Home ព័ត៌មានសំខាន់ៗ រដ្ឋមន្រ្តីក្...

រដ្ឋមន្រ្តីក្រសួងការពារជាតិនឹងអញ្ជើញជួបក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅរសៀលនេះ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអញ្ជើញចូលរួមក្នុងពិធី សំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា នៅវេលាម៉ោង ២រសៀល ថ្ងៃទី៣ ខែកុម្ភៈ នេះ។ ពិធីសំណេះសំណាលនេះក៏មានការចូលរួមពីលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ។

បន្ទាប់ពីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួច សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកអគ្គរដ្ឋទូតចិន ក៏នឹងអញ្ជើញពិនិត្យឧបករណ៍សម្ភារៈមធ្យោបាយផ្សេងៗសម្រាប់ទុកដាក់ប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា ក្រុមវេជ្ជបណ្ឌិតចិន មកឧទ្ទេសនាមបង្ហាញអំពីការប្រើប្រាស់វ៉ាក់សាំង ការទុកដាក់វ៉ាក់សាំង និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅពេលខាងមុខនេះ ដល់ក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា។ ដោយសម្តេចបានលើកឡើងថា រឿងវ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺជារឿងថ្មីចំពោះកម្ពុជា បើទោះបីជាយើងមានពេទ្យក៏ដោយ ដូច្នេះជាការចាំបាច់ណាស់ត្រូវតែមានការឧទ្ទេសនាមពីក្រុមវេជ្ជបណ្ឌិតចិន ដើម្បីក្រុមគ្រូពេទ្យកម្ពុជាប្រើប្រាស់ចំទិសដៅ និងមានប្រសិទ្ធភាព។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “ក្រុមវេជ្ជបណ្ឌិតចិនដែលមកឧទ្ទេសនាមមានចំនួន ៤នាក់ ដែលមានជំនាញខាងប្រើប្រាស់វ៉ាក់សាំង និងការទុកដាក់ ការដឹកជញ្ជូន និងការថែរក្សាជាដើម គឺគេមកឧទ្ទេសនាមដល់ក្រុមគ្រូពេទ្យរបស់យើងដែលមានចំនួនច្រើន”។

ទាក់ទងវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនកាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ថា វ៉ាក់សាំង ដែលកម្ពុជានឹងទទួលបានប្រមាណ ២០លានដូស។ ក្នុងនោះទទួលបានជំនួយពីចិន ១លានដូស ដែលនឹងមកដល់ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស ទទួលពីកូវ៉ាក់ ដែលជារបស់អង្គការសុខភាពពិភពលោក ៧លានដូស និងទិញតាមកូវ៉ាក់១លានដូស ព្រមទាំងទទួលបានតាមរយៈជំនួយពីអូស្ត្រាលីខ្ទង់៣លានដូស។ ក្រៅពីនោះកម្ពុជាពិចារណាទិញពីប្រទេសអង់គ្លេសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ទៀតថា បើវ៉ាក់សាំងមួយដូសតម្លៃចន្លោះពី ៤ ទៅ ៥ដុល្លារ គឺព្រះរាជអំណោយព្រះមហាក្សត្រ និងមហាក្សត្រី ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរជាង ៥៧លានដុល្លារ គឺគ្រប់គ្រាន់ហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថាថា ព្រះរាជកាយវិការ និងកាយវិការទាំងនេះ បង្ហាញពីស្មារតីនៃសាមគ្គីភាពនៅក្នុងសង្គមកម្ពុជា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular