Home ព័ត៌មានជាតិ សន្តិសុខ ស្នងការរាជធាន...

ស្នងការរាជធានីភ្នំពេញបញ្ជាឱ្យកម្លាំងសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជនចិន

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញត្រូវពង្រឹងសន្តិសុខ ការពារថែរក្សាសណ្តាប់ធ្នាប់នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម នៅពេលខាងមុខនេះ ដោយធានាឱ្យបានសុខសុវត្ថិភាពគ្រប់គ្រាន់ទាំងអាយុជីវិត និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយរីករាយ។ ក្នុងនោះអនុវត្តវិធានការស្រាវជ្រាវបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ចេញដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងត្រៀមអន្តរាគមន៍ទៅលើបបញ្ហាអគ្គីភ័យដែលនឹងកើតឡើងដោយប្រការណាមួយនោះ។

ការបញ្ជានេះ បានធ្វើឡើងនៅក្នុងពីធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ២១៧រូប ដែលរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ។

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានដាក់បទបញ្ជាចាត់វិធានការទប់ស្កាត់ចំពោះក្មេងទំនើង ដែលដុតផាវ រឺជិះម៉ូតូបង្កសម្លេងលើសកម្រិតរំខានដល់ប្រជាពលរដ្ឋនិងបង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ដោយការអនុវត្តចំពោះក្មេងទំនើងត្រូវធ្វើឱ្យបានម៉ឺងម៉ាត់អនុវត្តឱ្យបានត្រឹម្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោកមិនត្រូវយោគយល់ក្មេងទំនើងបង្កទាំងនោះជាកូនអ្នកមាន អ្នកតូច រឺអ្នកធំណានោះឡើយ។

សូមបញ្ជាក់ថា មន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្តិសរុបចំនួន ២១៧រូប ។ ក្នុងនោះប្រកាសមុខតំណែង ៨៦រូប និងតំឡើងឋានន្តរសក្តិ ១៣១រូប។ ប្រកាសតែងតាំងនិងប្រគល់ភារកិច្ចលោកស្នងការរង០៥រូប ថ្នាក់នាយរងការិយាល័យជំនាញ២៦រូប ថ្នាក់អធិការរង៣១រូប ថ្នាក់នាយផ្នែកការិយាល័យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌចំនួន១៨រូបនិងថ្នាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល០៥រូប និងបានប្រកាសតំឡើងឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក០៥រូប ថ្នាក់វរសេនីយ៍ទោ៤៨រូបនិងថ្នាក់វរសេនីយ៍ត្រី ៧៧រូប៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular