព័ត៌មានជាតិ សេដ្ឋកិច្ច គ្រោង​កសាង​ស្...

គ្រោង​កសាង​ស្ថានីយ​បូមទឹក​ថ្មី​មួយកន្លែង​ទៀត​នៅ​ទួល​ពង្រ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​កសាង​ស្ថានីយ​បូមទឹក​ថ្មី​មួយកន្លែង​ទៀត​នៅ​ទួល​ពង្រ ដែលមាន​ឈ្មោះថា “​ស្ថានីយ​បូមទឹក​ទួល​ពង្រ​” ជាមួយនិង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាក់លូ​ជ្រុង​ឱ្យបាន​ទំហំ​ទទឹង​៨​ម៉ែត្រ ដើម្បី​រំដោះ​ទឹក​នៅ​តំបន់​ជាយក្រុង​ពិសេស នៅ​ខណ្ឌដង្កោ ខណ្ឌ​កំបូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​គម្រោង​ខាងលើនេះ​បានលើកឡើង នៅក្នុង​អង្គប្រជុំ​ពិភាក្សា​មួយ ដើម្បី​រំដោះ​ទឹក​នៅ​រាជធានី​ភ្នំពេញ ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​៣ និង​មន្ត្រី​ជំនាញ កាលពី​រសៀល​ថ្ងៃទី​០២ កុម្ភៈ​នេះ នៅ​សាលា​រាជធានី ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ ជា​គម្រោង​ដែល​យើង​បាន​សិក្សា​រួច គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងត្រូវ​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​មួយកន្លែង​ទៀត​នៅ​ទួល​ពង្រ​សង្កាត់​ចោមចៅ​ទី​២​ខណ្ឌ​ពោធិ​សែន​ជ័យ ដែលមាន​ឈ្មោះថា ស្ថានីយ​បូមទឹក​ទួល​ពង្រ ជាមួយនិង​ការជីក​ស្តារ​ប្រឡាយ​បង្ហូរទឹក ដាក់លូ​ជ្រុង​ឱ្យបាន​ទំហំ​ទទឹង​៨​ម៉ែត្រ​នៅ​ទីតាំង​ចាំបាច់​។​

​លោក​បន្តថា​៖​ស្ថានីយ​បូមទឹក​ទួល​ពង្រ នេះ​មាន​ម៉ាស៊ីនបូមទឹក ចំនួន​៣​គ្រឿង ដែល​អាច​រំដោះ​ទឹកបាន នៅ​តំបន់​ទួល​ពង្រ ត្រពាំង​ថ្លឹង និង​តំបន់​ជុំវិញ​។ គម្រោង​នេះ​នឹង​បើក​ការដ្ឋាន​នៅ​ចុងខែ​កុម្ភៈ​នេះ ហើយ​គ្រោង​បញ្ចប់​នៅក្នុង​ខែសីហា ឆ្នាំ​២០២១ បើសិន​យើង​មាន​ថវិកា​គ្រប់គ្រាន់​និង​មានការ​ឯកភាព​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ ក្រៅពី​គម្រោង​កសាង​ស្ថានីយ​បូមទឹក​ទួល​ពង្រ ជា​ការងារ​ចំពោះមុខ យើង​ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឱ្យបាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ​ចាប់ពី​បុរី​ជីពម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្របតាម​ផ្លូវជាតិ​លេខ​៣ ទំហំ ៦​ម៉ែត្រ​គុណ​នឹង​២ ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​ផងដែរ​។​

​ក្នុងនោះ​លោក​ឃួ​ង ស្រេង បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ចំពោះ​ការងារ ពាក់ព័ន្ធ​និង​ការងារ​រំដោះ​ទឹក​យើង​ត្រូវតែ​ធ្វើ​ហើយ ទាំង​ការស្តារ​ប្រឡាយ​ឱ្យបាន​ធំ​រហូតដល់​៨​ម៉ែត្រ និង​ការងារ​ស្ថាបនា​ស្ថានីយ​បូមទឹក​ទួល​ពង្រ​ជាដើម​។ អ្វីដែល​សំខាន់​នោះ​គឺ​បញ្ហា​ថវិកា ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​យើង​ត្រូវតែ​ប្រឹងប្រែង ជាមួយនិង​ការគៀងគរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​ម្ចាស់​បុរី​ធំៗ​ឱ្យចូល​រួម ។

​លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ដើម្បីឱ្យ​ការងារ​ខាងលើនេះ​ដំណើរការ​ទៅដោយ​រលូន​និង​លឿន​ទាន់ពេលវេលា​នោះ នៅ​ថ្ងៃ​សៅរ៍​នា​ចុង​សប្តាហ៍​នេះ​លោក​នឹង​អ​ញ្ចឹ​ញ​ចុះទៅពិនិត្យ​ប្រឡាយ​និង​ទីតាំង​ខាងលើ​ដោយផ្ទាល់​តែម្តង ដើម្បី​ជម្រុញ​ការងារ​នេះ​អោយបាន​លឿន​ទាន់​រដូវប្រាំង​ងាយស្រួល​ធ្វើការ ដើម្បី​បញ្ចៀស​នូវ​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ នា​រដូវវស្សា​ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular